អាជ្ញាធររាជធានីភ្នំពេញ ដាក់ផែនការបន្ថែមជុំវិញការរៀបចំសណ្តាប់ធ្នាប់ និងកិច្ចការពារ សន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ បានដាក់ផែនការបន្ថែមជុំវិញការរៀបចំសណ្តាប់ធ្នាប់ និងកិច្ចការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ គឺការទប់ស្កាត់ឲ្យបាននូវបទល្មើសផ្សេងក្នុងឱកាសបុណ្យនេះ ដើម្បីបង្កភាពកក់ក្តៅជូនបងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរទៅវត្តអារាមនានា និងទៅស្រុកកំណើត។

ការដាក់ចេញវិធានការបន្ថែមនេះ ធ្វើឡើងកាលពីព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ នៅសាលារាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដឹកនាំដោយ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដោយមានការចូលរួមពីស្នងការនគរបាលរាជធានីភ្នំពេញ មេបញ្ជាការកងរាជអាវុធហត្ថរាជធានី អាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធមួយចំនួនទៀត។

ឯកឧត្តម ឃួង ស្រេង ក្នុងកិច្ចប្រជុំនោះបានមានប្រសាសន៍លើកឡើងថា កិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ត្រូវបានធ្វើឡើងជារៀងរាល់ខែ ដើម្បីពង្រឹងសន្តិសុខការរៀបចំសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋឲ្យបានល្អនៅក្នុងរាជធានីភ្នំពេញ។ ដោយឡែក សម្រាប់ខែនេះ គឺជាខែដែលបងប្អូនប្រជាពលរដ្ឋ បាននឹងកំពុងប្រារព្ធពិធីកាន់បិណ្ឌ ភ្ជុំបិណ្ឌ ដូច្នេះទេ កងកម្លាំងប្រដាប់អាវុធទាំង២ភេទ អាជ្ញាធរដែនដី កម្លាំងពាក់ព័ន្ធទាំងអស់ ត្រូវតែពង្រឹងបន្ថែមនូវកិច្ចការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ ដោយប្រជាពលរដ្ឋត្រូវធ្វើដំណើរទៅវត្តអារាម ក៏ដូចជាចាកចេញពីផ្ទះទៅកាន់បណ្ដាខេត្តនានា និងចាកចេញពីរាជធានីភ្នំពេញ ទៅស្រុកកំណើតរបស់ពួកគាត់។

ដូច្នេះយើងត្រូវការពារភូមិឋាន លំនៅឋានរបស់ពួកគាត់ ពិសេស លើបទល្មើសចោរកម្ម លួច ឆក់ ប្លន់ជាដើម។ លោកអភិបាល បានបញ្ជាក់ផងដែរថា កន្លងមកនេះឃើញថា ការអនុវត្តការងារ ពិសេសការទប់ស្កាត់នូវបទល្មើសផ្សេងៗ ឃើញថា មានលក្ខណៈល្អប្រសើរហើយ តែយើងមិនត្រូវបន្ធូដៃទេ គឺត្រូវខិតខំប្រឹងប្រែងបន្ថែមទៀត។

ស្នងការនគរបាលរាជធានីភ្នំពេញ ឯកឧត្តម ស ថេត បានឲ្យដឹងនៅក្នុងកិច្ចប្រជុំនោះថា ក្នុងរយៈពេល៤ខែនេះ បទល្មើសព្រហ្មទណ្ឌ បានកើតឡើងចំនួន៦៨លើក លើ៦៩លើក មានន័យថា បានថយចុះមួយលើក យើងបង្ក្រាបបាន៦៤ករណី ហើយបទល្មើសដែលយើងផ្ដោតសំខាន់នោះ គឺបទល្មើសលួច ឆក់ ប្លន់ ពិសេសបទល្មើសវាយយកម៉ូតូ ដែលតែងតែកើតមានឡើង នៅតាមមូលដ្ឋានខណ្ឌចំនួនបី ខ្លាំងក្លាជាងគេនោះគឺ នៅខណ្ឌដង្កោ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌសែនសុខ។

ឯកឧត្តម ស ថេត ក្នុងឱកាសនោះក៏បានបញ្ជាក់ផងដែរថា នៅក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ យើងបានដាក់កម្លាំងសមត្ថកិច្ចប៉ូលិសរហូតដល់ ២,៣៥១នាក់ ដើម្បីការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ នៅតាមវត្តអារាមចំនួន១៤៩វត្ត និងនៅកន្លែងផ្សេងៗទៀត នៅក្នុងរាជធានីភ្នំពេញ ដើម្បីធ្វើយ៉ាងណាការពារសន្តិសុខ ជូនប្រជាពលរដ្ឋដែលពួកគាត់ ត្រូវធ្វើដំណើរទៅវត្តអារាម ដើម្បីធ្វើបុណ្យ ក៏ដូចជាពលរដ្ឋដែលត្រូវធ្វើដំណើរទៅតាមស្រុកកំណើត។ ដោយឡែកការសម្រួលចរាចរណ៍ផ្លូវគោក ក៏យើងបាននឹងកំពុងអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួនផងដែរ បើទោះបីនៅពេលមេឃកំពុងភ្លៀងធ្លាក់ ពេលយប់ ថ្ងៃយ៉ាងណាក៏ដោយ ក៏កម្លាំងសមត្ថកិច្ចរបស់យើង នៅតែឈរជើងនៅតាមគោលដៅរបស់ខ្លួន ដើម្បីសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ។

ក្នុងកិច្ចប្រជុំនោះ បញ្ហាគ្រោះអគ្គីភ័យ ក៏ដូចជាបញ្ហាគ្រឿងញៀន ក៏ត្រូវបានលើកឡើង នៅក្នុងកិច្ចប្រជុំនោះផងដែរ ដើម្បីមានវិធានការយ៉ាងណាបង្ការ និងទប់ស្កាត់កុំឲ្យកើតឡើង នូវគ្រោះអគ្គិភ័យ ខណៈដែលគ្រោះមហន្តរាយនេះនៅតែកើតមាន។

ចំណែកបញ្ហាគ្រឿងញៀន គឺជាបញ្ហាប្រឈមមួយ ដែលតម្រូវឲ្យអាជ្ញាធរក៏ដូចជាសមត្ថកិច្ចទាំងអស់ត្រូវរួមសហការគ្នាដើម្បីទប់ស្កាត់ ពិសេសអនុវត្តន៍ឲ្យបានទៅតាមការណែនាំរបស់សម្តេចក្រឡោហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គឺត្រូវធ្វើយ៉ាងណា លុបបំបាត់ឲ្យអស់នូវគ្រឿងញៀននៅតាមបណ្តាក្លិបកម្សាន្តផ្សេងៗ នៅក្នុងរាជធានីភ្នំពេញ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner