សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែនអបអរខួបលើកទី៧០ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន
សម្តេចនាយករដ្ឋមន្ត្រី បានមានប្រសាសន៍សម្តែងក្តីអបអរចំពោះរដ្ឋាភិបាលក្រុងប៉េកាំងដែលត្រៀមនឹង ប្រារព្ធ ខួបលើកទី៧០នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។ គួររំលឹកថានៅថ្ងៃទី១តុលាឆ្នាំ១៩៤៩ អតីតមេដឹកនាំ បក្សកុម្មុយនីស្តចិន លោកប្រធានម៉ៅសេទុង បានប្រកាសការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។ ការប្រកាស នោះ គឺជាការបង្ហាញនូវការបញ្ចប់សង្គ្រាមស៊ីវិលក្នុងស្រុករវាងគណបក្សកុម្មុយនីស្តចិន ជាមួយនឹងគណបក្ស ជាតិនិយម កួមីងតាង។ សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែន បានផ្តល់កិច្ចសម្ភាសន៍មួយកាលពីថ្ងៃទី៩កញ្ញាចំពោះ បណ្តាញសារព័ត៌មានចិនដែលបានសាកសួរសម្តេចជុំវិញទស្សនៈយល់ឃើញរបស់នាយករដ្ឋមន្ត្រីកម្ពុជាជុំវិញ ការត្រៀមប្រារព្ធខួបលើកទី៧០ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិននិងសមិទ្ធផលរយៈពេល៧០ឆ្នាំ មក ទល់ពេលនេះ
ប្រធានាធិបតីបច្ចុប្បន្នដែលកំពុងដឹកនាំសាធារណរដ្ឋប្រជាមានិតចិន គឺលោកស៊ី ជីនពីងដែលមានអាយុ៦៦ឆ្នាំ ។ លោកស៊ីជីនពីង បានឡើងកាន់តំណែងជាប្រធានាធិបតីនៅក្នុងឆ្នាំ២០១៣។ លោកប្រធានាធិបតីស៊ីជីនពីង គឺជាមេដឹកនាំចិនដែលបានដាក់ចេញនូវគំនិតផ្តួចផ្តើមផ្លូវមួយ ខ្សែក្រវាត់មួយ One Road, One Belt ដែលជា ខ្សែយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចពាក់ព័ន្ធនឹងគម្រោងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការវិនិយោគនៅក្នុង ប្រទេសចំនួន ១៥២ និងអង្គការអន្តរជាតិជាច្រើននៅទ្វីបអឺរ៉ុប, អាស៊ី, អាស៊ីបូព៌ា, អាមេរិកឡាទីន និងអាហ្រ្វិក។ កម្ពុជាក៏ជាប្រទេសមួយដែលស្ថិតក្នុងរបត់ផ្លូវមួយ ខ្សែក្រវាត់មួយរបស់សាធារណរដ្ឋប្រជាមានិតចិននេះផង ដែរ ដែលរបត់សេដ្ឋកិច្ចនេះ បាននិងកំពុងជួយកម្ពុជាក្នុងការអភិវឌ្ឍន៍ប្រទេសក្នុងសន្ទុះលឿនទៅមុខ។