សហគមន៍តំបន់ការពារធម្មជាតិទឹកធ្លាក់អូរជាំកែច្នៃចេកព្រៃធ្វើម្ហូប និងសម្ភារៈប្រើប្រាស់សម្រាប់ដោះស្រាយជីវភាព
ខេត្តបាត់ដំបង៖ «ចេកព្រៃ» គឺឈ្មោះដើមចេកមួយប្រភេទដែលមានលក្ខណៈស្រដៀងគ្នានឹងដើមចេកស្រុក ប៉ុន្តែគ្រាន់តែផ្លែរបស់វាតូចជាង និងសម្បូរដោយគ្រាប់ដែលគេមិនអាចបរិភោគបានដូចចេកស្រុក ឡើយ ក្រៅពីតំបន់ខ្លះគេទុកសម្រាប់ប្រើជាឱសថព្យាបាលរោគជំងឺមួយចំនួនប៉ុណ្ណោះ។
បើតាមប្រជាសហគមន៍តំបន់ការពារធម្មជាតិទឹកធ្លាក់អូរជាំដែលជារមណីយដ្ឋានល្បីឈ្មោះ និង ជាទីពេញនិយមមួយនៅ ស្រុកសំឡូត ខេត្ត បាត់ដំបងបានឱ្យដឹងថានៅសហគមន៍មួយនេះសម្បូរដុះដើមចេកព្រៃតាំងតែជើងភ្នំ រហូតដល់កំពូលភ្នំ។ដោយសារភាពសម្បូរចេកព្រៃនេះដែរទើបអ្នកស្រុកបានកែច្នៃចេកព្រៃមកធ្វើម្ហូប និងអ្នកខ្លះបានកែច្នៃធ្វើជាសម្ភារៈប្រើប្រាស់ផ្សេងៗផង។
លោក គឹម សុង ប្រធានសហគមន៍តំបន់ការពារធម្មជាតិទឹកធ្លាក់អូរជាំបានឱ្យដឹងថានៅសហគមន៍របស់លោកសម្បូរទៅដោយចេកព្រៃខ្លាំងណាស់ ម្ល៉ោះហើយទើបធ្វើឱ្យប្រជាសហគមន៍នាំគ្នាកែច្នៃចេកប្រភេទនេះមកធ្វើម្ហូបច្រើនមុខណាស់ដូចជា៖ «សម្លម្ជូរដើមចេកព្រៃ» មាត់ដុតចេកព្រៃ ជាដើម ដែលជាមុខម្ហូបកំពុងពេញនិយមបំផុតក្នុងសហគមន៍របស់លោក។
លោក ប្រធានសហគមន៍រូបនេះរៀបរាប់ប្រាប់ឱ្យដឹងថា៖” ដើមចេកព្រៃនៅសហគមន៍ខ្ញុំសម្បូរ ម្ល៉ោះហើយទើបអ្នកស្រុកចេះកែច្នៃពីដើមចេកមកធ្វើម្ហូបបានច្រើនមុខ។ ចេកព្រៃនេះទាំងស្លឹក ដើម ឬស ផ្លែ គឺត្រូវអ្នកស្រុក បានយកដើមវាមកធ្វើម្ហូប ផ្លែធ្វើឱសថ និង ស្លឹក វេចខ្ចប់ធ្វើនំបានច្រើនយ៉ាងណាស់”។
ទាក់ទិនក្នុងរឿងនេះលោក ឈឿន ឈីន ប្រជាសហគមន៍ ហើយក៏ជាចុងភៅតែងធ្វើ«សម្លម្ជូរដើមចេកព្រៃកូនត្រី”ដល់ភ្ញៀវទេសចរបានឱ្យដឹងថា៖បច្ចុប្បន្នបើនិយាយពីមុខម្ហូប «សម្លម្ជូរដើមចេកព្រៃ»ត្រូវបានអ្នកទេសចរមកកម្សាន្តទីនេះតែងភ្លក្សមិនដែលខាន។វាជាមុខម្ហូបតាំងតែពីសម័យបុរាណមក ប៉ុន្តែនៅតែពេញនិយមបរិភោគ។ «សម្លម្ជូរដើមចេកព្រៃ»មានរស់ជាតិដើមឆ្ងាញ់ ហើយសុទ្ធសឹងជាបន្លែ និងសាច់ពីធម្មជាតិសុទ្ធសាធ ។
ដោយឡែក លោក វឹង វ៉ឺន អនុប្រធានសហគមន៍តំបន់ការពារធម្មជាតិទឹកធ្លាក់អូរជាំបានឱ្យដឹងថាបើនិយាយពីដើមចេកព្រៃលោកឡើងលើភ្នំទឹកធ្លាក់អូរជាំកន្លែងណាក៏មានចេកព្រៃដុះដែរ និងទោះបីរដូវប្រាំងមានភ្លើងឆេះព្រៃខ្លះៗក្តីតែក្រោយពីភ្លៀងធ្លាក់គឺមានចេកព្រៃដុះគ្រប់កន្លែងតែម្តង។ កន្លែងខ្លះទៀតក្រោយភ្លៀងឆេះព្រៃគេលែងឃើញមានដើមឈើដុះទៀតហើយ ប៉ុន្តែផ្ទុយមកវិញឃើញមានតែដើមចេកព្រៃដុះជំនួសវិញទៀតផង ។
គួរបញ្ជាក់ថាទឹកធ្លាក់អូរជាំ គឺជារមណីយដ្ឋានធម្មជាតិមួយដែលស្ថិតនៅប៉ែកខាងលិចឆៀងខាងត្បូងទីរួមខេត្តបាត់ដំបង មានចម្ងាយ ៨០ គឺឡូម៉ែត្រពីទីរួមខេត្ត ស្ថិតនៅក្នុងភូមិអូរជាំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង ៕ ដោយ៖ម៉ាដេប៉ូ




