ទាហានអាមេរិក និងហ្វីលីពីន២.៥០០នាក់ ធ្វើសមយុទ្ធប្រយុទ្ធរួម ដើម្បីទប់ទល់នឹងវិបត្តិក្នុងតំបន់

ហ្វីលីពីន៖ កងម៉ារីនអាមេរិក និងហ្វីលីពីនជាង ២ ៥០០ នាក់ ចាប់ផ្ដើមធ្វើសមយុទ្ធប្រយុទ្ធរួមគ្នានៅថ្ងៃចន្ទទី៣ ខែតុលាឆ្នាំ២០២២នេះដើម្បីឱ្យពួកគេអាចឆ្លើយតបទៅនឹងវិបត្តិភ្លាមៗណាមួយនៅក្នុងតំបន់មួយ ខណៈភាពតានតឹងនៅចក្រសមុទ្រតៃវ៉ាន់ និងជម្លោះលើដែនសមុទ្រចិនខាងត្បូង បន្តអូសបន្លាយ។

មន្ត្រីយោធាអាមេរិក និងហ្វីលីពីន បាននិយាយថា សមយុទ្ធឈ្មោះ Kamandag ឬកិច្ចសហប្រតិបត្តិការនៃអ្នកចម្បាំងសមុទ្រ» មានការចូលរួមពីទាហានម៉ារីនអាមេរិកចំនួន ១ ៩០០ នាក់ និងហ្វីលីពីនជាង ៦០០ នាក់ដែលនឹងផ្ដោតសំខាន់លើការវាយលុក និងប្រតិបត្តិការពិសេស។

មន្រ្តីយោធានៃប្រទេសទាំងពីរបន្តទៀតថា ប្រព័ន្ធបាញ់មីស៊ីលទំនើប HIMARS និងយន្តហោះចម្បាំងលឿនជាងសំឡេងរបស់អាមេរិក ក៏ត្រូវប្រើក្នុងសមយុទ្ធបាញ់គ្រាប់ពិត ដែលនឹងបញ្ចប់នៅពាក់កណ្ដាលខែតុលានេះផងដែរ។

សមយុទ្ធ Kamandag នឹងត្រូវធ្វើឡើងនៅលើផ្ទៃសមុទ្រនៃភាគខាងលិចខេត្ត Palawan ដែលទល់នឹងសមុទ្រចិនខាងត្បូង និងនៅភាគខាងជើងក្នុងច្រកសមុទ្រ Luzon ចន្លោះកោះតៃវ៉ាន់ និងហ្វីលីពីន។

មន្ត្រីយោធាអាមេរិកនិយាយថា សមយុទ្ធយោធានៅហ្វីលីពីននាពេលនេះ ធ្វើឡើងក្នុងពេលដំណាលគ្នាជាមួយនឹងសមយុទ្ធប្រយុទ្ធរវាងកងម៉ារីនអាមេរិក និងកងកម្លាំងការពារស្វ័យការពាររបស់កងទ័ពជប៉ុននៅលើកោះហុកកៃដូភាគខាងជើងរបស់ប្រទេសជប៉ុន ដែលការចូលរួមពីយោធាប្រហែល ៣ ០០០ នាក់។

លោកឧត្តមសេនីយទោ Jay Bargeron នៃកងម៉ារីនអាមេរិកទី ៣ ដែលមានមូលដ្ឋាននៅជប៉ុន អះអាងថា សមយុទ្ធក្នុងពេលដំណាលគ្នានេះ មានគោលបំណងពង្រឹងសមត្ថភាពការពារនៃសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកជាមួយហ្វីលីពីន និងជប៉ុន តាមរយៈការបណ្តុះបណ្តាលរួមបញ្ចូលគ្នាជាក់ស្តែង។

លោកបន្តថា៖ «សមយុទ្ធទាំងនេះ នឹងអនុញ្ញាតឱ្យកងកម្លាំងរបស់យើងពង្រឹងអន្តរប្រតិបត្តិការ និងការត្រៀមខ្លួន ដើម្បីធានាថាយើងត្រៀមខ្លួនដើម្បីឆ្លើយតបយ៉ាងឆាប់រហ័ស ចំពោះវិបត្តិនៅទូទាំងឥណ្ឌូប៉ាស៊ីហ្វិក។ រួមគ្នា យើងអាចរារាំងសត្រូវ កុំឱ្យសាកល្បងនឹងសមត្ថភាព ឬទំនាក់ទំនងរបស់យើង»។

គួរបញ្ជាក់ថា កាលពីខែកក្កដា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានអំពាវនាវឱ្យបចិន គោរពតាមសេចក្តីសម្រេចអាជ្ញាកណ្តាលឆ្នាំ ២០១៦ ដែលធ្វើឱ្យការទាមទារដែនទឹកដ៏ធំរបស់ទីក្រុងប៉េកាំងនៅក្នុងសមុទ្រចិនខាងត្បូងគ្មានសុពលភាព ហើយព្រមានថា ទីក្រុងវ៉ាស៊ីនតោន មានកាតព្វកិច្ចការពារប្រទេសហ្វីលីពីន ក្រោមសន្ធិសញ្ញាការពារគ្នាទៅវិញទៅមកឆ្នាំ ១៩៥១ ប្រសិនបើកងកម្លាំង នាវា ឬយន្តហោះរបស់ហ្វីលីពីន ស្ថិតក្រោមការវាយប្រហារនៅក្នុងដែនទឹកជម្លោះ។

ទោះបីជាយ៉ាងនេះក្ដី ក្រៅពីចិន និងហ្វីលីពីន វៀតណាម ម៉ាឡេស៊ី តៃវ៉ាន់ និងប្រ៊ុយណេ មានការទាមទារកន្លែងជាមួយគ្នាក្នុងផ្លូវទឹកដ៏មមាញឹក ដែលទំនិញប្រមាណ ៥ ទ្រីលានដុល្លារឆ្លងកាត់ជារៀងរាល់ឆ្នាំ និងសម្បូរទៅដោយកំណប់ឧស្ម័នធម្មជាតិ និងប្រេងក្រោមបាតសមុទ្រ៕ ដោយ៖ ហួន ឌីណា

ads banner