លោកឧកញ៉ា ឡេង ណាវ៉ាត្រា ចេញមុខបកស្រាយជុំវិញភាពចម្រូងចម្រាស់នៅព្រលានយន្តហោះប្រទេសកូរ៉េ ក្រោយវិលត្រឡប់មកដល់កម្ពុជាវិញ
ភ្នំពេញ៖ ខណៈដែលរឿងរ៉ាវកក្រើកហ្វេសប៊ុក ជុំវិញបុរសមួយក្រុមថតបង្ហោះពីសកម្មភាពសិល្បករ អមដោយការជេរប្រមាថពូជខ្មែរ និង ដៀលអ្នកសិល្បៈធ្វើឲ្យផ្ទុះប្រតិកម្មពេញស្រទាប់មហាជននោះ គេមិនទាន់ឃើញលោកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលត្រូវភាគីម្ខាងទៀតកាត់តវីដេអូ ហើយចោទថា មានបំណងចង់ប្រើអំពើហិង្សានៅព្រលានអ៊ីនឆន ប្រទេសកូរ៉េ ចេញប្រតិកម្ម ឬ បកស្រាយនោះទេ ។
យ៉ាងណាមិញ ផ្អែកតាមហ្វេសប៊ុកនៅព្រឹកថ្ងៃទី១៧ ខែកញ្ញានេះ លោកឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ហោះសារបកស្រាយដោយសរសេរជាសាធារណៈថា រឿងពិតកើតឡើងនៅព្រលានអ៊ីនឆន ប្រទេសកូរ៉េទេ ដែលជាការព្យាយាមថតលើកទី២របស់បងប្អូន បន្ទាប់ពីថតជេប្រមាថនៅម៉ាឡេស៊ីហើយ ម៉្យាងទៀតដោយសារទីនោះយើងកំពុងឈរនៅកន្លែងអន្តោប្រវេស គឺកន្លែងដែលហាមឃាត់ការថតគ្រប់រូបភាព ។ បើនិយាយពីច្បាប់នៅកូរ៉េ ថតគេគ្មានការអនុញាតិអាចមានទោសដល់ជាប់គុក ហើយជាប់ black list ជាពិសេសកន្លែងអន្តោប្រវេសទៀត ក្រុមសិល្បៈព្យាយាមសម្រមសម្រួលអោយបញ្ចប់ តែក្រុមបងប្អូនកាន់តែទាញកាមេរ៉ាថតច្រើនឡើង ព្រោះការថតនេះមិនមែនថតរិះគន់ធម្មតាទេ ជាកាថតតិះដៀលប្រមាថ ។
ក្នុងកិច្ចសម្ភាសន៍មួយ លោក ហេង ឡុង ស្វាមីអ្នកនាង ចន ច័ន្ទលក្ខិណា ដែលស្ថិតក្នុងហេតុការណ៍នោះបញ្ជាក់បន្ថែមថា ក្នុងរូបភាពដែលក្រុមឆ្មក់ថតវីដេអូបានបង្ហោះកាត់តនោះ មិនមែនលោកឧកញ៉ា ឡេង ណាវ៉ាត្រា ចង់ហក់ទៅវាយតប់ជាមួយអ្នកថត ដូចការចោទប្រកាន់នោះទេ គឺលោកឧកញ៉ាគ្រាន់តែខឹងរឿងបុរសនោះ គ្រាន់តែនិយាយចចារគ្នាសោះ ក៏ថតវីដេអូ ទើបលោកឧកញ៉ាស្ទុះទៅបម្រុងចាប់ឃាត់កាមេរ៉ាទូរស័ព្ទកុំអោយបន្តថត តែដោយតែលោកខ្លាចមានរឿង ហើយចាប់ដៃកុំអោយលូកទៅ ទើបមើលទៅដូចចង់ហក់វ៉ៃ ក្រោយពេលអ្នកបង្ហោះក៏ព្យាយាមកាត់តប្លង់នោះដដែលៗ ដើម្បីចោទប្រកាន់ ។ លោក ហេង ឡុង បន្តថា មិនមែនត្រឹមតែលោកឧកញ៉ានោះទេ សូម្បីតែលោកក៏ទទួលយកមិនបាននោះដែរ នៅពេលឮអ្នកថតរូបរបស់ក្រុមខ្លួនយកទៅបង្ហោះបំប៉ោងស្ថានការណ៍ ហើយស្រាប់តែពេលចរចារអោយលុបវីដេអូនោះចោល ប្រកាសមិនព្រមលុប និងបន្តថតវីដេអូបន្ថែមទៀត ដើម្បីបំប៉ោងហេតុការណ៍អោយកាន់តែមើលទៅធ្ងន់ធ្ងរ ។ លោកទទួលស្គាល់ចំពោះកំហុសរបស់ក្រុមអ្នករួមដំណើរដែលសាងកំហុសឆ្គងនៅព្រលានយន្តហោះនៅប្រទេសម៉ាឡេស៊ី ប៉ុន្តែអ្វីដែលលោកទទួលយកមិនបាន គឺក្រុមអ្នករិះគន់ថតបង្ហោះ ដោយមិនបានមកស្នើអោយក្រុមរបស់លោកដែលមានកំហុសដោយអចេតនាបញ្ឈប់សកម្មភាពជាមុនសូម្បីបន្តិច ហើយស្រាប់តែថតវីដេអូយកទៅបង្ហោះ ដោយប្រើពាក្យដៀលប្រមាថជាតិខ្មែរ និងអ្នកសិល្បៈមួយប្រទេស ដែលលោកយល់ថា នោះគឺជាការបំប៉ោងស្ថានការណ៍ និងធ្វើអោយគេមើលងាយជាតិខ្មែរពេញពិភពលោក ខណៈដែលហេតុការណ៍នោះ បើក្រុមអ្នកទើសមកប្រាប់តែបន្តិច គឺនឹងមិនមានអ្វីកើតឡើង ។ ម្យ៉ាងសំលេងភ្លេង និងការរាំលេងនៅក្នុងពេលនោះ ក៏នៅឆ្ងាយពីកន្លែងគេអង្គុយ និងមិនបានបើកសំលេងឮៗបង្កការប៉ះពាល់នៅកន្លែងរង់ចាំនោះដែរ ។ លោកបន្តថា បើមានអ្នកដំណើរ ឬ អ្នកបម្រើការនៅក្នុងព្រលាននៅម៉ាឡេស៊ីណាម្នាក់មកប្រាប់ ឬមកហាម ហើយពួកលោកមិនឈប់ លោកថា វាសមខ្លាំងណាស់ក្នុងការបង្ហោះ ប៉ុន្តែបរិយាកាសគឺមិនមានតែម្ដង ទើបក្រុមលោកពិបាកទទួលយកនៅពេលឃើញវីដេអូបង្ហោះឡើង អមដោយការប្រមាថ ។ លោកថា គ្រប់យ៉ាងបើជាខ្មែរដូចគ្នា គឺគ្រាន់តែមកប្រាប់ ឬ គ្រាន់តែសម្រួលគ្នា ដោយលុបវីដេអូ ហើយក្រុមលោកទទួលកំហុសរឿងរាំលេងនោះ វាចប់បាត់ហើយ ប៉ុន្តែមកពីក្រុមនោះចង់បង្ក និង ចង់បំប៉ោងស្ថានការណ៍អោយធ្ងន់ ទើបមើលទៅកាន់តែអាក្រក់ ។ លោកនៅតែអះអាងថា លោកឧកញ៉ា ឡេង ណាវ៉ាត្រា មិនមែនចង់ប្រើហិង្សាដូចការកាត់ត និងបង្ខូចឈ្មោះក្នុងវីដេអូទេ ប៉ុន្តែមកពីលោកចាប់ដៃ ស្របពេលលោកឧកញ៉ាហក់ទៅចាប់កាមេរ៉ា ហើយក្រុមនោះកាត់តដដែលៗ ទើបមើលទៅដូចជាសកម្មភាពចង់ប្រើហិង្សា ការពិតមិនមែនទេ ។ យ៉ាងណាមិញលោកថា សម្រាប់លទ្ធផលពាក្យបណ្ដឹងដែលបានដាក់បណ្ដឹង លោកសុំមិនទាន់បកស្រាយទេ ដោយទុកអោយមេធាវីបន្តនិតិវិធី ៕