៥ប្រទេសគ្រោងធ្វើធម្មយាត្រាដើម្បីព្រះធម៌និងសន្តិភាព
កម្ពុជាគ្រោងនិងចូលរួមធ្វើធម្មយាត្រាឆ្លងកាត់៥ប្រទេស ដើម្បីព្រះធម៌ និងមិត្តភាព ដែលនឹងប្រព្រឹត្តទៅនាខែ តុលាខាងមុខ នេះ។ គម្រោងនេះបានថ្លែងក្នុងសន្និសីទកាសែតមួយ ដែលធ្វើឡើងក្រោមអធិបតីភាព រដ្ឋមន្រ្តី ក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩នេះ។ គម្រោង «ធម្មយាត្រានៃដែនដីទាំង៥ តាម គន្លងធម៌ព្រះអរិយសង្ឈនៃតំបន់ទន្លេមេគង្គ» ផ្តួចផ្តើមរៀបចំដោយ វិទ្យាស្ថាន ពោធិខាយ៉ាឆាល័យ៩៨០ នៃ ប្រទេសថៃ ដោយមានកិច្ចសហការពីពុទ្ធសាសនិកនៅតាមប្រទេសនីមួយៗដូច ជាប្រទេសមីយ៉ាន់ម៉ា, ឡាវ, វៀតណាមនិងកម្ពុជា។ ធម្មយាត្រាចម្ងាយជាង២ពាន់ គីឡូម៉ែត្រនេះ នឹងចាប់ផ្តើម ចេញពីប្រទេសថៃនៅថ្ងៃទី១៤តុលា និងបញ្ចប់ក្នុងក្រុងអង្គរខេត្តសៀមរាបនៃប្រទេសកម្ពុជានៅថ្ងៃទី៣១តុលា។
រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា លោក ខៀវ កាញារីទ្ធ បានកោតសរសើរសម្រាប់ការរៀបចំគម្រោង «ធម្មយាត្រានៃ ដែនដីទាំង៥ តាមគន្លងធម៌ព្រះអរិយសង្ឈនៃតំបន់ទន្លេមេគង្គ» និងលោកបានចាត់ទុកថា នេះជាពិធីមួយដ៏ល្អ បំផុត ដែលបានរួមចំណែកលើកស្ទួយទំនាក់ទំនង រវាងប្រទេសស្ថិតនៅក្នុងតំបន់ទន្លេមេគង្គទាំង៥នេះ។