នាយករដ្ឋមន្រ្តីអង់គ្លេសស្នើបើកកិច្ចប្រជុំបន្ទាន់នៃមេដឹកនាំណាតូ បន្ទាប់ពីរុស្ស៊ីបង្កើនការវាយប្រហារលើទីក្រុងនានារបស់អ៊ុយក្រែន

ឡុងដ៍៖ វិមាន Downing Street បញ្ជាក់ថា នាយករដ្ឋមន្ត្រីអង់គ្លេស លោក លីស ត្រាស់ នៅថ្ងៃអង្គារទី១១ ខែតុលានេះ នឹងប្រាប់មេដឹកនាំក្រុមប្រទេស G7 ផ្សេងទៀត ឱ្យរក្សាស្ថិរភាពក្នុងការគាំទ្ររបស់ពួកគេចំពោះអ៊ុយក្រែន ហើយស្នើសុំបើកកិច្ចប្រជុំបន្ទាន់មួយរបស់មេដឹកនាំអង្គការណាតូ បន្ទាប់ពីរុស្ស៊ីបានបង្កើនការវាយប្រហារលើទីក្រុងនានារបស់អ៊ុយក្រែន។

រដ្ឋាភិបាលអង់គ្លេសបានលើកឡើងថា ការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីទៅលើតំបន់ជនស៊ីវិលក្នុងប្រទេសអ៊ុយក្រែន គឺជារឿងដែលមិនអាចទទួលយកបាន ហើយលោកស្រី ត្រាស់ ថ្លែងថា កិច្ចប្រជុំមេដឹកនាំក្រុមប្រទេស G7 តាមប្រព័ន្ធវីដេអូអនឡញ ដែលប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ក៏នឹងចូលរួមផងដែរនោះ គឺជាឱកាសដើម្បីបញ្ជាក់ឡើងវិញនូវការរួបរួម ប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។ ការិយាល័យនាយករដ្ឋមន្រ្តីអង់គ្លេស បានបញ្ជាក់ថា លោកស្រី ត្រាស់ នឹងនិយាយថា ការរីកចម្រើនផ្នែកយោធារបស់អ៊ុយក្រែន ត្រូវបានសម្របសម្រួលដោយជំនួយយោធា និងជំនួយមនុស្សធម៌ដោយសហគមន៍អន្តរជាតិ ក៏ដូចជាផលប៉ះពាល់នៃទណ្ឌកម្មលើប្រទេសរុស្ស៊ីផងដែរ។

លោកស្រី ត្រាស់ នឹងបន្ថែមថា ទណ្ឌកម្មគួរតែត្រូវបានរក្សា និងស្នើឱ្យមានការប្រជុំពេញលេញនៃក្រុមមេដឹកនាំណាតូនៅប៉ុន្មានថ្ងៃខាងមុខនេះ ហើយលោកស្រីនឹងនិយាយថា ការគាំទ្រជាអន្តរជាតិដ៏លើសលប់សម្រាប់ការតស៊ូរបស់អ៊ុយក្រែន គឺជាការប្រឆាំងដាច់ខាតនឹងការឈ្លានពានរបស់រុស្ស៊ី ក៏ដូចជាដាក់រុស្ស៊ីឱ្យឯកោនៅលើឆាកអន្តរជាតិ៕ ប្រភព៖ Reuters ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner