ឆែកខ្លួនឃើញថ្នាំញៀន ត្រូវសមត្ថកិច្ចឃាត់ខ្លួន
ភ្នំពេញ៖ នៅវេលារំលងអាធ្រាត្រឈានចូលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅផ្លូវបេតុង ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ជនសង្ស័យឈ្មោះ សំណាង ងិន ភេទប្រុស អាយុ២៣ឆ្នាំ និងឈ្មោះ ហេង សុផានិត ភេទប្រុស អាយុ២៧ឆ្នាំ (អ្នកទាំងពីរមានមុខរបរសន្តិសុខឯកជន ស្នាក់នៅបន្ទប់ជួល ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ)។ ក្នុងនោះសមត្ថកិច្ចដកហូតបាន ៖ ក្រាមសថ្លា០១កូនថង់តូច ទូរសព្ទដៃ០២គ្រឿង និងម៉ូតូ០១គ្រឿង។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលឃាត់ខ្លួន កម្លាំងល្បាតប៉ុស្កិ៍រដ្ឋបាលភ្នំពេញថ្មី បានល្បាតក្នុងភូមិសាស្ត្រ ដល់ចំណុចកើតហេតុខាងលើ ឃើញជនសង្ស័យទាំងពីរជិះម៉ូតូ។ ដោយមានការសង្ស័យ សមត្ថកិច្ចបានហៅឲ្យឈប់ត្រួតពិនិត្យលើដងខ្លួន ក៏រកឃើញវត្ថុតាងខាងលើ រួចនាំខ្លួនជនសង្ស័យមកធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខតែម្តង៕ធ.ដ