វត្តព្រហ្មវិហារធម៌តេជោជប់រង្សីសរារាម ដែលកំពុងមានការខ្វះខាតក្នុការសាងសង់ ទទួលបានបច្ច័យពីឯកឧត្តម មាស មេត ក្នុងឱកាសបុណ្យកាន់បិណ្ឌវេនទី៥ រួមជាមួយប្រជាពុទ្ធបរិស័ទជិតឆ្ងាយ
ព្រះវិហារ៖ ព្រះគ្រូចៅអធិការវត្តព្រហ្មវិហារធម៌តេជោជប់រង្សីសរារាម ទទួលបានបច្ច័យចំនួន២,០៨០,០០០រៀល សម្រាប់ទុកកសាងនូវសមិទ្ធផលនានាបន្តពីឯកឧត្តម មាស មេត មេញ្ជាការរង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម លី ស៊ុន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ នៅក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌ រួមជាមួយប្រជាពុទ្ធបរិស័ទជិតឆ្ងាយក្នុងវេនទី៥ នាព្រឹកថ្ងៃពុធ ៥រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក.ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩នេះ។
ជាមួយគ្នានោះ ក៏មានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ អស់លោកនាយទាហាន នាយទាហានរង និងពលទាហាន និងប្រជាពលរដ្ឋ លោកយាយលោកតា ព្រមទាំងនាំយកនូវគ្រឿងឧបភោគបរិភោគ មានចង្ហាន់ និងបច្ច័យ ទៅវេរប្រគេនដល់ព្រះភិក្ខុសង្ឃ ដែលកំពុងគង់ចាំព្រះវស្សា អស់កាលត្រីមាសក្នុងរយៈបីខែ ក្នុងទីអារាមវត្តព្រហ្មវិហារធម៌តេជោជប់រង្សីសរារាម (ហៅវត្តអង្គការអេដស៍) ស្ថិតនៅក្នុងឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ដើម្បីឧទ្ទិសនូវផល្លារអានិសង្ឃជូនទៅដល់វិញ្ញានក្ខន្ធបុព្វការីជន មានមាតាបិតាជីដូនជីតាញាតិការទាំង៧សន្តាន និងមួយចំណែកឧទ្ទិសដល់ដួងវិញានក្ខន្ធរបស់ឥស្សរជន ដែលបានលះបង់អាយុជីវិត ដើម្បីបុព្វហេតុរំដោះជាតិ និងប្រជាជនពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដោយសូមឲ្យដួងវិញាណក្ខន្ធអ្នកទាំងអស់ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
សូមបញ្ជាក់ថា គ្រឿងឧបភោគបរិភោគដែលឯកឧត្ដម មាស មេត រួមនឹងឯកឧត្តម លោកជំទាវ នាយទាហាន នាយទាហានរង ដឹកនាំមកវេរប្រគេនដល់ព្រះភិក្ខុសង្ឃ នាឱកាសនោះរួមមាន៖ ប្រេងម៉ាស៊ូតចំនួន៦០លីត្រ ទឹកបរិសុទ្ធចំនួន៥២យួរ អង្ករចំនួន៧បេ ទឹកផ្លែឈើចំនួន៦កេស ទឹកក្រូចចំនួន២យួរ នុំធុងចំនួន១ធុង កាហ្វេចំនួន១០កញ្ចប់ និងមីចំនួន៤កេស ប្រគេនព្រះគ្រូចៅអធិការមួយអង្គបច្ច័យចំនួន៥ម៉ឺនរៀល សាមណេរចំនួន៨អង្គ ក្នុង១អង្គ៣ម៉ឺនរៀល លោកយាយ លោកតា អាចារ្យចំនួន៤៥ម៉ឺនរៀល៕ធ.ដ
ដោយៈ សួន លីណា