ប្រធានទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិកំពុងធ្វើដំណើរទៅកាន់អ៊ុយក្រែន ដើម្បីពិភាក្សាបង្កើតតំបន់សន្តិសុខនៅរោងចក្រនុយក្លេអ៊ែរ ហ្សាប៉ូរីសហ្ស៊ីយ៉ា

វីយែ្យន៖ ប្រធានទីភ្នាក់ងារនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ នៅថ្ងៃពុធទី ៥ ខែតុលានេះ បាននិយាយថា លោកកំពុងធ្វើដំណើរទៅកាន់ទីក្រុងកៀវ ដើម្បីពិភាក្សាអំពីការបង្កើតតំបន់សន្តិសុខជុំវិញរោងចក្រថាមពលនុយក្លេអ៊ែរ ហ្សាប៉ូរីសហ្ស៊ីយ៉ា របស់ប្រទេសអ៊ុយក្រែន បន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានបញ្ជាឱ្យរដ្ឋាភិបាលរបស់លោកកាន់កាប់វា។

ប្រធានទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) លោក Rafael Grossi បានបង្ហោះសារនៅលើ Twitter ថា យើងកំពុងធ្វើដំណើរទៅកាន់ទីក្រុងកៀវ ដើម្បីពិភាក្សាពីកិច្ចប្រជុំសំខាន់ៗ ហើយថា តម្រូវការបង្កើតតំបន់សុវត្ថិភាពនៅជុំវិញទីកន្លែងនេះ គឺមានភាពបន្ទាន់ជាងពេលណាៗទាំងអស់។

លោក Grossi ដែលបានទៅទស្សនកិច្ចរោងចក្រនេះដែរកាលពីខែមុន បានតស៊ូមតិក្នុងការបង្កើតតំបន់សន្តិសុខ ដែលភាគីទាំងសងខាងនឹងប្តេជ្ញាមិនវាយប្រហារ។ ប៉ុន្តែក្រឹត្យមួយរបស់លោក ពូទីន នៅថ្ងៃពុធទី៥ ខែតុលានេះ បានបញ្ជាក់ថា រដ្ឋាភិបាលរុស្ស៊ីនឹងធានាថា រោងចក្រថាមពលនុយក្លេអ៊ែរ ហ្សាប៉ូរីសហ្ស៊ីយ៉ា ត្រូវបានដាក់បញ្ចូលជាកម្មសិទ្ធិសហព័ន្ធរុស្ស៊ី។

គួរបញ្ជាក់ថា អ៊ុយក្រែន និងរុស្ស៊ីបានចោទប្រកាន់គ្នាទៅវិញទៅមកជាច្រើនខែពីការបាញ់ផ្លោងនៅជិតទីតាំងរោងចក្រថាមពលនុយក្លេអ៊ែរ ហ្សាប៉ូរីសហ្ស៊ីយ៉ា ដែលបង្កឱ្យមានការភ័យខ្លាចមនៃហន្តរាយនុយក្លេអ៊ែរ ស្រដៀងនឹងគ្រោះមហន្តរាយនៅរោងចក្រ Chernobyl ឆ្នាំ ១៩៨៦ នៅអ៊ុយក្រែន៕ ប្រភព៖ CNA ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner