សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជា មានស្ត្រី គឺជាអ្នកបង្កើត និងគ្រប់គ្រងប្រមាណ ៦១% នៃសហគ្រាសធុនមីក្រូ តូច និងមធ្យម

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា កម្ពុជា មានសហគ្រាសធុនមីក្រូ, តូច និងមធ្យម រហូតដល់ទៅ ៩៨% នៃចំនួនសហគ្រាសសរុប ដែលបានចូលរួមចំណែកដល់សេដ្ឋកិច្ចជាតិប្រមាណ ៥៨% និងបានផ្តល់ការងារប្រមាណ ៧៣% នៃការងារសរុប ក្នុងនោះ ស្ត្រី គឺជាអ្នកបង្កើត និងគ្រប់គ្រងប្រមាណ ៦១% នៃចំនួនសរុប នៃសហគ្រាសធុនមីក្រូ តូច និងមធ្យម ។

នេះបើតាមសុន្ទរកថារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងក្នុងពិធីបើកកិច្ចបជុំកំពូលស្ត្រីអាស៊ាន លើកទី២ ក្រោមប្រធានបទ «ការកសាងអនាគតប្រកបដោយចីរភាព បរិយាបន្ន និង កាន់តែរឹងមាំ ៖ បំផុសសហគ្រិនភាពរបស់ស្ត្រីនៅក្នុងអាស៊ាន» នៅរាជធានីភ្នំពេញ នារសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ដោយនឹងមានអ្នកចូលរួមដោយផ្ទាល់ផង និងតាមប្រព័ន្ធវីដេអូផង ។

ក្នុងឱកាសនេះ សម្ដេចតេជោ បានរំលឹកថា កិច្ចប្រជុំកំពូលស្ត្រីអាស៊ាន លើកទី១ ត្រូវបានរៀបចំឡើងកាលពីឆ្នាំ២០២០ ប្រកបដោយភាពជោគជ័យ ដោយថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ាន បានទទួលស្គាល់ និងឱ្យតម្លៃខ្ពស់ចំពោះការដាក់បញ្ចូលការលើកកម្ពស់តួនាទីរបស់ស្ត្រី ទៅក្នុងចំណុចស្នូលនៃកិច្ចខំប្រឹងប្រែងសម្រាប់ការស្ដារសង្គម-សេដ្ឋកិច្ចពីវិបត្តិនៃជំងឺកូវីដ-១៩ ប្រកបដោយចីរភាព និងភាពគ្រប់ជ្រុងជ្រោយ ។ ទន្ទឹមគ្នានេះ, ក៏មានការទទួលស្គាល់ និងការពិភាក្សាអំពីអាទិភាពនានា ជុំវិញការពង្រឹង តួនាទីរបស់ស្ត្រីនៅក្នុងវិស័យសេដ្ឋកិច្ច, ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងឌីជីថល, ការឆ្លើយ តបទៅនឹងកិច្ចគាំពារសង្គម, ការថែទាំគ្រួសារ និង ប្រាក់ឈ្នួលទាប, ព្រមទាំងការវិនិយោគលើហេដ្ឋ រចនាសម្ព័ន្ធសាធារណៈ និងសង្គម ដើម្បីឆ្លើយតបនឹងសមភាពយេនឌ័រ និងសុខុមាលភាពរបស់ស្ត្រី ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបន្តថា អាស៊ាន គឺជាតំបន់ដែលមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ និង ការអភិវឌ្ឍយ៉ាងឆាប់រហ័ស ជាពិសេសដោយសារការចូលរួមដ៏សកម្មរបស់ស្ត្រី ។ សេដ្ឋកិច្ចនៃបណ្តាប្រទេសក្នុងអាស៊ាន ពឹងផ្អែកខ្លាំង លើសហគ្រាសធុនមីក្រូ តូច និង មធ្យម ដែលដឹកនាំដោយស្ត្រី ។ ជាក់ស្ដែង, កម្ពុជា មានសហគ្រាសធុនមីក្រូ, តូច និងមធ្យម រហូតដល់ទៅ ៩៨% នៃចំនួនសហគ្រាសសរុប ដែលបានចូលរួមចំណែក ដល់សេដ្ឋកិច្ចជាតិ ប្រមាណ ៥៨% និង បានផ្តល់ការងារប្រមាណ ៧៣% នៃការងារសរុប ។ ក្នុងនោះ ស្ត្រី គឺជាអ្នកបង្កើត និងគ្រប់គ្រងប្រមាណ ៦១% នៃចំនួនសរុប នៃសហគ្រាសធុនមីក្រូ តូច និង មធ្យម ។ ការណ៍នេះ បានធ្វើឱ្យរាជរដ្ឋាភិបាលកម្ពុជា កំណត់ និង ជំរុញការលើកតម្កើង ស្ត្រីជាឆ្អឹងខ្នង នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ តាមរយៈការបង្កើនការវិនិយោគលើសមភាពយេនឌ័រ និង ការលើក កម្ពស់តួនាទីរបស់ស្ត្រី នៅក្នុងកិច្ចអភិវឌ្ឍនៅគ្រប់វិស័យ និងគ្រប់កម្រិត ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner