លោក ពូទីន​នឹង​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី-​ប៉ាស៊ីហ្វិក​នៅប្រទេសថៃ

រុស្ស៊ី៖ប្រធានាធិបតី​រុស្ស៊ី ​លោក ​វ្ល៉ាឌីមៀ ​ពូទីន​ បាន​ទទួល​យក​ការ​អញ្ជើញ​របស់​ប្រទេស​ថៃ ​ដើម្បី​ឱ្យ​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី-ប៉ាស៊ីហ្វិក​ (APEC) ​នៅ​ទីក្រុង​បាងកក​ក្នុង​ខែ​វិច្ឆិកា​ខាង​មុខ​​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​បាងកកបុស្តិ៍​ ដែល​ស្រង់​សម្ដី​មន្រ្តី​សន្តិសុខ​ម្នាក់​ជា​អនាមិក​។  ​

ប្រភព​បាន​បាន​អះ​អាង​ថា​ ក្រសួង​ការបរទេស​ថៃ​បាន​ស្នើ​ឱ្យ​ភ្នាក់​ងារ​សន្តិសុខ​ ធ្វើ​ការ​រៀប​ចំ​ផ្នែក​សន្តិសុខ​ សម្រាប់​កិច្ច​ប្រជុំ​ដែល​នឹង​ធ្វើ​ឡើង​ចន្លោះ​ថ្ងៃ​ ១៨ និង​ ១៩ ខែ​វិច្ឆិកា​នេះ​។ ជាមួយ​នេះ​ផង​ដែរ​ប្រធានាធិ​បតី​​​សហរដ្ឋ​អាមេរិក​ លោក​ បៃដិន​ ក៏​នឹង​​បញ្ជូន​អ្នក​តំណាង​សម្រាប់​កិច្ច​ប្រជុំ​នោះ​ផង​ដែរ​ ខណៈ​ដែល​មេដឹកនាំ​ចិន​ លោក​ ស៊ី​ ជិន​ពីង​ មិន​ទាន់​បញ្ជាក់​ពី​​ការ​ចូល​នៅ​ឡើយ​។  ​

​អ្នក​នាំ​ពាក្យ​នៃ​ក្រសួង​ការបទេស​ថៃ​ លោក​ ​​Tanee Sangrat បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ ​ប្រទេស​​សមាជិក​ APEC ​ចំនួន​៩ ហើយ​ ដែល​បាន​ឆ្លើយ​តប​ជា​វិជ្ជមាន​ ​ចំពោះ​ការ​អញ្ជើញ​ឱ្យ​​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​នេះ។ ទោះ​ជា​យ៉ាង​ណា​ បាងកកបុស្តិ៍​ផ្សាយ​ថា​ លោក​ Sangrat មិន​បាន​បញ្ជាក់​ថា​ប្រទេស​ណា​ឱ្យ​ច្បាស់​លាស់​នោះ​ទេ​។

គួរ​បញ្ជាក់​ថា​ ថៃ​គឺ​ជា​ប្រធាន និង​ជា​ម្ចាស់​ផ្ទះ​​នៃ​កិច្ច​ប្រជុំ​កំពូល​ APEC ក្នុង​ឆ្នាំ​ ២០២២ នេះ​​។  កិច្ច​ប្រជុំ​នេះ​ នឹង​រៀប​ចំ​ឡើង​ខណៈ​ដែល​ពិភព​លោក​ប្រឈម​មុខ​ជាច្រើន​ទៅ​លើ​បញ្ហា​ផ្សេង​ៗ​ ជា​ពិសេស​ទាក់​ទង​នឹង​វិបត្តិ​ភូមិសាស្រ្ត​នយោបាយ​ និង​សេដ្ឋ​កិច្ច​។

សង្រ្គាម​នៅ​អ៊ុយក្រែន​ បាន​ធ្វើ​ឱ្យ​កិច្ច​ប្រជុំ​នេះ​មាន​ភាព​ស្មុគ​ស្មាញ​ ជា​ពិសេស​សម្រាប់​ប្រទេស​ថៃ​ ដែល​ជា​ម្ចាស់​ផ្ទះ​ ក្នុង​ការ​រក្សា​តុល្យភាព​នៃ​ទំនាក់​ទំនងរបស់​ខ្លួន​ចំពោះ​​​​ការ​​​​ប្រឈម​មុខ​​ដាក់​គ្នា​រវាង​ប្រទេស​​មហាអំណាច​ធំៗ​​ក្នុង​កិច្ច​​ប្រជុំ​​កំពូល​ដូច​នេះ​​។

ចំពោះ​លោក​ ពូទីន​ វិញ​ ការ​ចូល​រួម​កិច្ច​ប្រជុំ​  APEC ប្រហែល​ជា​សំខាន់​ខ្លាំង​សម្រាប់​​លោក​ ជា​ពិសេស​ក្នុង​កាលៈទេសៈ​នេះ​  គឺ​​នៅ​ពេល​ដែល​លោក​​ខាង​លិច​ ព្យាយាម​កាត់​ផ្ដាច់​​រុស្ស៊ី​ឱ្យ​នៅ​ឯកោ ក្រោយ​​កង​ទ័ព​រុស្ស៊ី​ចូល​ឈ្លាន​​ពាន​អ៊ុយក្រែន​​។ អ្នក​វិភាគ​មើល​ឃើញ​ថា​ វត្តមាន​របស់​លោក​ពូទីន​ គឺ​ជា​ការ​បង្ហាញ​ថា​ រុស្ស៊ី​មិន​ឯកោ​នោះ​ទេ​ ​​ព្រោះ​សូម្បី​តែ​​ប្រទេស​ដែល​ថ្កោល​ទោស​​សកម្មភាព​ឈ្លាន​ពាន​​របស់​ខ្លួន​ ដូច​ជា​ថៃ​ ក៏​នៅ​តែ​រក្សា​ទំនាក់​ទំនង​ជាមួយ​ក្រុង​ម៉ូស្គូ​។

យ៉ាង​ណា​ក៏​ដោយ​ ថៃ​គឺ​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​​​ប្រទេស​ជិត​ ៦០​ ផ្សេង​ទៀត​ ដែល​បោះ​ឆ្នោត​​អនុប្បវាទ​ លើ​សេចក្ដី​សម្រេច​ចិត្ត​​របស់​​មហា​សន្និបាត​អង្គការ​សហ​ប្រជាជាតិ​ ក្នុង​ការ​​​ព្យួរ​ទីក្រុង​ម៉ូស្គូ​ពី​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ​ (UNHRC)​ កាល​​ពី​ដើម​ខែ​​​មេសា​។ អ្នក​វិភាគ​មួយ​ចំនួន​បាន​មើល​ឃើញ​ថា​ ទំនាក់​ទំនង​ថៃ-រុស្ស៊ី​ នៅ​តែ​មាន​ភាព​ខ្លាំង​​​បន្ទាប់​ពី​​រុស្ស៊ី​ឈ្លាន​ពាន​អ៊ុយក្រែន​​ ខណៈ​​​ក្រុង​ម៉ូស្គូ​ព្យាយាម​ទាញ​យក​ផល​ចំណេញ​ពី​​ការ​​ផ្គត់​ផ្គង់​​​អាវុធ​ ការ​​វិនិយោគ​ ​​ទេសចរណ៍​​ និង​ជំនួយ​ការ​ទូត​ដល់​ថៃ​៕

ដោយ៖ហួន ឌីណា ប្រភព៖ Putin to attend Apec summit

ads banner