គណៈកម្មាធិការប៉ារ៉ាឡាំពិកកម្ពុជា បើកវគ្គបណ្តុះបណ្តាលកីឡាប៉ារ៉ាឡាំពិក និងបច្ចេកទេសប៉ារ៉ាហ្គេម ត្រៀមរៀបចំកីឡាជាតិលើកទី៣

ភ្នំពេញ៖ មន្រ្តីគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា មានគ្រូបង្វឹក និងយុវជនស័្មគ្រចិត្ត ដែលចូលរួមជាមួយគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកម្ពុជា ត្រូវបានបើកវគ្គបណ្តុះបណ្តាលកីឡាប៉ារ៉ាឡាំពិក និងបច្ចេកទេសប៉ារ៉ាហ្គេម ត្រៀមចូលក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៣ ដែលជាការប្រកួតចូលរួមលើកដំបូងរបស់អត្តពលិកជនពិការកម្ពុជា ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃ ទី១ ខែ ធ្នូ ឆ្នាំ២០២២។

វគ្គបណ្តុះបណ្តាលនេះ បានធ្វើពិធីបើកក្រោមវត្តមាន ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា និងឯកឧត្តម យី វាសនា អគ្គលេខាធិការប៉ារ៉ាឡាំពិកកម្ពុជា នៅអាគារមជ្ឈមណ្ឌលតេជោ សែន នាព្រឹកថ្ងៃទី១០ ខែ តុលា ឆ្នាំ២០២២។
ឯកឧត្តម អ៊ុក សិទ្ធិជាតិ បានមានប្រសាសន៍លើកឡើងថា ព្រឹត្តិការណ៍កីឡាជាតិលើកទី៣នេះ គឺបានរៀបចំចំនួនពីរលើករួចមកហើយ ប៉ុន្តែសម្រាប់កីឡាជនពិការទើបតែលើកទី១ប៉ុណ្ណោះ ដែលក្រសួងអប់រំយុវជននិងកីឡាបានដាក់ឲ្យមានការប្រកួតប្រជែងដូចកីឡាមិនពិការដែរ ។

ការដាក់ប្រភេទកីឡាជនពិការក្នុងព្រឹត្តិការកីឡាជាតិលើកទី៣ គឺដើម្បីជំរុញអភិវឌ្ឍសមត្ថភាពអត្តពលិកជនពិការ ក៏ដូចជាផ្តល់បទពិសោធន៍ផ្នែកបច្ចេកទេសនៃការរៀបចំនៃការរៀបចំការប្រកួតដល់មន្រ្តីបច្ចេកទេសឆ្ពោះទៅទទួលបាននូវជោគជ័យក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ដូច្នោះហើយ ទើបមុន នឹងឈានដល់ព្រឹត្តិការណ៍កីឡាជាតិលើកទី៣ យើងចាំបាច់ត្រូវបើកវគ្គបណ្តុះបណ្តាលដល់មន្រ្តីជំនាញបច្ចេកទេសរបស់យើងឲ្យបានច្បាស់លាស់ ដើម្បីឲ្យព្រឹត្តិការណ៍ទាំងមូលទទួលបានជោគជ័យ។

ឯកឧត្តម អគ្គនាយកីឡា បានស្នើរសុំឲ្យមន្រ្តីបច្ចេកទេសគ្រូបង្វឹកយុវជនស័្មគ្រចិត្តទាំងអស់ដែលបានចូលរួមក្នុងវគ្គនេះ មេត្តាយកចិត្តទុកដាក់ក្រេបជញ្ជក់ចំណេះដឹង ដើម្បីយកទៅអនុវត្តឲ្យទទួលបានជោគជ័យក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៣។

គួរបញ្ជាក់ថា វគ្គបណ្តុះបណ្តាលកីឡាប៉ារ៉ាឡាំពិក និងបច្ចេកទេសប៉ារ៉ាហ្គេម ត្រៀមរៀបចំកីឡាជាតិលើកទី៣ មានរយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី១០ បញ្ចប់នៅថ្ងៃទី១៣ ខែ តុលា ឆ្នាំ២០២២ មានសិក្ខាកាមដែលជាមន្រ្តី គ្រូបង្វឹក និងយុវជនស្ម័គ្រចូលរួមជាង៩០នាក់។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាជាតិលើកទី៣ដែលជាការចូលរួមរបស់អត្តពលិកជនពិការលើកដំបូងនេះ ក្រសួងអប់រំយុវជននិងកីឡាសម្រេចដាក់៧ប្រភេទកីឡានិង វិញ្ញាសា៤៩វិញ្ញាសា ក្នុងនោះមាន អត្តពលកម្ម ហែលទឹក បាល់បោះជិះរទះ បាល់ទះអង្គុយ វាយសី ប៊ូស្យ៊ែ និងវាយកូនឃ្លីលើតុ ៕ អត្ថបទ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner