រក្សាទុកគ្រឿងញៀនជាប់នឹងខ្លួន ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ
ភ្នំពេញ៖ លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩នេះថា កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ជនសង្ស័យឈ្មោះ ផៃ សុភា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មកចាក់សាំង ស្នាក់នៅបន្ទប់ជួល ភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ និងឈ្មោះ អ៊ូច មករា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរសន្តិសុខឯកជណ ស្នាក់នៅបន្ទប់ជួល ភូមិរោងចក្រ១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ សមត្ថកិច្ចដកហូតបាន៖ ក្រាមសថ្លា០១កូនថង់តូច និងទូរសព្ទដៃ០១គ្រឿង។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ កម្លាំងល្បាតប៉ុស្កិ៍រដ្ឋបាលភ្នំពេញថ្មី បានល្បាតក្នុងភូមិសាស្ត្រ ដល់ចំណុចកើតហេតុខាងលើ ឃើញជនសង្ស័យទាំងពីរកំពុងដើរ។ ដោយមានការសង្ស័យសមត្ថកិច្ចបានហៅជនសង្ស័យឲ្យឈប់ត្រួតពិនិត្យលើដងខ្លួន ក៏រកឃើញវត្ថុតាងខាងលើ រួចនាំខ្លួនជនសង្ស័យធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខតែម្តង៕ធ.ដ