ថៃគ្រោងលក់មូលបត្របំណុលសន្សំរាជរដ្ឋាភិបាលចំនួន ៣,៤ ពាន់លានដុល្លារក្នុងឆ្នាំសារពើពន្ធ ២០២៣

បាងកក៖ មន្ត្រីក្រសួងហិរញ្ញវត្ថុថៃបាននិយាយ នាថ្ងៃពុធនេះថា ប្រទេសថៃគ្រោងនឹងលក់មូលបត្របំណុលសន្សំរាជរដ្ឋាភិបាលចំនួន១៣០ ពាន់លានបាត (៣.៤១ ពាន់លានដុល្លារ) ក្នុងឆ្នាំសារពើពន្ធបច្ចុប្បន្ន ដែលចាប់ផ្តើមក្នុងខែតុលា ដើម្បីជួយផ្តល់ហិរញ្ញប្បទាន ដល់ឱនភាពថវិការបស់ប្រទេស ។

លោកស្រី Patricia Mongkhonvanit ប្រធានការិយាល័យគ្រប់គ្រងបំណុលសាធារណៈរបស់ក្រសួងហិរញ្ញវត្ថុបានប្រាប់អ្នកយកព័ត៌មានថា មូលបត្របំណុលចំនួន ៥០ពាន់លានបាតនឹងត្រូវផ្តល់ជូន នៅចុងឆ្នាំនេះ។
លោកស្រី បន្តថា មានសាច់ប្រាក់ងាយស្រួលគ្រប់គ្រាន់នៅក្នុងទីផ្សារថៃសម្រាប់ការចេញមូលបត្របំណុលរបស់រាជរដ្ឋាភិបាល។

លោកស្រីបាននិយាយទៀតថា នៅក្នុងឆ្នាំសារពើពន្ធ ២០២៣ រាជរដ្ឋាភិបាលនឹងផ្តោតលើការចេញមូលបត្របំណុល រយៈពេលមធ្យមពី ១០ ទៅ ២០ឆ្នាំ ដោយសារតែពួកគេមានតម្រូវការ ហើយទិន្នផលនៃបំណុលរយៈពេលវែង បានកើនឡើង។

លោកស្រី Patricia បាននិយាយថា រាជរដ្ឋាភិបាលមិនមានគម្រោងបោះផ្សាយមូលបត្របំណុលជាប្រាក់ដុល្លារទេ លុះត្រាតែមានការចាំបាច់ ព្រោះវាមានតម្លៃថ្លៃជាងការខ្ចីប្រាក់ក្នុងស្រុក។

លោកស្រីបានបន្ថែមថា ប្រទេសថៃនឹងខ្ចីប្រាក់ប្រហែល ៣០ពាន់លានបាតពីអ្នកផ្តល់ប្រាក់កម្ចីអន្តរជាតិ ដូចជា ធនាគារអភិវឌ្ឍន៍អាស៊ី និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ក្នុងឆ្នាំសារពើពន្ធបច្ចុប្បន្ន៕ ប្រភពពី CNA , ដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner