ប្រធានាធិបតីតួកគីថា តួកគីត្រៀមខ្លួនជាស្រេចដើម្បីជួយដោះស្រាយសង្គ្រាមនៅអ៊ុយក្រែនដោយសន្តិវិធី

អង់ការ៉ា៖ ប្រធានាធិបតីតួកគីលោក តាយយីប អឺដូហ្គាន់ បានប្រាប់សមភាគីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន នៅក្នុងការសន្ទនាគ្នាតាមប្រព័ន្ធទូរស័ព្ទនៅថ្ងៃសុក្រទី០៧ ខែតុលានេះថា ប្រទេសតួកគីបានត្រៀមខ្លួនរួចជាស្រេច ក្នុងការរួមចំណែកដល់ការដោះស្រាយសង្គ្រាមនៅអ៊ុយក្រែនដោយសន្តិវិធី ដើម្បីផលប្រយោជន៍ទាំងអស់គ្នា។

នាឱកាសនោះដែរ មេដឹកនាំទាំងពីរបានផ្លាស់ប្តូរទស្សនៈ ស្តីអំពីការពង្រឹងទំនាក់ទំនងរវាងតួកគី និងរុស្ស៊ី ក៏ដូចជាស្ថានការណ៍វិវត្តចុងក្រោយនៃជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយការិយាល័យប្រធានាធិបតីតួកគី។

បើតាមសេចក្តីថ្លែងការណ៍ដដែលនេះ លោក អឺដូហ្គាន់ បានរំលឹកឡើងវិញថា ប្រទេសតួកគីបានត្រៀមខ្លួនរួចជាស្រេច ដើម្បីរួមចំណែកស្វែងរកដំណោះស្រាយដោយសន្តិវិធីក្នុងជម្លោះនៅអ៊ុយក្រែន សម្រាប់ជាផលប្រយោជន៍ទាំងអស់គ្នា។

តួកគីដែលមានទំនាក់ទំនងល្អទាំងជាមួយអ៊ុយក្រែន និងរុស្ស៊ី បានដើរតួជាអ្នកសម្រុះសម្រួលរវាងប្រទេសទាំងពីរ ចាប់តាំងពីជម្លោះរបស់ប្រទេសទាំងពីរបានផ្ទុះឡើងកាលពីចុងខែកុម្ភៈមក ។

ជាក់ស្តែងនៅថ្ងៃទី២២ ខែកក្កដា អ៊ុយក្រែន-រុស្ស៊ីបានចុះហត្ថលេខាដាច់ដោយឡែកពីគ្នា ជាមួយតួកគី និងអង្គការសហប្រជាជាតិនៅទីក្រុងអ៊ីស្តង់ប៊ុល ដើម្បីបន្តការដឹកជញ្ជូនស្បៀងអាហារ និងជីពីកំពង់ផែអ៊ុយក្រែនទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈសមុទ្រខ្មៅ ។

ដោយឡែក កាលពីខែកញ្ញាកន្លងមកនេះ លោក អឺដូហ្គាន់ ក៏បានប្រកាសដែរថា រុស្ស៊ី និងអ៊ុយក្រែនបានផ្លាស់ប្តូរអ្នកទោសសង្គ្រាមគ្នាប្រហែល ២០០នាក់ ដែលជាលទ្ធផលនៃការសម្របសម្រួលរបស់ប្រទេសតួកគី ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner