តួកគីគំរាមមិនផ្តល់សច្ចាប័នដល់ស៊ុយអែត និងហ្វាំងឡង់ ក្នុងការចូលជាសមាជិកអង្គការណាតូជាថ្មីម្តងទៀត
អង់ការ៉ា៖ ប្រធានាធិបតីតួកគី លោក តាយយីប អឺដូហ្គាន់ នៅថ្ងៃសៅរ៍ទី០១ ខែតុលាថ្លែងថា ប្រទេសរបស់លោកនឹងមិនផ្តល់សច្ចាប័នដល់ស៊ុយអែត និងហ្វាំងឡង់ចូលជាសមាជិករបស់អង្គការណាតូនោះឡើយ រហូតដល់ប្រទេស Nordic ទាំងពីរ រក្សាការសន្យាដែលពួកគេបានធ្វើជាមួយទីក្រុងអង់ការ៉ា។
ក្នុងអំឡុងការថ្លែងសុន្ទរកថានៅក្នុងសភាតួកគី លោក អឺដូហ្គាន់ បានបញ្ជាក់ថា រដ្ឋាភិបាលរបស់លោកកំពុងត្រួតពិនិត្យយ៉ាងដិតដល់ ថាតើការសន្យាទាំងនេះត្រូវបានរក្សាទុកឬអត់ ហើយអះអាងថា ការសម្រេចចិត្តចុងក្រោយ នឹងអាស្រ័យលើសភាតែមួយ។ នេះបើយោងតាមទូរទស្សន៍សាធារណៈតួកគី TRT ។
តួកគីបានចោទប្រកាន់ប្រទេស Nordic ទាំងពីរថា បានគាំទ្រក្រុមប្រដាប់អាវុធឃឺដ និងអង្គការរបស់បព្វជិត Fethullah Gülen ដែលប្រទេសនេះចាត់ទុកថា ជាក្រុមភេរវករ។ សម្រាប់ស៊ុយអែត និងហ្វាំងឡង់ក្នុងការចូលរួមជាមួយអង្គការណាតូ ពាក្យសុំរបស់ពួកគេត្រូវតែមានការផ្តល់សច្ចាប័នដោយសមាជិកណាតូទាំង ៣០ ដែលក្នុងនោះ ២៨ បានធ្វើរួចហើយ ខណៈដែលការបោះឆ្នោតនៅតែរង់ចាំនៅក្នុងសភានៃប្រទេសតួកគី និងហុងគ្រី៕
ប្រភព៖ News 360 ប្រែសម្រួល៖ ទីណា និងបុត្រា
