អភិបាលស្តីទីខេត្តព្រះសីហនុ នាំមន្ត្រីចុះសំអាតសំរាមដែលរសាត់អណ្តែតតាមខ្សែទឹកហូរ មកកកកុញនៅតំបន់ចុងឆ្នេរអូរឈើទាល
ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ លោក ម៉ាង ស៊ីណេត អភិបាលស្តីទីខេត្តព្រះសីហនុ បាននាំមន្ត្រីចុះសំអាតសំរាមដែលរសាត់អណ្តែតតាមខ្សែទឹកហូរកកកុញនៅតំបន់ចុងឆ្នេរអូរឈើទាល បន្ទាប់ពីមានភ្លៀងធ្លាក់ចាប់ពីថ្ងៃទី១៤ ដល់១៨កញ្ញានេះ។ សំរាមដែលចាក់គរនៅតំបន់ចុងឆ្នេរអូឈើទាលនេះ វាបានហូរតាមខ្សែទឹកហូរពីតំបន់ផ្សេងៗធ្លាក់ចូលអូរ ប្រឡាយ ឆ្ពោះទៅសមុទ្រ តាមព្រែកនៅចំណុចចុងអូរឈើទាល អតីតព្រះរាជដំណាក់ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ។ បន្ទាប់ពីបានសំអាតរួច ឃើញថាបរិស្ថានតំបន់នេះ បានប្រសើរឡើងវិញហើយ។
លោក ម៉ាង ស៊ីណេត អភិបាលស្តីទីខេត្តព្រះសីហនុ បានអំពាវនាវប្រជាពលរដ្ឋ អ្នកលក់ដូរតាមឆ្នេរ សូមឱ្យមានការរៀបចំវេចខ្ចប់ទុកដាក់សំរាមឲ្យបានល្អ។ ជាមួយនេះក៏បានជំរុញឲ្យក្រុមហ៊ុនប្រមូលសំរាមkswm ផងដែរ ឲ្យធ្វើការប្រមូលសំរាមឲ្យបានលឿន។ កុំទុកយូរនាំឲ្យរសាត់ចូលប្រឡាយ និងរាយប៉ាយបែបនេះទៀត។ ធ្វើយ៉ាងណារួមគ្នាលើកកម្ពស់បរិស្ថានក្រុងព្រះសីហនុ ឲ្យបានល្អប្រសើរឡើង។
គួរបញ្ជាក់ផងដែរថា បញ្ហាសំរាមនៅក្រុងព្រះសីហនុនេះ កំពុងតែក្លាយជាបញ្ហាប្រឈមមួយគួរបារម្ភណាស់ ព្រោះក្រៅពីធ្វើឲ្យប៉ះពាល់បរិស្ថាន វាក៏បង្កផលមិនល្អដល់សុខភាពផងដែរ។ បញ្ហានេះ ប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរមានការរអ៊ូរទាំជាបន្តបន្ទាប់ ខណៈដែលក្រុមហ៊ុនប្រមូលសំរាម kswm មិនបានប្រមូលដឹកចេញឲ្យទាន់ពេលវេលាស្របពេល ដែលបរិមាណសំរាមចេះតែបន្តកើនឡើងរាល់ថ្ងៃ។
ឆ្លើយតបបញ្ហានេះដែរ ក្រុមហ៊ុនប្រមូលសំរាមក៏បានខិតខំក្នុងការប្រមូលផងដែរ ប៉ុន្តែមិនអាចធ្វើបានដូចការគិត ដោយសារនៅតែបរិមាណសំរាមនៅតែបន្តកើនឡើង។ មួយវិញទៀតការដឹកចេញយកទៅក្រៅក្រុង ជួបការលំបាកដោយសារស្ថានភាពចរាចរណ៍នៅក្នុងក្រុងព្រះសីហនុបច្ចុប្បន្នមានសភាពកកស្ទះខ្លាំង។ ទោះយ៉ាងណាខាងតំណាងក្រុមហ៊ុន kswm ឲ្យដឹងថា កំពុងបង្កើនបន្ថែមទៀតទាំងកម្លាំងកម្មករ មធ្យោបាយ និងពេលវេលា ដើម្បីជំរុញការប្រមូលសំរាមចេញពីទីប្រជុំជនក្រុងព្រះសីហនុឲ្យបានទាន់ពេលវេលា៕ធ.ដ