មន្រ្តីជាន់ខ្ពស់ ណាតូព្រមានថា ថ្វីត្បិតតែរុស្ស៊ីចុះខ្សោយកម្លាំង ប៉ុន្តែនៅតែមានគ្រោះថ្នាក់
ព្រុចសែល៖ មន្ត្រីជាន់ខ្ពស់អង្គការណាតូមួយរូបបានព្រមានថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងកងកម្លាំងប្រដាប់អាវុធរុស្ស៊ី មិនគួរត្រូវបានមើលស្រាលឡើយ បើទោះបីជាពួកគេបរាជ័យក្នុងប្រទេសអ៊ុយក្រែនក៏ដោយ។
អគ្គលេខាធិការរងអង្គការណាតូ លោក Mircea Geoana បានបង្ហាញខ្លួនតាមខ្សែអាតិ៍វីដេអូមួយនៅឯវេទិកាសន្តិសុខទីក្រុង Helsinki ដោយបានប្រាប់អ្នកចូលរួមថា សម្ព័ន្ធមិត្តណាតូ និងសហភាពអឺរ៉ុបកំពុងប្រឈមមុខនឹងរដូវរងាដ៏លំបាក ដោយសារអតិផរណា, វិបត្តិតម្លៃរស់នៅ និងកង្វះថាមពល។
លោក Geoana បាននិយាយយ៉ាងដូច្នេះថា សង្គ្រាមរបស់រុស្ស៊ីបានគូសបញ្ជាក់ ថាតើការរារាំង និងការការពារមានសារៈសំខាន់យ៉ាងណា។ រុស្ស៊ីចុះខ្សោយ ប៉ុន្តែនៅតែមានគ្រោះថ្នាក់។ ហើយយើងមិនអាចបោះបង់ចោលការព្យាយាមរបស់យើងបានទេ។ យើងមិនអាចសន្មត់ថា រុស្ស៊ីនឹងមិនវាយប្រហារប្រទេសណាមួយផ្សេងទៀតនោះទេ។
ជាមួយគ្នានេះ លោក Geoana បានសរសើរហ្វាំងឡង់ និងស៊ុយអែត ក្នុងការសម្រេចចិត្តចូលជាសមាជិកអង្គការ ណាតូ(NATO )ដោយលើកឡើងថា ការដាក់បន្ថែមប្រទេសទាំងពីរ នឹងផ្លាស់ប្តូរបរិយាកាសយុទ្ធសាស្ត្រនៃតំបន់ ក៏ដូចជាធ្វើឱ្យសម្ព័ន្ធមិត្តទាំងអស់ អាចឆ្លើយតបបានកាន់តែប្រសើរឡើង ចំពោះការឈ្លានពានរបស់រុស្ស៊ី៕
ប្រភព៖ Newsweek ប្រែសម្រួល៖ ទីណា និងបុត្រា

