កម្ពុជាកំណត់គោលដៅកាត់បន្ថយការបញ្ចេញឧស្ម័ន៤២ភាគរយត្រឹមឆ្នាំ២០៣០ដើម្បីចូលរួមទប់ស្កាត់ការប្រែប្រួលអាកាសធាតុ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖រាជរដ្ឋាភិបាលកម្ពុជាបានកំណត់គោលដៅកាត់បន្ថយ ការ បញ្ចេញឧស្ម័នក្នុងអាត្រា ៤២ភាគរយ នៅត្រឹមឆ្នាំ២០៣០ ដើម្បី ចូលរួមចំណែកដោះស្រាយវិបត្តិប្រែប្រួលអាកាសធាតុជាសកល បើទោះបីកម្ពុជា ជាប្រទេសបញ្ចេញឧស្ម័នតិចតួចក្តី។ កម្ពុជា នឹង បង្កើនកញ្ចប់ថវិកាជាតិចំនួនបីដងសម្រាប់ដោះស្រាយបញ្ហានេះ។

នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ ក្នុងសន្និសីទគណបក្សអន្តរជាតិ តាមរយៈ ប្រព័ន្ធវីដេអូអនឡាញក្រោមប្រធានបទ «គោលនយោបាយ បរិស្ថាននិងការអភិវឌ្ឍប្រកបដោយចីរភាព» ធ្វើឡើងនៅសហព័ន្ធ រុស្ស៊ី សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់ ទៅកាន់បណ្តាថ្នាក់ដឹកនាំដែលចូលរួមក្នុងព្រឹត្តិការណ៍នេះពីការចូលរួមដ៏សំខាន់របស់កម្ពុជាក្នុងកិច្ចគាំពារបរិស្ថានដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជារបស់សម្ដេច។

ក្នុងសន្និសីទសម្ដេចតេជោ ហ៊ុនសែនបានរំលេចពីការខិតខំប្រឹងប្រែង របស់ រដ្ឋាភិបាលកម្ពុជាក្នុងការចូលរួមចំណែកដោះស្រាយវិបត្តិ ប្រែប្រួលអាកាសធាតុជាសកលដោយកម្ពុជាបានកំណត់គោលដៅក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នក្នុងអត្រា៤២ភាគរយឱ្យបានត្រឹមឆ្នាំ២០៣០។មិនតែប៉ុណ្ណោះប្រមុខរដ្ឋាភិបាលកម្ពុជាក៏បាន បញ្ជាក់ ផងដែរថា ក្នុងការទប់ស្កាត់វិបត្តិប្រែប្រួលអាកាសធាតុនេះ រដ្ឋាភិបាល កម្ពុជាបានបង្កើនថវិកាជាតិចំនូនបីដង។

សម្ដេចតេជោនាយករដ្ឋមន្ត្រីកម្ពុជាបានប្រាប់អង្គសន្និសីទថាបើទោះបីជាកម្ពុជាជាប្រទេសតូចនិងបានបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិចក្តីក៏កម្ពុជានៅតែប្តេជ្ញាចូលរួមដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុរបស់សកល។ «កម្ពុជាបានខិតខំបង្កើនការចូលរួមជាលំដាប់ ក្នុងការដោះ ស្រាយ បញ្ហាប្រឈមបរិស្ថានសកល រាប់ទាំងការប្រែប្រួល អាកាស ធាតុ ស្របតាមគោលការណ៍ “ការទទួលខុសត្រូវរួម ប៉ុន្តែកម្រិតផ្សេង គ្នាផ្អែកតាមសមត្ថភាពរៀងៗ”ខ្លួន»។សម្ដេចតេជោបញ្ជាក់។

សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា កម្ពុជាក៏បានកំណត់យក ការអភិវឌ្ឍបៃតង និងការទប់ទល់ការប្រែប្រួលអាកាសធាតុ ជា សមាសភាពរួមផ្សំដ៏សំខាន់ជាមួយនឹង ភាពធន់របស់សេដ្ឋកិច្ចកម្ពុជា នៅក្រោយវិបត្តិនៃជំងឺកូដ១៩ ផងដែរព្រមទាំងបាន កំណត់ក្នុងច្បាប់ ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជាដែលជាច្បាប់វិនិយោគថ្មីសំដៅលើកទឹកចិត្តដល់ការវិនិយោគថាមពលបៃតង សេដ្ឋកិច្ចបៃតង និងកិច្ចការពារបរិស្ថាន។

ទាក់ទងរឿងនេះ លោក ហេង គីមហុង ប្រធានផ្នែកកម្មវិធី និង តស៊ូមតិ នៃសមាគមបណ្ដាញយុវជនកម្ពុជា(CYN) បញ្ចេញ
យោបល់ថា ជុំវិញការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងកាត់បន្ថយ ការបញ្ចេញឧស្ម័នក្នុងអាត្រា ៤២ភាគរយនៅត្រឹមឆ្នាំ២០៣០ គឺជារឿងល្អក្នុងក្របខណ្ឌគោលនយោបាយ។តែទោះជាយ៉ាង ណាលោកនៅតែមានការព្រួយបារម្ភលើការអនុវត្តគោលនយោបាយនេះដោយហេតុថារដ្ឋាភិបាលកំណត់ថេរវេលាខ្លីពេកព្រោះសព្វថ្ងៃកម្ពុជាជាប្រទេសដែលបំភាយឧស្ម័នតាមរយៈការប្រើប្រាស់ថាមពលប្រេងឥន្ធនៈច្រើននិងជាពិសេសគឺការប្រើប្រាស់រថយន្តមួយទឹកនាំចូលពីបរទេសដែលជាភ្នាក់ងារបំភាយឧស្ម័នពុលខ្ពស់ជាដើម។

កន្លងមកអ្នកឃ្លាំមើលបញ្ហាបរិស្ថានរូបនេះមើលឃើញពីការខិតខំប្រឹងប្រែងនិងការយកចិត្តទុកដាក់របស់រដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ។រដ្ឋាភិបាលបានប្តេជ្ញាមិនបន្ថែមគម្រោងអភិវឌ្ឍន៍នានាបន្ថែមទៀតលើការទាញយកថាមពលពីធ្យូងថ្មនិងការមិនអនុញ្ញាតឲ្យមាននូវទំនប់វារីអគ្គីសនីនៅតាមដងទន្លេមេគង្គរបស់ខ្លួនដែលជាការចូលរូមចំណែកមិនបញ្ចេញថាមពលកខ្វក់ទៅបរិយាកាស។

ទោះជាយ៉ាងណាក្តី លោកហេង គីមហុងចង់ឃើញការខំប្រឹងអនុវត្ត បន្ថែមទៀតពីសំណាក់រដ្ឋាភិបាលកម្ពុជាលើការការពារគម្រប ព្រៃឈើ ការគ្រប់គ្រងកាកសំណល់ ការគ្រប់គ្រងសារធាតុគីមីនៅក្នុង វិស័យ កសិកម្ម-កសិឧស្សាហកម្ម ដែលជាផ្នែកមួយចូលរួមចំណែកខ្ពស់លើ ការប្រែប្រួលអាកាសធាតុជាសាកល។

គួររំឭកថា កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ កន្លងទៅនៅ ក្នុង សេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំរដ្ឋមន្រ្តីការបទេសអាស៊ាន លើក ទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាជាម្ចាស់ ប្រមុខការទូត អាស៊ាន បាន ស្វាគមន៍ចំពោះការអនុម័តកិច្ចព្រមព្រៀង
អាកាស ធាតុ នៅសន្និសីទអង្គការសហប្រជាជាតិស្តីពីអាកាសធាតុ COP 26 ក្នុងទីក្រុង ក្លាសកូវ(Glasgow)នៅចក្រភព អង់គ្លេស។ប្រមុខការទូតអាស៊ានក៏បានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តចំពោះអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) ផងដែរ។

កាលពីឆ្នាំ២០២០ កម្ពុជាជាប្រទេសមួយ ក្នុងចំណោមប្រទេស៧២ ដែលបានដាក់របាយការណ៍បច្ចុប្បន្នភាពនៃការចូលរួម ចំណែក របស់ ខ្លួន ក្នុងការអនុវត្តអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្ដីពីការ ប្រែប្រួល អាកាសធាតុ(NDC)ទៅលេខាធិការដ្ឋាន UNFCCC មុន ពេលកំណត់។បន្តមកនៅឆ្នាំ២០២១កម្ពុជាបានដាក់ជូននូវយុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន ឬ ”Cambodia’s Long Term Strategy for Carbon Neutrality(LTS4CN)” ជាមួយ គោលដៅលើការបញ្ចេញឧស្ម័នស្មើសូន្យនៅ ត្រឹមឆ្នាំ២០៥០៕
ដោយ៖ សំបាន ច័ន្ទដារ៉ា

ads banner