ឯកឧត្តម ជាប ដាវុធ អញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូ សិស្សប្រឡងជាប់បាក់ឌុបឆ្នាំ២០១៩ និងសិស្សថ្នាក់ទី១១-១២ថ្មី នៅវិទ្យាល័យហ៊ុន សែនទឹកឃ្លាំង
នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩នេះ ឯកឧត្តម ជាប ដាវុធ អគ្គនាយករងពន្ធដារ និងជាប្រធានក្រុមការងារទទួលបន្ទុកយុវជនថ្នាក់ជាតិស្រុកល្វាឯម តំណាងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តកណ្ដាល និងមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ អ្នកមុខ អ្នកការ ក្រោមឱវាទ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូបង្រៀនថ្នាក់ទី១២ សិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងសិស្សថ្នាក់ទី១១ថ្មី និង១២ថ្មី នៅនៅវិទ្យាល័យហ៊ុនសែនឃ្លាំង ក្នុងស្រុកល្វាឯម ខេត្តកណ្តាល។
តាមរបាយការណ៍របស់លោកស្រី នាង សិទ្ធ នាយិកាវិទ្យាល័យហ៊ុន សែន ទឹកឃ្លាំង បានឲ្យដឹងថា យោងតាមលទ្ធផលនៃការប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៩នេះ វិទ្យាល័យហ៊ុន សែនទឹកឃ្លាំង មានសិស្សត្រូវប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំនួន១៣៨នាក់។ ជាលិទ្ធផល មានសិស្សប្រលងជាប់១០២នាក់ (ស្រី៥៨នាក់) ហើយសិស្សជាប់និទ្ទេស B មានចំនួន៣នាក់។ ដោយឡែក លោកគ្រូ អ្នកគ្រូ បង្រៀនថ្នាក់ទី១២ នៅក្នុងស្រុកល្វាឯម មានចំនួន១៨នាក់។
មានមតិសំណេះសំណាល ឯកឧត្តម ជាប ដាវុធ បានសម្តែងនូវក្តីរីករាយ និងចូលរួមអបអរសាទរ ចំពោះក្មួយៗ ជាសិស្សានុសិស្ស ដែលទទួលបាននិទ្ទេស B, C, D និង E ឆ្នាំសិក្សា២០១៨-២០១៩ និងសិស្សថ្នាក់ទី១១និង១២ថ្មី ដែលបានខិតខំសិក្សារៀនសូត្រ រហូតសម្រេចបានលទ្ធផលគួរជាទីមោទនៈ។ ឯកឧត្តមបានមានប្រសាសន៍បញ្ជាក់ថា លទ្ធផលដែលក្មួយៗ ទទួលបាននាពេលនេះ មិនគ្រាន់តែជាកិត្តិយសសម្រាប់ក្មួយៗ និងក្រុមគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកិត្តិយសសម្រាប់ប្រជាពលរដ្ឋស្រុកល្វាឯម ក៏ដូចជាកិត្តិយសម្រាប់ប្រជាពលរដ្ឋនៅទូទាំងខេត្តកណ្តាល។ លទ្ធផលដែលក្មួយៗ ទទួលបាននាពេលនេះ គឺមិនមែនកើតឡើងដោយចៃដននោះឡើយ គឺកើតឡើងដោយការខិតខំតស៊ូព្យាយាមសិក្សារៀនសូត្ររបស់ក្មួយៗតែម្តង។
ឯកឧត្តមជាប ដាវុធ បានមានប្រសាសន៍បញ្ជាក់បន្តថា បច្ចុប្បន្ននេះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការកែទម្រង់យ៉ាងស៊ីជម្រៅទៅលើវិស័យអប់រំ ជាពិសេសក្រោមការខិតខំសិក្សារៀនសូត្ររបស់ក្មួយៗ និងក្រោមការយកចិត្តទុកដាក់បង្ហាត់បង្រៀនរបស់លោកគ្រូ អ្នកគ្រូ ជាលទ្ធផលស្រុកល្វាឯម មានសិស្សានុសិស្សដែលជាប់និទ្ទេស ,B ,C ,D និងE ឆ្នាំសិក្សា២០១៨-២០១៩ និងសិស្សថ្នាក់ទី១១ថ្មីទី១២ថ្មី បានច្រើនគួរជាទីមោទនៈ។
លទ្ធផលនេះ ក៏បានបង្ហាញយ៉ាងច្បាស់ថា អ្នកចេះ គឺជាប់។ នៅក្នុងឱកាសនេះដែរ ឯកឧត្តម ជាប ដាវុធ ក៏បានផ្តល់នូវអនុសាសន៍មួយចំនួនដល់ក្មួយៗសិស្សានុសិស្ស ដែលទើបប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយ្យភូមិ ដើម្បីឈានឆ្ពោះទៅសិក្សានៅថ្នាក់មហាវិទ្យាល័យ ថាតើ យើងគួរជ្រើសរើសមុខជំនាញអ្វី ដើម្បីបន្តការសិក្សារបស់ខ្លួននាពេលខាងមុខ ដោយក្នុងនោះ កត្តាទី១)ត្រូវមើលទៅលើទេពកោសល្យរបស់ខ្លួនឯងជាមុនសិន និងកត្តាទី២)ត្រូវមើលតម្រូវការទីផ្សារការងារ។
ក្នុងចំណោមកត្តាទាំង២នេះ ត្រូវមានមូលដ្ឋាន៣សំខាន់បន្ថែមទៀត គឺទី១)ត្រូវមានសមត្ថភាពជំនាញ ទី២)ត្រូវមានឥរិយាបថ និងអាកប្បកិរិយាល្អ និងទី៣)ខ្លួនយើងត្រូវតែរឹងមាំខាងផ្លូវចិត្ត។ ឯកឧត្តម ក៏បានបញ្ជាក់ថា ការកសាងសេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេសឲ្យរីកចម្រើនអាស្រ័យលើសុខសន្តិភាព ដូចនេះចូលរួមគ្នាថែរក្សាសន្តិភាពស្ថេរភាពនយោបាយជាមួយរាជរដ្ឋាភិបាល កុំជឿការញុះញង់របស់ជនខិលខូច ដែលមានបំណងបង្កើតបដិវត្តន៍ពណ៌ផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់ វាធ្វើឲ្យប៉ះពាល់ដល់សុខសន្តិភាពដ៏កម្រ ដែលសុខសន្តិភាពនេះហើយ ធ្វើឲ្យទាក់ទាញដល់វិនិយោគទុនបរទេស ភ្ញៀវទេសចរ បង្កើតការងារជូនប្រជាពលរដ្ឋ បង្កើតទីផ្សារផលិតផល និងសកម្មភាពពាណិជ្ជកម្មផ្សេងៗទៀតលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងការជួយលើកតម្កើង និងលើកកម្ពស់សេដ្ឋកិច្ចជាតិ។
ចំពោះសំណូមពរលោកស្រីនាយិការវិទ្យាល័យហ៊ុន សែនទឹកឃ្លាំង ឯកឧត្តមនឹងយកទៅជូនថ្នាក់ដឹកនាំពិនិត្យ និងសម្រេច។ គួរឲ្យដឹងថា រង្វាន់ជ័យលាភី ដែលត្រូវចែកជូនដល់សិស្សនិទ្ទេស B ចំនួន៣នាក់គឺក្នុងម្នាក់ៗទទួលបានថវិកា៥០ម៉ឺនរៀល និងនិទ្ទេស C ,D និង E សរុបចំនួន៩៩នាក់ ក្នុងម្នាក់ៗទទួលបានថវិកា១០ម៉ឺនរៀល។ ជាមួយគ្នានេះ សម្រាប់លោកគ្រូ អ្នកគ្រូបង្រៀនថ្នាក់ទី១២ ចំនួន១៨នាក់ ម្នាក់ៗទទួលបានថវិកា១០ម៉ឺនរៀលផងដែរ៕ធ.ដ