វៀតណាមព្រមានពីការធ្លាក់ភ្លៀងដ៏ខ្លាំងនៅតំបន់ភាគកណ្តាលនាយប់ថ្ងៃព្រហស្បតិ៍នេះ
ហាណូយ៖
តំបន់ភាគកណ្តាលនឹងមានភ្លៀងធ្លាក់ខ្លាំង ចាប់ពីយប់ថ្ងៃព្រហស្បតិ៍នេះ ដែលនាំមកដោយព្យុះត្រូពិច រួមជាមួយនឹងខ្យល់ត្រជាក់ និងខ្យល់បក់ខ្លាំងពីភាគខាងកើត។
យោងតាមមជ្ឈមណ្ឌលជាតិសម្រាប់ការព្យាករណ៍ធនធានជលសាស្ត្រ តំបន់សម្ពាធទាបមួយត្រូវបានបង្កើតឡើងនៅលើសមុទ្រខាងកើត ហើយបានវិវត្តទៅជាទំនាបត្រូពិច។
នៅម៉ោង ៧ ព្រឹកថ្ងៃព្រហស្បតិ៍ វាស្ថិតនៅចំកណ្តាល ១៨០ គីឡូម៉ែត្រភាគខាងជើងនៃកោះ Song Tu Tay ជាមួយនឹងខ្យល់បក់ពី ៣៩ទៅ៤៩ គីឡូម៉ែត្រក្នុងមួយម៉ោង។ វាកំពុងរំកិលទៅទិសខាងលិចក្នុងល្បឿន ១០ គ.ម មានភ្លៀងធ្លាក់ និងព្យុះផ្គររន្ទះ ជាមួយនឹងខ្យល់បក់ខ្លាំងនៅលើសមុទ្រ រួមទាំងនៅភាគខាងជើងនៃកោះ Truong Sa ។
ប្រភពបន្តថា ចាប់ពីយប់ថ្ងៃព្រហស្បតិ៍ វានឹងនាំមកនូវភ្លៀងធ្លាក់ខ្លាំងរវាងខេត្ត Quang Binh និង Khanh Hoa និងតំបន់ខ្ពង់រាបភាគកណ្តាល។ តំបន់នេះជាទីប្រជុំជនរមណីយដ្ឋានដ៏ពេញនិយម Hoi An, Nha Trang និង Da Lat។ ភ្លៀងធ្លាក់ពី ២០០ទៅ៥០០ មីលីម៉ែត្រត្រូវបានគេរំពឹងថា នឹងកើនឡើងដល់ជាង ៦០០ មីលីម៉ែត្រ នៅកន្លែងខ្លះ។ តំបន់ភ្នំមានហានិភ័យនៃទឹកជំនន់ភ្លាមៗ និងការរអិលបាក់ដី។
សូមរម្លឹកថា កាលពីយប់ថ្ងៃអាទិត្យ ខ្យល់មូសុងឦសានបានបោកបក់ចូលតំបន់ភាគកណ្តាល ដោយនាំមកនូវភ្លៀងធ្លាក់ខ្លាំងដល់ខេត្ត នានា ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ដែលបានជន់លិចផ្ទះរាប់ពាន់ខ្នង ផ្លូវជាតិលេខ១ និងផ្លូវជាច្រើនត្រូវជន់លិច ធ្វើឱ្យរំខានដល់ការធ្វើចរាចរណ៍។
មនុស្សពីរនាក់បានស្លាប់ និងម្នាក់បាត់ខ្លួនបន្ទាប់ពីការបាក់ដី នៅជិតរោងចក្រវារីអគ្គិសនី។ ប៉ុន្តែមកដល់ព្រឹកថ្ងៃពុធម្សិលមិញ ទឹកបានស្រកចុះ ហើយអ្នកស្រុក និងអ្នកជួយសង្គ្រោះកំពុងបោសសម្អាតភក់ចេញពីផ្ទះ និងសាលារៀន៕ ប្រភពពី VNexpress, ដោយ៖ សារ៉ាត



