យុទ្ធសាស្ត្រប្រឆាំងភេរវកម្មថ្មីរបស់លោក ចូ បៃដិន ដាក់កម្រិតលើការប្រើប្រាស់យន្តហោះដ្រូន ដើម្បីការពារអាយុជីវិតជនស៊ីវិល
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃសុក្រទី០៧ ខែតុលានេះ បានដាក់ចេញជាផ្លូវការនូវការណែនាំ ឬច្បាប់ថ្មី ដែលកាត់បន្ថយការប្រើប្រាស់យន្តហោះដ្រូនប្រដាប់អាវុធនៅខាងក្រៅតំបន់សង្គ្រាម ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រប្រឆាំងភេរវកម្មថ្មី ដោយផ្តល់អាទិភាពកាន់តែខ្លាំងលើការការពារអាយុជីវិតជនស៊ីវិល។
គោលនយោបាយថ្មីនេះ តម្រូវឱ្យមានការយល់ព្រមពីប្រធានាធិបតីសិន មុនពេលដែលជនសង្ស័យជាក្រុមភេរវករត្រូវបានបញ្ចូលទៅក្នុងបញ្ជីគោលដៅរបស់រដ្ឋាភិបាលអាមេរិក សម្រាប់សកម្មភាពដ៏សាហាវដែលអាចកើតមាន រួមទាំងការវាយប្រហារដោយយន្តហោះដ្រូន និងការវាយឆ្មក់ក្នុងប្រតិបត្តិការពិសេស។ នេះបើតាមការបញ្ជាក់របស់មន្ត្រីរដ្ឋបាលជាន់ខ្ពស់អាមេរិកក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។
ទន្ទឹមគ្នា ទីប្រឹក្សាសន្តិសុខមាតុភូមិរបស់អាមេរិក លោកស្រី Liz Sherwood-Randall បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការណែនាំផ្លូវការប្រឆាំងនឹងភេរវកម្មរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងដឹកនាំរដ្ឋបាលរបស់គាត់ឱ្យយល់ដឹង និងរហ័សរហួន ក្នុងការការពារប្រជាជនអាមេរិក ប្រឆាំងនឹងការវិវត្តនៃបញ្ហាប្រឈមពីពួកភេរវករជាសកល។
លោកស្រីថា ច្បាប់ថ្មីរបស់លោកប្រធានាធិបតីលើការប្រើប្រាស់សកម្មភាពដ៏សាហាវ និងប្រតិបត្តិការវាយប្រហារនៅខាងក្រៅតំបន់អរិភាពសកម្ម គឺតម្រូវឱ្យប្រតិបត្តិការប្រឆាំងភេរវកម្មរបស់សហរដ្ឋអាមេរិក បំពេញតាមស្តង់ដារខ្ពស់បំផុតនៃភាពច្បាស់លាស់ និងម៉ត់ចត់ រួមទាំងការកំណត់គោលដៅសមស្រប ជាពិសេសកាត់បន្ថយចំនួនជនស៊ីវិលដែលបាត់បង់ជីវិត។
ច្បាប់ថ្មីនេះដែរធ្វើឡើងមួយថ្ងៃបន្ទាប់ពីកងកម្លាំងអាមេរិកបានសម្លាប់មេដឹកនាំរដ្ឋអ៊ីស្លាមជាន់ខ្ពស់បីនាក់ នៅក្នុងប្រតិបត្តិការយោធាពីរដាច់ដោយឡែកពីគ្នាក្នុងប្រទេសស៊ីរី កាលពីថ្ងៃព្រហស្បតិ៍ រួមទាំងការវាយឆ្មក់នៅលើដីដ៏កម្រមួយនៅក្នុងផ្នែកមួយនៃភាគឦសានដែលគ្រប់គ្រងដោយរបបដឹកនាំស៊ីរី។ ទោះបីជាយ៉ាងណាក៏ដោយ នៅក្រោមការណែនាំរបស់លោក បៃដិន ស៊ីរីត្រូវបានចាត់ទុកថា ជាតំបន់ជម្លោះ ដែលមិនចាំបាច់មានការយល់ព្រមពីប្រធានាធិបតីជាក់លាក់ណាមួយឡើយ ។
ដោយឡែកការវាយប្រហារនៅអាហ្វហ្គានីស្ថាន ជាកន្លែងដែលសហរដ្ឋអាមេរិកកាលពីខែសីហា បានសម្លាប់មេដឹកនាំអាល់កៃដា Ayman al-Zawahri បើតាមការណែនាំថ្មីរបស់ បៃដិន នឹងតម្រូវឱ្យមានការយល់ព្រមពីប្រធានាធិបតីជាមុនសិន៕ ប្រភព៖ AP ប្រែសម្រួល៖ ទីណា និងបុត្រា



