ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិស្វែងរកការបំភ្លឺ ជុំវិញការចាប់ឃុំខ្លួនអគ្គនាយករោងចក្រនុយក្លេអ៊ែរ ហ្សាប៉ូរីសហ្ស៊ីយ៉ា

បរទេស៖ ប្រធានទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) លោក Rafael Mariano Grossi ថ្លែងថា លោកកំពុងទាក់ទងជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីស្វែងរកការបំភ្លឺយ៉ាងសកម្ម ពាក់ព័ន្ធនឹងការចាប់ខ្លួនអគ្គនាយករោងចក្រថាមពលនុយក្លេអ៊ែរហ្សាប៉ូរីសហ្ស៊ីយ៉ា លោក Ihor Murashov។

បើតាមសេចក្តីថ្លែងការណ៍ផ្លូវការណ៍របស់ IAEA លោក Grossi បាននិយាយថា គាត់រំពឹងថា នឹងមានដំណោះស្រាយរហ័ស និងពេញចិត្តនៃបញ្ហានេះ ដែលមានផលប៉ះពាល់យ៉ាងសំខាន់ទៅលើយ៉ាងហោចណាស់សសរស្តម្ភចំនួនពីរ ក្នុងចំណោមសសរស្តម្ភទាំងប្រាំពីរដែលមិនអាចខ្វះបាន នៃសុវត្ថិភាព និងសន្តិសុខនុយក្លេអ៊ែរ ដែលបានគូសបញ្ជាក់នៅដើមជម្លោះនៅអ៊ុយក្រែន។

លោក Grossi បានព្រមានថា ការចាប់ឃុំខ្លួនលោក Murashov មានផលប៉ះពាល់ភ្លាមៗ និងធ្ងន់ធ្ងរទៅលើការសម្រេចចិត្ត ដើម្បីធានាសុវត្ថិភាពរបស់រោងចក្រ ដោយសារគាត់ទទួលបន្ទុកក្នុងការធានាថា រាល់នីតិវិធីត្រូវបានអនុវត្ត និងធ្វើឱ្យសកម្មការឆ្លើយតបទៅនឹងភាពអាសន្ននុយក្លេអ៊ែរណាមួយ។ ទន្ទឹមគ្នា លោក Grossi ក៏បានសម្តែងក្តីសង្ឃឹមថា លោក Murashov នឹងត្រូវដោះលែងត្រឡប់ទៅកាន់គ្រួសាររបស់គាត់វិញដោយសុវត្ថិភាព និងឆាប់រហ័ស ហើយអាចបន្តភារកិច្ចសំខាន់ៗរបស់គាត់នៅរោងចក្រ។

អ្នកជំនាញរបស់ IAEA ដែលមានវត្តមាននៅរោងចក្រ ប៉ូរីសហ្ស៊ីយ៉ា កាលពីថ្ងៃសៅរ៍សប្តាហ៍មុន បានរាយការណ៍ពីករណីផ្ទុះជាច្រើននៅក្នុងតំបន់ជុំវិញរោងចក្រនេះ ដូចករណីមុនៗដែលបានកត់ត្រាក្នុងសប្តាហ៍កន្លងទៅ ដែលគេជឿជាក់ថា បណ្តាលមកពីគ្រាប់មីន។ លោក Grossi បាននិយាយថា គាត់កំពុងបន្តការខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីបង្កើតតំបន់សុវត្ថិភាពនុយក្លេអ៊ែរ និងសន្តិសុខជុំវិញរោងចក្រ ប៉ូរីសហ្ស៊ីយ៉ា ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ខណៈគាត់ត្រូវបានគេរំពឹងថា នឹងធ្វើដំណើរទៅកាន់អ៊ុយក្រែន និងរុស្ស៊ីក្នុងសប្តាហ៍នេះ៕

ប្រភព៖ News 360 ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner