ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន៤៧១គ្រួសារ នៅស្រុកកំពង់សៀម ទទួលបានអំណោយពីកាកបាទក្រហមកម្ពុជា និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ

អត្ថបទដោយ៖
Kien Sereyvuth

ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយទឹកជំនន់ទន្លេមេគង្គចំនួន៤៧១គ្រួសារ មកពីឃុំរអាង ឃុំកៀនជ្រៃ ឃុំគគរ ឃុំកោះមិត្ត និងឃុំកោះរការ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ម្សិលមិញ។

ពិធីសំណេះសំណាលសាកសួរសុខទុក្ខ និងចែកអំណោយកកបាទក្រហមកម្ពុជានេះ ធ្វើឡើងនៅក្នុងបរិវេណវត្តថ្មគោល ស្ថិតក្នុងភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី  ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានកិត្តិយសគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត រួមនឹងមន្ទីរពាក់ព័ន្ធនានាជុំវិញខេត្ត។

លោក ប៊ិន ឡាដា អភិបាលស្រុកកំពង់សៀម បានរាយការណ៍ថា ស្រុកកំពង់សៀមមាន១៥ឃុំ ស្មើនឹង១១១ភូមិ មានប្រជាពលរដ្ឋសរុប១២៣,០៥៨នាក់ ស្មើនឹង២៩,៩៩៧គ្រួសារ ក្នុងនោះ ឃុំដែលរងផលប៉ះពាល់ដោយទឹកជំនន់មាន៩ឃុំ ស្មើនឹង៥០ភូមិ និងមានប្រជាពលរដ្ឋចំនួន៥ឃុំ ស្មើនឹង៤៧១គ្រួសារ  ត្រូវបានជន្លៀសមកកាន់ទីទួលសុវត្ថិភាពចំនួន១៦ទីតាំង។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី បាននាំមកនូវការសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាទាំង៣ ដែលជាប្រមុខថ្នាក់ដឹកនាំកំពូល និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែគិតគូពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ពិសេសក្នុងស្ថានភាពដែលបងប្អូន បាននឹងកំពុងរងផលប៉ះពាល់គ្រោះដោយទឹកជំនន់ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ និងនិន្នាការនយោបាយអ្វីទ្បើយ។

រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី បានខិតខំគ្រប់លទ្ធភាព និងកៀរគរធនធានគ្រប់បែបយ៉ាងដើម្បីជួយដោះស្រាយជីវភាពរស់នៅ និងថែរក្សាសុខភាពជូនដល់ប្រជាពលរដ្ឋយើងនៅគ្រប់ទីកន្លែងទាំងអស់ ដែលរងផលប៉ះពាល់ដោយទឹកជំនន់។ រាជរដ្ឋាភិបាលបានប្តេជ្ញាចិត្តថា នឹងមិនទុកឲ្យប្រជាពលរដ្ឋកម្ពុជាណាម្នាក់ស្លាប់ដោយការអត់បាយឡើយ ក្នុងពេលដែលប្រទេសជាតិកំពុងជួបគ្រោះទឹកជំនន់នេះ។

ជាក់ស្ដែង ថ្ងៃនេះ កាកបាទក្រហមកម្ពុជា និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បាននាំយកនូវអំណោយជាស្បៀងអាហារ ចំនួនមកចែកជូនបងប្អូន ដែលរងគ្រោះដោយទឹកជំនន់ដើម្បីជួយរំលែកការលំបាករបស់បងប្អូន។ ឯកឧត្តម បន្ដថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា កាកបាទក្រហមកម្ពុជា និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សូមចូលរួមសោកស្ដាយចំពោះការខាតបង់ទ្រព្យសម្បត្ដិរបស់បងប្អូនក្នុងស្រុកកំពង់សៀម ក៏ដូចជាស្រុកដទៃទៀតក្នុងខេត្តកំពង់ចាម និងក្នុងទូទាំងប្រទេសនិយាយជារួម និងសូមអំពាវនាវដល់សប្បុរសជននានាសូមចូលរួមសកម្មភាពមនុស្សធម៌ជាមួយរាជរដ្ឋាភិបាល និងកាកបាទក្រហមកម្ពុជាក្នុងគ្រាដែលប្រជាពលរដ្ឋបាន និងកំពុងជួបប្រទះនូវគ្រោះទឹកជំនន់នេះ។

ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ក៏បានណែនាំដល់អាជ្ញាធរស្រុកកំពង់សៀម ត្រូវយកចិត្ដទុកដាក់ និងតាមដានឲ្យបានដិតដល់នូវទំហំនៃការខូចខាតដោយទឹកជំនន់នេះ និងត្រូវរកគ្រប់មធ្យោបាយដើម្បីជម្លៀសប្រជាជនមកកាន់ទីទួលសុវត្ថិភាពឱ្យបានទាន់ពេលវេលា និងផ្ដល់ស្បៀងអាហារឲ្យបានគ្រប់គ្រាន់ រួមទាំងការថែទាំសុខភាព ទឹកស្អាត  អនាម័យ និងទីជំរក ផងដែរ។

សូមបញ្ជាក់ថា អំណោយដែលយកមកចែកជូនជនរងគ្រោះដោយទឹកជំនន់នាពេលនេះ ក្នុង១គ្រួសារទទួលបាន មី១កេស ត្រីខ១០កំប៉ុង ពីកកបាទក្រហមកម្ពុជា និងទទួលបានអង្ករ២៥គីឡូក្រាម ពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner