ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញបើកមហាសន្និបាត ក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី លើកទី៤១ នៅសណ្ឋាគារសុខា ភ្នំពេញ
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញបើកមហាសន្និបាតក្រុម ប្រឹក្សាកីឡាអូឡាំពិកអាស៊ី (OCA) លើកទី៤១ នៅសណ្ឋាគារសុខា ភ្នំពេញ នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ ។មហាសន្និបាតនេះ មានការចូលរួម ពីមានប្រតិភូផ្នែកកីឡាប្រមាណជាង ៣០០រូប មកពី ៥៥ប្រទេស ជុំវិញ ពិភពលោក ក្នុងនោះមានប្រតិភូមកពីបណ្តា ប្រទេសក្រុមប្រឹក្សាអូឡាំពិកអាស៊ី ចំនួន ៤៥ប្រទេស ព្រមទាំង ប្រទេសចលនាអូឡាំពិកអន្តរជាតិ ចូលរួមសង្កេតការណ៍ប្រមាណ ១០ ប្រទេស ទៀត។ ក្រៅពីនោះ ក៏មានប្រតិភូថ្នាក់ដឹកនាំ គណៈកម្មាធិការ អូឡាំពិកអន្តរជាតិមួយចំនួនទៀតផងដែរ។
មហាសន្និបាតក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី (OCA) លើកទី៤១ នេះ ប្រារព្ធធ្វើឡើងពីថ្ងៃទី១ ដល់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ ។
ឯកឧត្តម វ៉ាត់ ចំរើន ធ្លាប់បានបញ្ជាក់ថា ការទទួលធ្វើម្ចាស់ផ្ទះ មហាសន្និបាតក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី លើកទី៤១ ជា ឱកាសបង្ហាញកម្ពុជា ជូនសមាជិកអូឡាំពិកមកពីគ្រប់ទ្វីប ទាំងអស់ បានឃើញពីសន្តិភាព និងការអភិវឌ្ឍរបស់ព្រះរាជាណាចក្រកម្ពុជា និងដើម្បីស្វែងរកការគាំទ្របន្ថែមពីអន្តរជាតិ ក្នុងដំណើរឆ្ពោះទៅ ទទួល រៀបចំធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និង អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូង របស់កម្ពុជា និងការធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ផងដែរ ។
សូមបញ្ជាក់ថា ក្រុមប្រឹក្សាអូឡាំពិកអាស៊ី ត្រូវបានបង្កើតឡើងនៅ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៨២ នៅទីក្រុងញូវ ដេលី( New Delhi) ប្រទេសឥណ្ឌា។ បច្ចុប្បន្នមានទីស្នាក់ការធំ នៅប្រទេសគុយវ៉ែត ។ ដើមឡើយមហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ីលើកទី៤១នេះ គ្រោងធ្វើឡើងនៅប្រទេសចិន ប៉ុន្តែដោយសារការពន្យារពេល នៃ ព្រឹត្តិការណ៍កីឡាអាស៊ីឆ្នាំ២០២២នៅចិន ត្រូវបានលើក ពេលទៅ ឆ្នាំ២០២៣ ទើបក្រុមប្រឹក្សាអូឡាំពិកអាស៊ី ផ្តល់សិទ្ធិជូនកម្ពុជា រៀបចំធ្វើម្ចាស់ផ្ទះ។ ក្រុមប្រឹក្សាអូឡាំពិកអាស៊ី មានសមាជិក ជាគណៈកម្មាធិការជាតិអូឡាំពិកចំនួន ៤៥ប្រទេស ក្នុងទ្វីបអាស៊ី ក្នុងនោះក៏មានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាផងដែរ។
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានចូលជាសមាជិកក្រុម ប្រឹក្សាអូឡាំពិកអាស៊ី ឆ្នាំ១៩៩៤ ។
គួរបញ្ជាក់ថា មហាសន្និបាតក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី លើកទី៤១ ឆ្នាំ២០២២ ដែលកម្ពុជា ធ្វើម្ចាស់ផ្ទះនេះ គឺការផ្ដល់ កិត្តិយសដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី កម្ពុជា ដែលនឹងអញ្ជើញថ្លែងសន្ទរកថាបើកមហាសន្និបាត ដើម្បីបង្ហាញនូវសុច្ឆន្ទៈដ៏ខ្លាំងក្លារបស់រាជរដ្ឋាភិបាល ក្នុងការកសាង ក៏ដូចជាជំរុញចលនាកីឡាជាតិ និងចលនាកីឡាអូឡាំពិក និងដើម្បី កសាងពិភពលោកមួយដ៏ល្អប្រសើរ តាមពាក្យស្លោករបស់អូឡាំពិក “Sports Build Better World” ដែលបានន័យថា កីឡា គឺបានកសាងពិភពលោកមួយ ឲ្យមានសុខដុមរមនាផងដែរ ៕ ដោយ៖ វណ្ណលុក
