ព្រឹត្តិការណ៍សមរាត្រីនៅអង្គរនឹងមានរវាងពីថ្ងៃទី២០ដល់២២កញ្ញា
អត្ថបទដោយ៖
Kien Sereyvuth
ព្រឹត្តិការណ៍ព្រះអាទិត្យរះចំកណ្ដាលកំពូលប្រាសាទអង្គរវត្ត ឬសមរាត្រីនឹងកើតឡើងទៀតហើយ នៅចន្លោះថ្ងៃ ទី២០ ដល់ថ្ងៃទី២២ខែកញ្ញានេះ។ ជារៀងរាល់ឆ្នាំ សមរាត្រី (Equinox) តែងតែកើតមាន២ដង គឺនៅរដូវប្រាំង ដែលតែងកើតមាន នៅខែមីនា និងសមរាត្រីរដូវវស្សា តែងកើតទ្បើងនៅខែកញ្ញា។ សមរាត្រីគឺជាវេលាដែល ថ្ងៃនិងយប់មានរយៈពេលស្មើគ្នា។ ដោយឡែកក្នុងករណីពិសេសនៃសមរាត្រីនៅប្រាសាទអង្គរវត្ត ដែលវេលាថ្ងៃ និងយប់មានរយៈពេលស្មើគ្នានេះ ព្រះអាទិត្យតែងតែរះទ្បើងចំកំពូលកណ្តាលនៃអង្គរវត្តនាព្រឹកព្រលឹមស្រាងៗ។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ ព្រឹត្តិការណ៍សមរាត្រីនៅប្រាសាទអង្គរ នឹងរំពឹងកើតមាន រវាងពីថ្ងៃទី២០ដល់ថ្ងៃទី២២ ខែកញ្ញានេះ ដែលពេលនោះព្រះអាទិត្យនឹងរះទ្បើងចំកំពូលកណ្តាល ដែលអ្នកទស្ស នា អាចមើលឃើញពីក្លោងទ្វារកណ្តាលនៃគុកតារាជ ក្លោងទ្វារធំខាងលិច ចាប់ម៉ោង៥ ទាបភ្លឺ ដល់ម៉ោងប្រ មាណ៧ព្រឹក។