សម្តេចតេជោ ស្វាគមន៍ចំពោះក្រុមហ៊ុនចិន ដែលមានគម្រោងវិនិយោគវារីអគ្គិសនីតាតៃ ដើម្បីបំពេញ តម្រូវការនៅកម្ពុជា

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងារជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ លោក Nan Cunhui ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន CHINT Group របស់ប្រទេសចិន មានគម្រោងវិនិយោគវារីអគ្គិសនីតាតៃខាងលើ ដើម្បីជួយបំពេញតម្រូវការនៃការប្រើប្រាស់អគ្គិសនីក្នុងប្រទេស ដែលកំពុងត្រូវការចាំបាច់ ទាំងប្រជាពលរដ្ឋ និងពាណិជ្ជករទូទៅ។

លោក Nan Cunhui បានឲ្យដឹងថា កន្លងមកក្រុមហ៊ុន CHINT Group បានវិនិយោគ លើគម្រោងវារីអគ្គីសនីតាតៃខាងក្រោម ដែលបានផលិតអគ្គិសនី សម្រាប់ប្រើប្រាស់នៅក្នុងប្រទេសបានជោគជ័យ។ លោកថ្លែងបន្តថា ក្រុមហ៊ុនពេញចិត្តក្នុងការបន្តវិនិយោគនៅកម្ពុជា ដោយបានលើកសំណើគម្រោងវិនិយោគវារីអគ្គិសនីតាតៃខាងលើ។ ក្រុមហ៊ុន មានជំនឿថា វានឹងផ្ដល់ផលចំណេញយ៉ាងច្រើន ព្រោះ គម្រោងនេះ គឺប្រើប្រាស់បណ្ដាញទឹកតែមួយ ហើយអាចប្រើបាន២ប្រភព ដែលនឹងជួយឲ្យបំពេញ តម្រូវការនៃការប្រើប្រាស់អគ្គិសនីនៅក្នុងប្រទេស ដែលកំពុងត្រូវការចាំបាច់ ទាំងសម្រាប់ប្រជាពលរដ្ឋ និងពាណិជ្ជករទូទៅ។

ជាមួយគ្នានេះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានសាទរចំពោះគម្រោងវិនិយោគវារីអគ្គិសនីតាតៃខាងលើ ព្រោះមានអត្ថប្រយោជន៍យ៉ាងសំខាន់ ក្នុងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ក្នុងចំណោមយុទ្ធសាស្ត្រទាំង៤ ដែលក្នុងនោះមាន៖ ធនធានមនុស្ស ផ្លូវ ភ្លើង និងទឹក ដូច្នេះការវិនិយោគទៅលើវិស័យថាមពលអគ្គិសនី គឺជាការរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែរីកចម្រើនទៅមុខទៀត។ សម្ដេចតេជោ ហ៊ុន សែន បានបន្តថា បច្ចុប្បន្ន អគ្គិសនីកម្ពុជា ត្រូវបានធ្វើការចែកចាយ មិនត្រឹមតែក្នុងទីក្រុងប៉ុណ្ណោះទេ គឺត្រូវបានចែកចាយដល់ទីជនបទដាច់ស្រយាល។

ឆ្លៀតឱកាសនោះ សម្ដេចនាយករដ្ឋមន្ដ្រីកម្ពុជា ក៏បានណែនាំក្រុមហ៊ុនចិនថា មិនត្រូវមើលតែលទ្ធភាពទីផ្សារកម្ពុជា ដែលមាន មនុស្សប្រមាណ១៦លាននាក់នោះទេ ត្រូវមើលទីផ្សារអាស៊ាន (ASEAN Market) ទីផ្សារតំបន់ ជាពិសេស ក្នុងគម្រោងនៃកិច្ចព្រមព្រៀងថ្មីៗនោះ មានន័យថា រាល់ការវិនិយោគ មិនត្រឹមតែបម្រើសេចក្តីត្រូវការរបស់ប្រជាជនកម្ពុជាទេ គឺត្រូវគិតទៅលើការផលិត ដើម្បីធ្វើការនាំចេញ ទៅកាន់ទីផ្សារ ដទៃទៀត។

សម្ដេចតេជោ នាយករដ្ឋមន្ដ្រី ក៏បានស្នើឲ្យក្រុមហ៊ុនចិន បន្តវិនិយោគរួមចំណែកអភិវឌ្ឍន៍កម្ពុជា។ សម្ដេច ក៏បានស្នើសុំឲ្យភាគីមិត្តចិន បើកទីផ្សារឲ្យបានទូលាយថែមទៀត សម្រាប់នាំចូលផលិតផលកសិកម្ម បានកាន់តែច្រើនពីកម្ពុជា៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner