រដ្ឋមន្ត្រីក្រសួងយុត្តិធម៌កម្ពុជាស្នើអង្គការអន្តរជាតិខាងការងារជួយកម្ពុជាដើម្បីដំណើរការតុលាការការងារនាពេលខាងមុខ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖រដ្ឋម​ន្ត្រីក្រសួងយុត្តិធម៌កម្ពុជាបានស្នើដល់អង្គការអន្តរជាតិខាងការងារ​​(ILO) ជួយក្នុងកិច្ចសហប្រតិបត្តិការដើម្បីអនុវត្តគម្រោងរួមគ្នាមួយ ក្នុងគោលដៅពន្លឿនការរៀបចំដាក់ឱ្យដំណើរនូវតុលាការការងារដែលប្រកបដោយតម្លាភាព ប្រសិទ្ធិភាព និងជាទីទុកចិត្តពីសំណាក់សាធារណជន ក្នុងកិច្ចការកំណែទម្រង់ប្រព័ន្ធយុត្តិធម៌កម្ពុជា។

នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌កម្ពុជាបានទទួលជួបពិភាក្សាការងារជាមួយលោក Graeme John BUCKLEY នាយកការិយាល័យអង្គការអន្តរជាតិខាងការងារ (ILO) ប្រចាំប្រទេសថៃ កម្ពុជា និងឡាវ ពាក់ព័ន្ធនឹងការរៀបចំដាក់ឱ្យដំណើរការការងារនៅកម្ពុជា។

តាមរយៈជំនួបនេះ ឯកឧត្តម កើត រិទ្ធ បានស្នើទៅកាន់ភាគីអង្គការ ILO ឱ្យពិនិត្យលទ្ធភាពក្នុងការផ្តល់កិច្ចសហប្រតិបត្តិការ និងគាំទ្រកម្ពុជា តាមរយៈយន្តការអនុវត្តនូវគម្រោងរួមគ្នា រវាងក្រសួងយុត្តិធម៌កម្ពុជា ជាមួយអង្គការ ​ILO និងបណ្តាដៃគូអភិវឌ្ឍន៍នានាទៀត ដើម្បីធានាដល់ការដាក់ឱ្យដំណើរការនូវតុលាការការងារនេះប្រព្រឹត្តទៅដោយរលូន នៅពេលខាងមុខ។

ឯកឧត្តម កើត រិទ្ធ បានបញ្ជាក់ពីទិសដៅរបស់កម្ពុជាក្នុងវិស័យយុត្តិធម៌ដូច្នេះថា៖ នៅក្នុងយុទ្ធសាស្រ្តកែទម្រង់ប្រព័ន្ធយុត្តិធម៌កម្ពុជាមានទិសដៅជាអាទិភាពមួយគឺការរៀបចំដាក់ឱ្យដំណើរការតុលាការជំនាញ​​បន្ថែមទៀត ដូចជា តុលាការការងារ តុលាការពាណិជ្ជកម្ម ជាដើម។ តុលាការជំនាញទាំងនេះ គឺត្រូវរៀបចំឡើងដើម្បីផ្តល់សេវាយុត្តិធម៌ឱ្យកាន់តែឆាប់រហ័ស ប្រកបដោយភាពត្រឹមត្រូវ តម្លាភាព ប្រសិទ្ធភាព និងទទួលបាននូវជំនឿទុកចិត្តពីសាធារណជន

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌កម្ពុជា បន្ថែមថា ដើម្បីឱ្យកិច្ចការបង្កើតតុលារការជំនាញនេះ ប្រព្រឹត្តទៅបានដោយរលូនគឺទាមទារនូវសសរស្តម្ភសំខាន់ចំនួនបី រួមមាន៖ ទី១ ការរៀបចំធនធានមនុស្ស ដែលមានជំនាញពាក់ព័ន្ធនឹងវិស័យការងារ ជាពិសេស ចៅក្រមដែលមានជំនាញដោះស្រាយវិវាទការងារ ក៏ដូចជា ក្រឡាបញ្ជី និងមន្រ្តីតុលាការផ្សេងទៀត, ទី២ ការរៀបចំក្របខ័ណ្ឌច្បាប់ ទាំងផ្នែកច្បាប់សារធាតុ ទាំងផ្នែកច្បាប់នីតិវិធី និង ទី៣ ការគាំទ្រផ្នែកហិរញ្ញវត្ថុ ក៏ដូចជាផ្នែកបច្ចេកទេស ដើម្បីអាចរៀបចំកសាងនូវហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានា ជាអាទិ៍ អគារតុលាការ។

​​កម្ពុជានាពេល​បច្ចុប្បន្ន​ដំណើរការ​តែ​តុលាការ​ព្រហ្មទណ្ឌ​ ​និង​តុលាការ​ស៊ីវិលតែ​ប៉ុណ្ណោះ​។​ ​សំណុំរឿង​ទាំងអស់​ដែល​ពាក់ព័ន្ធ​នឹង​វិវាទ​ការងារ​ ​ត្រូវ​បញ្ជូន​ទៅ​តុលាការ​រដ្ឋប្បវេណី​ បើទោះបីតុលាការ​ការងារ​ ​មាន​បទ​ប្បញ្ញត្តិ​នៅ​ក្នុង​ច្បាប់​រួចហើយក្តី​ ​ប៉ុន្តែ​គេ​មិនទាន់ដាក់ឲ្យ​ដំណើរការ​នោះទេ។

លោកមេធាវី​ សុក សំអឿន បញ្ជាក់ថា ការបង្កើតតុលារការជំនាញដាច់ដោយឡែកពីតុលាការធម្មតា តួយ៉ាងតុលាការពាណិជ្ជកម្ម និងតុលាការការងារនេះ បានភាពល្អប្រសើរ ដោយហេតុចៅក្រមនឹងមិនមានភាពច្របូកច្របល់នឹងរឿងក្តី​ ដែលអាចលាយឡំនឹងរឿងព្រហ្មទណ្ឌ តែទោះជាយ៉ាងណា លោកយល់ថា គេត្រូវមានភាពចាំបាច់ក្នុងការពិនិត្យពីក្រមសីលធម៌របស់ចៅក្រម។

ជុំវិញបញ្ហានេះដែរអ្នកស្រី យ៉ាង សោភ័ណ្ឌ ប្រធានសម្ព័ន្ធសហជីពកម្ពុជា បានបង្ហាញការសាទរនូវការបង្កើតនិងការដាក់ឱ្យដំណើរការនូវតុលាការការងារនេះ ដោយអ្នកស្រីលើកឡើងថា ជាមួយនឹងរឿងក្តីវិវាទក្នុងវិស័យការងារដ៏ច្រើនសន្ធឹកសន្ធាប់នាពេលសព្វថ្ងៃដែលបានជាប់គាំង ក៏ព្រោះកម្ពុជាគ្មានតុលាការការងារនេះដែរ ដោយវិវាទខ្លះគេត្រូវដោះស្រាយតាមប្រព័ន្ធតុលាការអាជ្ញាគតិដែលត្រូវចំណាយពេលច្រើន និងមិនផ្តោតចម្បងលើវិវាទការងារ។

អ្នកស្រី យ៉ាង សោភ័ណ្ឌ៖ កន្លងមក​ យើងយកវិវាទការងារបញ្ជូនទៅតុលាការអាជ្ញាគតិ(តុលាការធម្មតា) ត្រូវបានអូសបន្លាយពេលយូរក្នុងនីតិវិធី ហើយគ្មានដំណោះស្រាយជាក់លាក់នោះទេ ព្រោះពួកគាត់ហាក់មិនសូវយល់ពីស្ថានភាពការងារ ចំណែកតុលាការការងារវិញអាចនឹងដើរតួនាទីសំខាន់ក្នុងបញ្ហាការងារ ហើយពួកគាត់អាចកាត់សេចក្តីទៅចំគោលដៅ  ។មួយវិញទៀតនឹងជួយកុំឱ្យមានភាពជាប់គាំង ឬអូសបន្លាយពេលក្នុងវិវាទព្រោះតុលាការនេះដោះស្រាយតែវិវាទការងារតែមួយមុខ

ប្រធានសម្ព័ន្ធសហជីពកម្ពុជារូបនេះ រំពឹងថា នៅពេលដាក់ឱ្យដំណើរការតុលារការការងារនេះ នឹងអាចជួយរកយុត្តិធម៌ជូនជនរងគ្រោះក្នុងវិវាទការងារបានឆាប់រហ័ស មិនអូសបន្លាយពេល និងជាប់គាំងដូចមុនទៀត និងជាពិសេសអ្នកស្រីក៏រំពឹងដែរថា តុលាការនេះនឹងមានឯករាជ្យភាពមិនលំអៀង ហើយអ្នកស្រីក៏ស្នើដល់រដ្ឋាភិបាលបង្កើតគណៈកម្មការតាមដានពីតុលាការការងារនេះផង ដើម្បីធានាបានយុត្តិធម៌ពិតប្រាកដ។

គួររំឭកថា កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ ក្រសួងយុត្តិធម៌កម្ពុជា បានចេញសម្រេចស្តីចំនួន ពីរដាច់ដោយឡែកពីគ្នាស្តីពីការបង្កើតគណៈកម្មការរៀបចំដំណើការតុលារការជំនាញក្នុងនោះ រួមមានតុលាការពាណិជ្ជកម្ម និងតុលាការការងារ ដើម្បីដោះស្រាយភាពចាំបាច់នៃសំណុំរឿងពិសេសដាច់ដោយឡែកជុំវិញវិវាទការងារ និងពាណិជ្ជកម្ម។ រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌​ ​លោក​ ​ជី​វ​ ​សុង​ហាក់ បានប្រាប់អ្នកកាសែតថា តុលាការជំនាញពីរនេះ អាចនឹងមានលទ្ធភាពដាក់ឲ្យដំណើរការនៅចុងឆ្នាំ២០២២ ប៉ុន្តែមិនទាន់ជាក់លាក់លើកាលបរិច្ឆេទនោះទេ៕

ដោយ៖ សំបាន ច័ន្ទដារ៉ា

ads banner