រដ្ឋមន្ត្រីឌីជីថលជប៉ុន ត្រៀមបង្កើនល្បឿននៃសេវាអនឡាញឆ្ពោះទៅក្លាយជារដ្ឋាភិបាលឌីជីថល
ជប៉ុន៖ រដ្ឋមន្ត្រីឌីជីថលជប៉ុនត្រៀមខ្លួនជាស្រេច ដើម្បីអនុវត្តវិធីសាស្រ្តដ៏តឹងតែង ក្នុងគោលដៅបង្កើនល្បឿននៃការប្រើប្រាស់សេវាអនឡាញ ខណៈប្រទេសនេះ មានភាពយឺតយ៉ាវក្នុងការប្រើប្រាស់សេវាទាំងនេះ នៅតាមការិយាល័យរដ្ឋាភិបាល និងកន្លែងធ្វើការឯកជន។
លោក តារ៉ូ កូណូ(Taro Kono) ដែលជាអ្នកនយោបាយទម្ងន់ធ្ងន់ និងធ្លាប់ធ្វើជារដ្ឋមន្ត្រីក្រសួងការពារជាតិ និងកិច្ចការបរទេស បានប្រកាសសង្គ្រាមប្រឆាំងនឹងការប្រើម៉ាស៊ីនទូរសារចាស់ៗ និងបច្ចេកវិទ្យា ដែលគេលែងប្រើ ប៉ុន្តែនៅតែបន្តវត្តមានក្នុងប្រទេសសេដ្ឋកិច្ចធំទីបីរបស់ពិភពលោក។ ថ្លែងប្រាប់ក្រុមអ្នកកាសែតក្នុងសន្និសីទ្ធអនឡាញ លោក Taro Kono ថា “ខ្ញុំគ្មានគម្រោងធ្វើជាអ្នកសម្របសម្រួលទេ បើមានអ្នកមានបញ្ហា ខ្ញុំរុញបន្ថែម។”
លោកបន្តថា “ជំងឺរាតត្បាតសកលកូវីដ១៩ បានបង្ខំមនុស្សគ្រប់គ្នាឱ្យទទួលស្គាល់ថាប្រទេសជប៉ុនមានភាពយឺតយ៉ាវលើផ្នែកឌីជីថលនីយកម្ម។” លោកបញ្ជាក់ថា“វាបានបង្ហាញឲ្យកាន់តែច្បាស់ដូចកញ្ចក់ថា បើធៀបនឹងប្រទេសផ្សេងទៀត គឺជប៉ុនមានការពិបាកក្នុងធ្វើអាជីវកម្ម និងធ្វើកិច្ចការប្រចាំថ្ងៃ។”
ប្រទេសជប៉ុន ជារឿយៗ ត្រូវបានគេចាត់ទុកថាជាប្រទេស ដែលមានបច្ចេកវិទ្យាខ្ពស់ជាងប្រទេសផ្សេងទៀត ប៉ុន្តែជាក់ស្តែងនៅក្នុងប្រទេសនេះ អាជីវកម្ម និងគ្រួសារមួយចំនួននៅតែបន្តប្រើម៉ាស៊ីនទូរសារជំនាន់មុនអមជាមួយកម្មវិធីអ៊ីមែល និងកម្មវិធីផ្ញើសារបច្ចុប្បន្ន។
Floppy Disk ឬ CD-ROMs ដែលមនុស្សភាគច្រើនលែងសូវឃើញមានទៅហើយនោះ វានៅតែត្រូវបានប្រើសម្រាប់ផ្ទុកឯកសារផ្លូវការ ហើយច្បាប់ជប៉ុនតម្រូវឲ្យប្រើប្រាស់វាទៀតផង។
លោក កូណូបានថ្លែងថា ក្នុងអំឡុងពេលកូវីដ១៩កន្លងទៅ លោកបានមើលឃើញ ប្រទេសនានា ប្រែក្លាយ
រដ្ឋាភិបាលរបស់ពួកគេទៅជាឌីជីថល។ លោកបញ្ជាក់ “រហូតមកដល់ពេលនេះ យើងមិនទាន់ដើរដល់ចំណុចនេះនៅឡើយទេ។” លោកបានស្តីបន្ទោសលើវប្បធម៌ ដែលមិនលើកទឹកចិត្តឲ្យមនុស្សហ៊ានផ្លាស់ប្តូរនៅកន្លែងធ្វើការ ដោយបញ្ជាក់ថាបញ្ហានេះ បាននាំឲ្យមនុស្ស ធ្វើពុតមិនឃើញនូវបញ្ហា។
លោកកូណូកត់សម្គាល់ថា”យើងត្រូវតែកសាងសង្គមមួយដែលមនុស្សហ៊ានធ្វើសកម្មភាព និងហ៊ានស្នើឱ្យមានការកែលម្អសង្គមឱ្យកាន់តែប្រសើរឡើង។”៕ ដោយ៖ CPA