សម្តេចក្រឡាហោមចេញសារបំភ្លឺ និងការប្តេជ្ញាប្រឆាំងចលនាបំបែកបំបាក់ជាតិ
សម្តេចក្រឡាហោម ស ខេង បានចេញសារលិខិតមួយបញ្ជាក់ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការវាយបំបាក់ ក្រុមធ្វើចលនាបដិវត្តពណ៌ដែលចង់ទាញប្រទេសជាតិកម្ពុជាឲ្យធ្លាក់ចូលក្នុងអំពើចលាចលនិងសង្គ្រាមសាជាថ្មី។ សម្តេចក្រឡាហោម ស ខេង ដែលជាឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងបញ្ជាក់ការប្តេជ្ញា ចិត្តនេះ តាមរយៈសំណេរក្នុងហ្វេសប៊ុកថ្ងៃទី១៨កញ្ញាជាមួយការតាំងចិត្តថា« សកម្មភាពទាំងឡាយណាដែលប៉ុនប៉ងបំផ្លាញសុខសន្តិភាព ស្ថេរភាពនយោបាយ បំផុសឲ្យមានអំពើហិង្សា ចលនាបំបែកបំបាក់ផ្ទៃក្នុងជាតិ ឈានទៅផ្ដួលរំលំរាជរដ្ឋាភិបាល គឺអាជ្ញាធរមាន សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវមានវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត»។ សាររបស់សម្តេចក្រឡាហោមសខេងថ្ងៃទី១៨កញ្ញា នេះ ត្រូវបានគេពណ៌នាថាគឺជាការបកស្រាយ បញ្ជាក់ប្រាប់ទៅក្រុមជ្រុលនិយមខ្លះ ដែលបានប្រើប្រាស់សារសម្លេងរបស់សម្តេចផ្ញើទៅកាន់អភិបាលខេត្តនិង រាជធានីនៅទូទាំងប្រទេសដើម្បីការគ្រប់គ្រងសភាពការណ៍សន្តិសុខនិងសណ្តាប់ធ្នាប់សាធារណៈក្នុងឳកាស ដែលពលរដ្ឋខ្មែរទូទាំងប្រទេស កំពុងប្រារព្ធពិធីកាន់បិណ្ឌនិងបុណ្យភ្ជុំបិណ្ឌ។
សម្តេចក្រឡាហោម ស ខេង បានថ្លែងក្នុងហ្វេសប៊ុកបង្ហាញការខកចិត្តថា ប៉ុន្តែសារជាសម្លេងរបស់សម្តេចនោះ បែរជាត្រូវបានបុគ្គលនិងសារព័ត៌មានមួយចំនួនដែលមាននិន្នាការប្រឆាំងបានយកទៅធ្វើអាជីវកម្មបកស្រាយ បំផ្លើសនិងមួលបង្កាច់ក្នុងន័យថាសម្តេចក្រឡាហោម បានរារាំងឬគៀបសង្កត់ប្រជាពលរដ្ឋក្នុងការធ្វើបុណ្យទៅ តាមប្រពៃណីព្រះពុទ្ធសាសនាទៅវិញ។ សម្តេចក្រឡាហោមសខេង បានថ្លែងចាត់ទុក ការបកស្រាយបំផ្លើស ទាំងនោះ គឺជាចេតនាអាក្រក់ដែលសម្តេចមិនអាចទទួលយកបានឡើយ។ សម្តេចក្រឡា ហោម ស ខេង បាន ថ្លែងថាក្នុងនាមសម្តេចជាអ្នកទទួលខុសត្រូវផ្នែកសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈសម្រាប់ប្រទេសជាតិ សម្តេច មានសិទ្ធិនិងកាតព្វកិច្ចតាមផ្លូវច្បាប់ក្នុងការដាក់ចេញបទបញ្ជាដើម្បីថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សម្រាប់គ្រប់ព្រឹត្តិការណ៍នានា។ សម្តេចមានសិទ្ធិចេញបញ្ជាមន្ត្រីក្រោមឱវាទ ក្នុងការគ្រប់គ្រងសភាពការណ៍ ហើយសកម្មភាពទាំងឡាយណាដែលប៉ុនប៉ងបំផ្លាញសុខសន្តិភាព ស្ថេរភាពនយោបាយ បំផុសឲ្យមានអំពើហិង្សា ចលនាបំបែកបំបាក់ផ្ទៃក្នុងជាតិ ឈានទៅផ្ដួលរំលំរាជរដ្ឋាភិបាល អាជ្ញាធរសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ត្រូវមានវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត។