នាយករដ្ឋមន្ត្រីថៃ បញ្ជាឱ្យរឹតបន្តឹងការគ្រប់គ្រងអាវុធ និងបង្ក្រាប គ្រឿងញៀន ក្រោយការសម្លាប់រង្គាលនៅមណ្ឌលថែទាំកុមារ

ថៃ៖ នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចាកាលពីថ្ងៃចន្ទ ទី១០ខែ តុលា ឆ្នាំ២០២២ បានបញ្ជាឱ្យភ្នាក់ងារអនុវត្តច្បាប់រឹត បន្តឹងច្បាប់កាន់កាប់កាំភ្លើងនិងបង្រ្កាបការប្រើប្រាស់គ្រឿងញៀន។ បទបញ្ជានេះបានកើតឡើងប៉ុន្មានថ្ងៃក្រោយហេតុការណ៍សម្លាប់រង្គាលនៅមណ្ឌលថែទាំកុមារក្នុងខេត្ត ណងបួឡាំភូ ដែលបានធ្វើឱ្យ ប្រជាជនថៃពាសពេញប្រទេសរន្ធត់ចិត្តជាខ្លាំង។មនុស្សសរុប ចំនួន ៣៦នាក់ ក្នុងចំណោមនោះមាន ២៤នាក់ជាកុមារត្រូវបានបាញ់ និងចាក់សម្លាប់ដោយកាំបិតកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនដោយអតីតមន្ត្រីប៉ូលិសថៃម្នាក់ដែលក្រោយមកបានទៅសម្លាប់ប្រពន្ធនិងកូនខ្លួនឯងទៀត មុនធ្វើអត្តឃាតតាមក្រោយ។នេះគឺការសម្លាប់កុមារ ដ៏គួរឲ្យតក់ស្លុតបំផុតមួយ នៅក្នុងការសម្លាប់រង្គាលដោយ ឃាតករតែ ម្នាក់ក្នុងប្រវត្តិសាស្ត្រថ្មីៗនេះ។

អ្នកនាំពាក្យរដ្ឋាភិបាលថៃលោក អានូឆា (Anucha) បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា បានណែនាំអាជ្ញាធរឱ្យស្រាវជ្រាវ និងធ្វើតេស្តយ៉ាង សកម្មចំពោះការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ក្នុងចំណោមមន្ត្រីនិងសហគមន៍ ព្រមទាំងបង្កើនការព្យាបាលអ្នកញៀនថ្នាំ។

លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ បានបញ្ជាឱ្យមន្ត្រីអត្រានុកូលដ្ឋានថៃ ដកហូតអាជ្ញាប័ណ្ណកាំភ្លើងរបស់ម្ចាស់កម្មសិទ្ធិចុះបញ្ជីទាំងឡាយណាដែលត្រូវបានរាយការណ៍ថាមានអាកប្បកិរិយា «គំរាមកំហែងដល់ សង្គម» និង «បង្កើតភាពចលាចលឬបង្កឱ្យមានភាពចលាចល» ទន្ទឹមនឹងប្រតិបត្តិការបង្ក្រាបការលក់កាំភ្លើងខុសច្បាប់ ការរត់ពន្ធ អាវុធ និងការប្រើប្រាស់អាវុធខុសច្បាប់។

អាជ្ញាធរថៃ គ្រោងនឹងប្រមូលកាំភ្លើងពីក្រុមមន្ត្រី និងប៉ូលិសដែល បានប្រើអាវុធមិនត្រឹមត្រូវ ឬមានអាកប្បកិរិយាគឃ្លើនក្នុង កាតព្វកិច្ច។ ទន្ទឹមនេះ អគ្គស្នងការនគរបាលជាតិថៃលោក ដំរ៉ុងស័ក្តិ គីតប្រាប៉ា (Damrongsak Kittprapas) បានប្រាប់អ្នកយក ព័ត៌មានថា ការត្រួតពិនិត្យសុខភាពផ្លូវចិត្តជាទៀងទាត់ ក៏នឹងត្រូវ បានទាមទារផងដែរសម្រាប់អ្នកដាក់ពាក្យសុំអាជ្ញាប័ណ្ណ និង អ្នកកាន់ កាំភ្លើង។គួរជ្រាបថា អត្រានៃការកាន់កាប់កាំភ្លើង នៅក្នុងប្រទេសថៃ មានចំនួនខ្ពស់បើធៀបនឹងប្រទេសមួយចំនួនទៀតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ហើយតួលេខផ្លូវការ ក៏មិនបានរាប់បញ្ចូលចំនួនអាវុធ ដែល ត្រូវបានកាន់កាប់ដោយខុសច្បាប់ជាច្រើនសន្ធឹកសន្ធាប់ដែរ។

ការបាញ់ប្រហារទ្រង់ទ្រាយធំ គឺកម្រកើតមានណាស់នៅថៃ។ ប៉ុន្តែ នៅឆ្នាំ ២០២០ ទាហានម្នាក់ដែលខឹងសម្បាចំពោះកិច្ច ព្រមព្រៀង អចលនទ្រព្យដ៏ជូរចត់មួយ បានសម្លាប់មនុស្សយ៉ាងតិច ២៩ នាក់ និងធ្វើឲ្យរបួសមនុស្ស ៥៧ នាក់ នៅក្នុងការបាញ់ប្រហារ លើទីតាំង ចំនួន បួនកន្លែង៕
ដោយ៖លី លីយ៉ា
ប្រភពព័ត៌មាន៖

  1. Thai PM orders tighter gun control, drugs crackdown after mass killing
ads banner