តំណាងរាជរដ្ឋាភិបាលកម្ពុជាសូត្រមន្តកាន់បិណ្ឌ បង្សុកុល ឧទ្ទិសកុសលផលបុណ្យជូនដល់ព្រលឹងអ្នកស្លាប់នៅសារមន្ទីរទួលស្លែង
ភ្នំពេញ៖ លោកជំទាវ កិត្ដិសង្គហបណ្ឌិតម៉ែន សំអន ឧបនាយរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជាបានអញ្ជើញចូលរួមក្នុងពិធីរាប់បាត្រ ក្នុងវេនកាន់បិណ្ឌទី៥ នៅសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង ព្រឹកថ្ងៃ១៨ កញ្ញា ឆ្នាំ២០១៩។
ជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធពិធីនេះឡើងតាមសំណូមពរ និងការស្នើសុំរបស់ប្រជាពលរដ្ឋដែលរស់នៅតំបន់ជុំវិញនោះ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋដែលមានសមាជិកស្លាប់ក្នុងគុកទួលស្លែងនោះ។ ពិធីព្រះពុទ្ធសាសនានេះ បានរៀបចំឡើង ដើម្បីឧទ្ទិសផល្លាមហាកុសល ដែលកើតឡើងពីការប្រគេនចង្ហាន់បិណ្ឌបាត ដល់ព្រះសង្ឃឧទ្ទិសកុសល ដល់អ្នករងគ្រោះស្លាប់ទាំងវេទនា នៅក្នុងការធ្វើទារុណកម្មយ៉ាងព្រៃផ្សៃក្នុងគុក ទួលស្លែងកាលពីអំឡុងឆ្នាំ១៩៧៥ ដល់ ១៩៧៩។
សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង គឺជាទីកន្លែងសម្រាប់ការចងចាំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជារបស់ពួកខ្មែរក្រហមដែលជាអ្នកគ្រប់គ្រងទាំងស្រុងមកលើប្រទេសកម្ពុជា ដ៏យង់ឃ្នងបំផុតចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ ទីនេះជាអតីតមន្ទីរ សន្ដិសុខ២១ ឬហៅកាត់ថា ស.២១ នៃរបបខ្មែរក្រហម ដោយមន្ទីរ ស.២១នេះ គឺជាកន្លែងឃុំឃាំង សួរចម្លើយ ធ្វើទារុណកម្មយ៉ាងសាហាវព្រៃផ្សៃ និងសម្លាប់ក្រោយពេលជនរងគ្រោះ ដែលពួកខ្មែរក្រហមហៅថាអ្នកទោសបាន បំពេញសំណុំឯកសារសេចក្ដីសារភាពចប់សព្វគ្រប់រួចហើយនោះ។ ក្នុងពិធីនេះផងដែរក៏ មានការរាប់បាត្រព្រះសង្ឃវេរប្រគេនទេយ្យវត្ថុចំនួន ៤៨ អង្គ។
តាមរយៈពិធីនេះ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី ដែលជាសមាជិកជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា សូមបញ្ជូននូវកុសលទៅដល់អ្នកស្លាប់ សូមឱ្យព្រលឹងពួកគាត់បានស្ថិតក្នុងឋានបរមសុខ និងសូមឱ្យព្រលឹងអ្នកទាំងអស់នោះជួយដល់ប្រទេស និងសូមឲ្យប្រជាជនកម្ពុជា បានស្ថិតក្នុងសន្តិភាពជានិច្ចនិរន្តន៍តទៅ កុំឱ្យវិលត្រឡប់ទៅរកអតីតកាលដែលប្រកបដោយភាពឈឺចាប់រកទីបំផុតគ្មានជាថ្មីម្តងទៀតឱ្យសោះ៕