ប្រធានទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិនឹងទៅរុស្ស៊ីសប្តាហ៍ក្រោយ ដើម្បីពិភាក្សាពីមធ្យោបាយធានាសុវត្ថិភាពដល់រោងចក្រ ហ្សាប៉ូរីសហ្ស៊ីយ៉ា
បរទេស៖ ប្រធានទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) លោក Rafael Grossi គ្រោងនឹងទៅបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ីនាដើមសប្តាហ៍ក្រោយនេះ ដើម្បីពិភាក្សាអំពីមធ្យោបាយធានាសុវត្ថិភាពដល់រោងចក្រថាមពលនុយក្លេអ៊ែរ ហ្សាប៉ូរីសហ្ស៊ីយ៉ា ក្នុងប្រទេសអ៊ុយក្រែន។
សេចក្តីប្រកាសរបស់ប្រធានទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) លោក Rafael Grossi នៅថ្ងៃសុក្រទី០៧ ខែតុលានេះ ធ្វើឡើងក្រោយមានការភ័យខ្លាចជាបន្តបន្ទាប់ពីមហន្តរាយនុយក្លេអ៊ែរ ដោយសារមានការបាញ់ផ្លោងជាច្រើនលើកនៅជុំវិញរោងចក្រនេះ ដែលបច្ចុប្បន្នស្ថិតក្រោមការគ្រប់គ្រងរបស់កងទ័ពរុស្ស៊ី។
លោក Grossi បន្តថា ការបាញ់ផ្លោងកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានធ្វើឱ្យខូចខ្សែថាមពលដែលផ្តល់ចរន្តអគ្គិសនីដល់ម៉ាស៊ីនរ៉េអាក់ទ័រមួយរបស់រោងចក្រ ហើយថា រោងចក្រនេះត្រូវបានបង្ខំឱ្យពឹងផ្អែកលើម៉ាស៊ីនភ្លើងសង្គ្រោះបន្ទាន់ជាបណ្តោះអាសន្ន។
លោក Grossi បានចង្អុលបង្ហាញថា រោងចក្រដូចគ្នានេះដែរ ក៏បានបាត់បង់ការផ្គត់ផ្គង់ថាមពលពីខាងក្រៅផងដែរ ដោយសារការបាញ់ផ្លោងកាលពីថ្ងៃទី២១ ខែកញ្ញាកន្លងទៅ ហើយបានដំណើរការជាបណ្តោះអាសន្នដោយម៉ាស៊ីនភ្លើង។
ម៉ាស៊ីនរ៉េអាក់ទ័រទាំង ៦ របស់រោងចក្រ ហ្សាប៉ូរីសហ្ស៊ីយ៉ា បច្ចុប្បន្នស្ថិតក្នុងស្ថានភាពមិនដំណើរការ។ លោក Grossi បាននិយាយថា មានតម្រូវការបន្ទាន់មួយ ដើម្បីបង្កើតបរិយាកាសស្ថេរភាពបន្ថែមទៀតសម្រាប់រោងចក្រ និងបុគ្គលិករបស់រោងចក្រនេះ។ លោកថា គាត់នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ី សម្រាប់ការពិគ្រោះយោបល់បន្ថែមអំពីសំណើរបស់ IAEA ដើម្បីបង្កើតតំបន់ការពារជុំវិញទីតាំងរោងចក្រនោះ៕ ប្រភព៖ NHK ប្រែសម្រួល៖ ទីណា និងបុត្រា


