អ្នកសេដ្ឋកិច្ច ៖ នៅចំពោះមុខបញ្ហាអតិផរណាពលរដ្ឋគួរតែដាក់សន្សំប្រាក់ជាមួយស្ថាប័នហិរញ្ញវត្ថុ ជាជាងទុកប្រាក់នៅផ្ទះ
ភ្នំពេញ៖នៅចំពោះមុខបញ្ហាអតិផរណា អ្នកស្រាវជ្រាវសេដ្ឋកិច្ចពីររូបចាត់ទុកថា ជារឿងល្អដែលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជានាពេលថ្មីៗនេះ អំពាវនាវឱ្យប្រជាពលរដ្ឋកម្ពុជាបង្វែប្រាក់សន្សំដែលទុកនៅក្នុងផ្ទះ យកទៅដាក់សន្សំតាមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារ ដើម្បីទទួលបានអត្រាការប្រាក់ខ្ពស់។
អ្នកស្រាវជ្រាវសេដ្ឋកិច្ច លោក ង៉ែត ជូ មើលឃើញថា មិនត្រឹមតែចំណេញដល់សេដ្ឋកិច្ចជាតិប៉ុណ្ណោះទេប្រាស់សន្សំទុកនៅធនាគារឬមីក្រូហិរញ្ញវត្ថុបានរួមចំណែកកាត់បន្ថយបញ្ហាអតិផរណាផងដែរ។ លោកបន្ថែមថា«វាល្អសម្រាប់សេដ្ឋកិច្ចទាំងអស់គ្នា។បើកាលណាគាត់ទុកចោលនៅផ្ទះហានិភ័យអាចបាត់បង់ងាយកើតមាន ហើយបើទុកនៅផ្ទះមិនបានយកប្រាក់ហ្នឹងទៅជួយជំរុញកំណើនសេដ្ឋកិច្ចដើម្បីយកទៅប្រើប្រាស់ឱ្យលទ្ធភាពទេ។ ម្យ៉ាងទៀតតម្លៃប្រាក់អាចធ្លាក់ចុះដោយសារអតិផរណាបើទុកនៅផ្ទះ តែទុកនៅធនាគារបានការប្រាក់ដើម្បីទប់ទល់អតិផរណា ឧទាហរណ៍ថា អតិផរណាកំពុងតែជួបប្រទះ៤ភាគរយ តែបើគាត់បានការប្រាក់៦ភាគរយឃើញថា ចំណេញ»។
លោក ង៉ែត ជូ ក៏បានជំរុញឱ្យពលរដ្ឋជឿជាក់ជាមួយប្រព័ន្ធធនាគារព្រោះប្រព័ន្ធធនាគារមានប្រព័ន្ធត្រួតពិនិត្យតាមដានពីនិយ័តករនៃធនាគារជាតិកម្ពុជា។
អ្នកជំនាញសេដ្ឋកិច្ចនៃរាជ្យបណ្ឌិតសភាកម្ពុជាលោកបណ្ឌិត គី សេរីវឌ្ឍ ទទួលស្គាល់ថា បើកាលណាពលរដ្ឋប្រើប្រាស់សន្សំទុកនៅធនាគារឬមីក្រូហិរញ្ញវត្ថុពិតជាចំណេញដល់សេដ្ឋកិច្ចជាតិ ធ្វើឱ្យពលរដ្ឋកាត់បន្ថយការចំណាយមិនចាំបាច់មួយចំនួន។ លោកនិយាយថា«បើលុយមាននៅក្នុងដៃពលរដ្ឋអាចចំណាយលើភាពមិនចាំបាច់មួយចំនួនដែលធ្វើឱ្យគាត់មិនមានជាទ្រព្យសម្បត្តិ ហើយនៅក្នុងទ្រឹស្ដីសេដ្ឋកិច្ចសន្សំស្មើនឹងការវិនិយោគ។ អ៊ីចឹងនៅពេលដែលពលរដ្ឋសន្សំប្រាក់សន្សំរបស់គាត់នឹងយកទៅឱ្យគេវិនិយោគបន្ត»។
លោក កាំង តុងងី អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាថ្លែងនៅថ្ងៃទី១២ខែតុលានេះថា ការអំពាវនាវយ៉ាងដូច្នេះមិនមែនន័យថា គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ក្នុងព្រះរាជាណាចក្រកម្ពុជា ខ្វះសាច់ប្រាក់ក្នុងការធ្វើប្រតិបត្តិការទេ ព្រោះកម្ពុជានៅតែជាទិសដៅទាក់ទាញការវិនិយោគផ្នែកហិរញ្ញវត្ថុពីអន្តរជាតិ។
លោកបន្ថែមថា៖«ផ្ទុយមកវិញការអំពាវនាវរបស់យើងធ្វើឡើង ដោយសារមើលឃើញថា ការកើនឡើងនូវអត្រាការប្រាក់សកល ធ្វើឱ្យប្រភពទុនពីក្រៅប្រទេសមានតម្លៃកើនឡើង។ អ៊ីចឹងបានយើងបង្កើនអត្រាការប្រាក់បញ្ញើក្នុងស្រុកផងដែរ។ ជាក់ស្ដែងការដំឡើងអត្រាការប្រាក់បញ្ញើរបស់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បីបន្ថយអតិផរណានៅសហរដ្ឋអាមេរិក ។ដូចយើងដឹងស្រាប់ហើយថា ប្រាក់ដុល្លាត្រូវបានប្រើប្រាស់សម្រាប់ការទូទាត់ពាណិជ្ជកម្មអន្តរជាតិ ដូច្នេះការដំឡើងអត្រាការប្រាក់របស់សហរដ្ឋអាមេរិក នឹងជំរុញឱ្យអត្រាការប្រាក់ជាទូទៅលើសកលលោកមានការប្រែប្រួល»។
ដំណាលគ្នានឹងការជំរុញឱ្យពលរដ្ឋបង្វែរប្រាក់សន្សំទុកក្នុងផ្ទះ ដែលនិយមដាក់ក្រោមកន្ទេល លាក់ក្នុងខ្នើយ ញាត់កូនជ្រូក ជាដើម លោក កាំង តុងងី បានលើកឡើងថា គ្រឹះស្ថានធនាគារមួយចំនួន ចាប់ផ្តើមដំឡើងអត្រាការប្រាក់សម្រាប់ឥណទាន ពិសេសគ្រឹះស្ថានដែលពឹងផ្អែកខ្លាំងលើប្រភពទុនពីក្រៅប្រទេស។
លោកនិយាយថា៖«សម្រាប់សមាជិករបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា យើងប្តេជ្ញាចិត្តនឹងមិនបង្កើនអត្រាការប្រាក់សម្រាប់ឥណទាន ឬប្រាក់កម្ចីនោះទេ ក្នុងស្ថានភាពបច្ចុប្បន្ន បើទោះបីជាយើងបានដំឡើងអត្រាការប្រាក់សម្រាប់ប្រាក់បញ្ញើក្តី។ យើងស្ម័គ្រចិត្តទទួលរងសម្ពាធការកើនឡើងចំណាយ ដោយមិនរុញសម្ពាធនេះទៅអតិថិជនឡើយ ហើយយើងសង្ឈឹមថា នេះជាការចូលរួមមួយផ្នែកទៀតរបស់យើងក្នុងការជួយស្តារជីវភាពប្រជាជន និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញក្នុងបរិបទជំងឺកូវីដ១៩»។
បើតាម លោក កាំង តុងងី គិតត្រឹមត្រីមាសទី២ឆ្នាំ២០២២ ប្រាក់បញ្ញើនៅតាមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលជាសមាជិករបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាកើនឡើងដល់ ៤ ៦៥០ លានដុល្លារអាមេរិក។ កើនឡើង២៤៧លានធៀបនឹងត្រីមាសទី១ឆ្នាំ២០២២ ក្នុងចំណោមអតិថិជន ២.៦២៣.៩១០ គណនី។ សម្រាប់វិស័យធនាគារ និងហិរញ្ញវត្ថុទាំងមូល ប្រាក់បញ្ញើសរុបមានចំនួន ជិត ៥០ពាន់លានដុល្លារ។
ជាមួយគ្នានេះលោក សុខ វឿន នាយកប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអិលអូអិលស៊ីបានគូសបញ្ជាក់ដែរថា នៅពេលដែលពលរដ្ឋយកប្រាក់សន្សំទៅទុកនៅធនាគារឬមីក្រូហិរញ្ញវត្ថុ វាធានាសុវត្ថិភាពប្រាក់សន្សំ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។ លោកបន្តថា៖«ការអំពាវនាវរបស់យើងជាយុទ្ធសាស្ត្រមួយរបស់ស្ថាប័នធនាគារនិងមីក្រូហិរញ្ញវត្ថុដើម្បីផ្សព្វផ្សាយអំពីចំណេះដឹងហិរញ្ញវត្ថុដល់ប្រជាជនគ្រប់ស្រទាប់វណ្ណៈអំពីអត្ថប្រយោជន៍ដែលដាក់ប្រាក់នៅមីក្រូហិរញ្ញវត្ថុឬធនាគារដើម្បីបានការប្រាក់»។ បើតាម លោក សុខ វឿន អិលអូអិលស៊ីទទួលបានប្រាក់បញ្ញើពីអតិថិជនកន្លះលាននាក់ជាមួយនឹងទំហំទឹកប្រាក់៧៧០លានដុល្លារ៕
ដោយ៖CPA