៦ខែដើមឆ្នាំនេះទំហំពាណិជ្ជកម្មកម្ពុជានិងអង់គ្លេសមាន៤៦៥លានដុល្លារ

អត្ថបទដោយ៖
Kien Sereyvuth

ទំហំពាណិជ្ជកម្មរវាងកម្ពុជានិងអង់គ្លេសមានទំហំ៤៦៥លានដុល្លារក្នុងរយៈពេល៦ខែដើមឆ្នាំ២០១៩នេះ។ យោងតាមអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា លោក ស៊ាង ថៃ នៅឆមាសទី១ ឆ្នាំ២០១៩នេះ កម្ពុជាបាន នាំចេញទៅអង់គ្លេសចំនួន៤៥០លានដុល្លារ ចំណែកអង់គ្លេសបាននាំចូលមកម្ពុជាមានចំនួន១៥លានដុល្លារ។
យោងតាមមន្ត្រីពាណិជ្ជកម្មកម្ពុជា កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងកម្ពុជានិងចក្រភពអង់គ្លេស មានសន្ទុះ រីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ។
កាលពីឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មនៃប្រទេសទាំង២ មានចំនួន១ពាន់៨៣លានដុល្លារ ក្នុងនោះកម្ពុជានាំទៅអង់ គ្លេសមានចំនួន១ពាន់១៨លានដុល្លារ ចំណែកអង់គ្លេសនាំមកកម្ពុជា មានតែ៦៥លានដុល្លារ។ នៅឆ្នាំ២០១៧ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំង២ មានទឹកប្រាក់១ពាន់ ៤៤លានដុល្លារ ក្នុងនោះកម្ពុជានាំទៅអង់គ្លេសចំនួន ១ពាន់១៤លានដុល្លារ ចំណែកអង់គ្លេសនាំមកកម្ពុជា ចំនួន៣០លានដុល្លារ។
ទំនិញដែលកម្ពុជានាំចេញទៅអង់គ្លេសរួមមាន សម្លៀកបំពាក់ ស្បែកជើង កង់ជិះ អង្ករ និងផលិតកសិកម្មផ្សេង ទៀត។ ក្នុងជំនួបជាមួយឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី១៧ ខែ កញ្ញា ឆ្នាំ២០១៩ រដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការអាស៊ី និងប៉ាស៊ីហ្វិក នៃក្រសួង ការបរទេសចក្រភពអង់គ្លេស លោកស្រី Heather Wheeler បានប្រកាសជំហរថា អង់គ្លេសនឹងនៅតែបន្តផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ ដល់ប្រទេស កម្ពុជា បើទោះបីជាអង់គ្លេសចាកចេញពីសហភាពអឺរ៉ុបជាផ្លូវការក៏ដោយ។ ការផ្តល់ប្រព័ន្ធនុគ្រោះពន្ធពីប្រទេស មហាអំណាចអង់គ្លេស ត្រូវគេពណ៌នាថាបានរួមចំណែកជួយអភិវឌ្ឍន៍កម្ពុជា ហើយកម្ពុជានឹងទទួលបានផលប្រយោជន៍បន្ថែមទៀតកាន់តែច្រើនឡើង។ ចក្រភពអង់គ្លេស គឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់ផងដែរ សម្រាប់កម្ពុជាក្នុងតំបន់អឺរ៉ុប។ អង់គ្លេសគឺជាទីផ្សារទី៣ ក្នុងតំបន់អឺរ៉ុបដែលទិញអង្ករពីកម្ពុជាច្រើនជាងគេ៕

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner