អនុប្រធានធនាគារពិភពលោក ជួបសម្តែងការគួរសម និងពិភ្សាការងារជាមួយរដ្ឋមន្រ្តី ក្រសួងកសិកម្ម
នៅទីស្តីការក្រសួង នារសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ម្សិលមិញ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបលោកស្រី វិចតូរៀ ខ្វាខ្វា (Victoria Kwakwa) អនុប្រធានធនាគារពិភពលោកទទួលបន្ទុកអាស៊ីខាងកើត និងប៉ាស៊ីហ្វិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
លោកស្រីបានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តី ពីគោលបំណងនៃដំណើរទស្សនកិច្ចនៅកម្ពុជា លើកនេះគឺដើម្បីស្វែងយល់ពីគម្រោងវិនិយោគហិរញ្ញប្បទានដោយធនាគារពិភពលោក (WB) ដែលកំពុងដំណើរការនៅកម្ពុជា និងពិភាក្សាស្ថិតក្នុងខណ្ឌភាពជាដៃគូរវាងរាជរដ្ឋាភិបាលកម្ពុជា និងWB ឆ្នាំ២០១៩-២០២៣ ដែលក្រុមប្រឹក្សានាយកប្រតិបត្តិ WB បានអនុម័តរួចមកហើយកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩។
ដោយឡែក ជំនួបជាមួយឯកឧត្តមរដ្ឋមន្រ្តីនាពេលនេះ គឺដើម្បីសិក្សាស្វែងយល់បន្ថែមអំពីការវិវឌ្ឍរីកចម្រើនរបស់វិស័យកសិកម្ម និងធ្វើការចែករំលែកបទពិសោធន៍ទាក់ទងការអនុវត្តគម្រោងលទ្ធផល និងបញ្ហាប្រឈមនានា ដែលក្រសួងបានជួបប្រទះក្នុងអំឡុងពេលអនុវត្តន៍គម្រោង និងសេចក្តីត្រូវការលើកំណែទម្រង់ដែលតម្រូវឲ្យគម្រោងដែលស្ថិតនៅក្រោមជំនួយហិរញ្ញប្បទានរបស់ WB ធ្វើការកែតម្រូវបន្ថែម។
ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនភ្ញៀវផងដែរថា ដោយបានទទួលការគាំទ្រពីដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងភាគីពាក់ព័ន្ធ ធ្វើឲ្យវិស័យកសិកម្មមានការវិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ រហូតប្រែក្លាយទៅជាប្រទេសមួយផលិតស្បៀងលើសពីតម្រូវការ និងធ្វើការនាំចេញកសិផល ហើយសង្ឃឹមថាយើងនឹងបន្តអភិវឌ្ឍន៍វិស័យមួយនេះ ដើម្បីចូលរួមចំណែកសម្រេចចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនាឆ្នាំ២០៣០ និងឆ្នាំ២០៥០។
ដើម្បីសម្រេចចក្ខុវិស័យនេះ ឯកឧត្តម បានស្នើសុំឲ្យធនាគារជួយគិតគូពិចារណាក្នុងការរៀបចំយុទ្ធសាស្រ្ត និងគោលនយោបាយថ្មីៗបន្ថែមទៀត ឲ្យស្របតាមតម្រូវការស្ថានភាព និងគោលដៅជាក់ស្តែងរបស់ក្រសួង ដូចជាការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រសំខាន់ៗ ដែលជួយទ្រទ្រង់ដល់វិស័យកសិកម្ម ក្នុងនោះមានដូចជា ប្រព័ន្ធធារាសាស្រ្ត ផ្លូវលំ ឃ្លាំងស្តុក ប្រព័ន្ធទ្រទ្រង់ដល់ការកែច្នៃកសិផល ការធ្វើទំនើបកម្មកសិកម្មសមស្រប ការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា ការបណ្តុះបណ្តាលធនធានមនុស្ស ការងារស្រាវជ្រាវ និងផ្សព្វផ្សាយ។ល។
លោកស្រី វិចតូរៀ ខ្វាខ្វា បានសម្តែងនូវការគាំទ្រ និងឯកភាពតាមអ្វីដែលឯកឧត្តមរដ្ឋមន្រ្តីជម្រាបជូនខាងលើ ដោយហេតុផលថា ដើម្បីឲ្យវិស័យកសិកម្មរីកចម្រើនចាំបាច់ ត្រូវផលិតសម្រាប់ផ្គត់ផ្គង់ស្បៀងផង និងផលិតដើម្បីធ្វើការកែច្នៃ វេចខ្ចប់ និងនាំចេញ ដែលការងារនេះទាមទារឲ្យមានការបណ្តុះបណ្តាលធនធានមនុស្ស ការងារស្រាវជ្រាវ ការអនុវត្ត ឬផ្ទេរបច្ចេកវិទ្យាសមស្រប ទាន់សម័យ ការរៀបចំ ឬធ្វើផែនការផលិតច្បាស់លាស់ ការធ្វើទំនើបកម្ម និងពិពិធកម្មកសិកម្ម ការធ្វើកសិពាណិជ្ជកម្ម ការធ្វើយន្តូបនីយកម្មកសិកម្ម ការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា ការរៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រសំខាន់ៗ។
កត្តាទាំងអស់នេះ បើយើងខិតខំរួមគ្នាដោះស្រាយជាជំហានៗក្នុងទិសដៅវិជ្ជមានសមស្របមួយ និងទាន់ពេលវេលា នោះកសិផលកម្ពុជានាពេលអនាគតដ៏ខ្លីអាចធ្វើការប្រកួតប្រជែង បង្កើននូវតម្លៃបន្ថែម ប្រើប្រាស់អស់លទ្ធភាពនូវវត្ថុធាតុដើមមានតម្លៃ ប្រើប្រាស់ពលកម្មក្នុងស្រុក ធានាបាននូវគុណភាព អនាម័យ និងសុវត្ថិភាពស្របតាមស្តង់ដារទីផ្សារអន្តរជាតិ។
ចុងបញ្ចប់ ភាគីទាំងពីរបានសម្តែងនូវសុឆន្ទ:ពិតប្រាកដថា នឹងបន្តសហការគ្នាអភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជា ឲ្យមានការរីកចម្រើនបន្ថែមទៀត ស្របតាមកំណើនសេដ្ឋកិច្ចជាតិ កំណើនប្រជាជន ការប្រកួតប្រជែង និងសេចក្តីត្រូវការកសិផលដែលមានគុណភាពខ្ពស់ផ្គត់ផ្គង់លើទីផ្សារទាំងក្នុងស្រុក និងអន្តរជាតិ៕ធ.ដ