សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ ករណីប្រើប្រាស់គ្រឿងញៀន
ភ្នំពេញ៖ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលអូរបែកក្អម បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។ ជនសង្ស័យឈ្មោះ ជៀវ សុខហេង ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកម្មករោងចក្រ ស្នាក់នៅផ្ទះលេខ២៦ ផ្លូវលំ ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ កម្លាំងល្បាតប៉ុស្កិ៍រដ្ឋបាលអូរបែកក្អម បានល្បាតក្នុងភូមិសាស្ត្រ ដល់ចំណុចកើតហេតុ ឃើញជនសង្ស័យកំពុងដើរតាមផ្លូវ ដោយមានការសង្ស័យសមត្ថកិច្ចបានហៅជនសង្ស័យឲ្យឈប់ត្រួតពិនិត្យ រួចនាំខ្លួនបន្តទៅត្រួតពិនិត្យទឹកនោមរកសារធាតុញៀន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ឃើញថាជនសង្ស័យ មានប្រើប្រាស់សារធាតុញៀន ក៏ឃាត់ខ្លួនតែម្តង ដើម្បីអនុវត្តន៍តាមនីតិវិធី៕ធ.ដ