មន្ត្រីរដ្ឋបាលព្រៃឈើ និងមន្ត្រីមន្ទីរកសិកម្ម ជាច្រើន ក្នុងខេត្តកំពង់ស្ពឺ ភ្ញាក់ផ្អើលរឿងគេរៀបចំលក់ដី កសិម្មជាច្រើនកន្លែង, មន្ត្រីគ្រោងនិងតវ៉ារឿងនៅសាលាខេត្ត
កំពង់ស្ពឺ៖ នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ មានមន្ត្រីស្ថិតក្នុងមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ស្ពឺ ដោយទទួលដំណឹងដ៏សែនភ្ញាក់ផ្អើលថា មានមនុស្សកំពុងរត់ការលក់ដីរបស់រដ្ឋ នៃមន្ទីរកសិកម្មខេត្តជាច្រើនកន្លែង ថែមទាំងបានកក់លុយរាប់សិបម៉ឺនដុល្លាទៀតផង ។ ការភ្ញាក់ផ្អើលនេះគ្រាដែលបុគ្គលមួយចំនួនបានដើរទទួលលុយកក់ពីក្រុមអ្នកទិញដីក្នុងខេត្តកំពង់ស្ពឺ ។ ហើយដីដែលគេគ្រោងលក់នោះមាន ដីទីតាំងខណ្ឌរដ្ឋបាលព្រៃឈើកំពង់ស្ពឺ ដីចំការប្រេងខ្យល់ ស្ថិតក្នុងភូមិព្រៃផ្តៅ ឃុំត្រពាំងគង ស្រុកសំរោងទង ដីសង្កាត់រដ្ឋបាលព្រៃឈើសំរោងទង ស្ថិតក្នុងភូមិផ្គង់ ស្រុកសំរោងទង រួមទាំងដីរបស់មន្ទីរកសិកម្មផងដែរ ដែលគិតជាទឹកលុយរាប់លានដុល្លាឯណោះ ។ ការបែកធ្លាយរឿងលក់ដីរបស់រដ្ឋជាច្រើនកន្លែងនេះ ហើយគ្មានអ្នកណាម្នាក់ដឹងសោះនោះ បានធ្វើឲ្យមន្ត្រីកសិកម្ម និងមេព្រៃ មានការហួសចិត្តយ៉ាងខ្លាំងរហូតប្រកាសចូលតវ៉ាដល់ គណអភិបាលខេត្តកំពង់ស្ពឺ ដោយពួកគាត់បានលើកឡើងថា ពួកគាត់បានការពារទីតាំងដីទាំងនេះយូរឆ្នាំមកហើយ មិនបណ្តោយឲ្យជនណាមកយកទៅលក់ដោយមិនផ្តល់ផលប្រយោជន៍ឲ្យពួកគាត់នោះទេ ។
មន្ត្រីទាំងនោះបានលើកឡើងថែមទៀតថា វាដូចជាហួសហេតុពេក នៅស្ងាត់ៗមានមនុស្សរត់កាត់ដីរដ្ឋលក់ ដោយដើរបង្ខំឲ្យមន្ត្រីចូលរួមផ្តិតមេដៃ និងសហការរួមគំនិតលក់ដោយស្ងាត់បំផុតបែបនេះ មិនតែប៉ុន្តែប៉ុណ្ណោះថែមទាំងបានទទួលលុយកក់រាប់សិបម៉ឺនដុល្លាពីអ្នកទិញមិនឲ្យមន្ត្រីណាម្នាក់ដឹងឡើយ ។
មានការលើកឡើងថាដីរបស់រដ្ឋ នៃមន្ទីរកសិកម្មខេត្តដ៏ធំល្វឹងល្វើយ ពេលនេះត្រូវបានគេអង្កន់ពុះជាដីឡូដិ៍លក់ ហើយទទួលលុយកក់រាប់សិបម៉ឺនដុល្លាដោយគ្មាននណាដឹងឡើយ ក្នុងនោះឲ្យតែដីរបស់កសិកម្មត្រូវក្រុមឈ្មួញដាក់តម្លៃរួចជាស្រេចក្នុងការចចារលក់ ពិតជាមិនធម្មតា ។ ភ្នាក់ងារប្រចាំខេត្តកំពង់ស្ពឺបានទទួលដំណឹងមកថា ដីដែលគេកំពុងត្រៀមរត់ការលក់ទាំងអស់មានចំនួន៤កន្លែង ដីទីតាំងខណ្ឌរដ្ឋបាលព្រៃឈើកំពង់ស្ពឺ,ដីស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើផ្គង់,ដីចំការប្រេងខ្យល់ព្រៃផ្តៅ ដីមន្ទីរកសិកម្មមួយផ្នែក(បានទទួលលុយកក់មួយចំនួនហើយ) សរុបតម្លៃរាប់លានដុល្លា ដែលមានក្រុមហ៊ុន ទូច សារិន ឌីវេឡុបម៉ិន ឯ.ក ជាអ្នកដេញថ្លៃ ។
ចំពោះរឿងរ៉ាវលក់ដីរដ្ឋដ៏រសើបនេះលោក ឈៀង តុលា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តកំពង់ស្ពឺ បានឲ្យភ្នាក់ងារយើងដឹងថា លោកទទួលស្គាល់ពិតជាមានការជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ស្តីពីការ អភិវឌ្ឍន៏នៅនឹងកន្លែងដោយកាត់យកដីមន្ទីរកសិកម្ម ទំហំ ១០ហិតា ១៤៩ម៉ែត្រការ៉េ ស្ថិតក្នុងភូមិចំការដូង ផ្លូវជាតិលេខ៤៤ ក្រុងច្បារមន ។ ប្រធានមន្ទីរបានបន្តថា ដោយឡែកការលក់ទិញរវាងក្រុមហ៊ុន និងក្រុមខាងណាលោកមិនបានដឹងនោះទេ ហើយការលក់ទិញនោះទុកឲ្យច្បាប់ជាអ្នកកំនត់ទៅចុះ ។
ចំពោះរឿងនេះដែរឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ក្នុងនាមអាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិ បានបដិសេធថា មិនទាន់បានដឹងរឿងលក់ដីនេះទេ ហើយក៏មិនថា ដីនេះគេលក់របៀបមិចនោះដែរ តែដឹងថាខាងរដ្ឋបាលព្រៃឈើមានការតវ៉ាខ្លាំងចំពោះរឿងនេះ ។
បើផ្នែកតាមដំណឹងជាច្រើនដែល ទទួលបាននាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ មានការកក់ប្រាក់រឿងដីរបស់មន្ទីរកសិកម្ម ដែលអង្កាន់ពុះជាឡូដិ៍មិនតិចជាង៣០ម៉ឺនដុល្លានោះទេ ហើយបន្តទៅលក់ដីរដ្ឋនៅចំណុចផ្សេងៗខាងលើបន្តទៀតក្នុងតម្លៃថ្លៃកប់ពពក តាមរយះការគៀងគររបស់ក្រុមហ៊ុន ទូច សារិន ឌីវេឡុបម៉ិន ដែលមានតំណាងជាច្រើនកំពុងចាត់ចែងលក់ឲ្យអ្នកដទៃ ៕ ដោយ៖ ម៉ុន សំអាត