លោក ហ្សេលេនស្គី ថា ការបង្កើនការគាំទ្រពីម្ចាស់ជំនួយ នឹងជួយបញ្ចប់សង្គ្រាមដ៏មហន្តរាយរបស់រុស្ស៊ីកាន់តែឆាប់
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ក្នុងថ្ងៃពុធសប្តាហ៍នេះថ្លែងថា ការបង្កើនការគាំទ្រផ្នែកហិរញ្ញវត្ថុពីម្ចាស់ជំនួយអន្តរជាតិនឹងជួយបញ្ចប់សង្រ្គាមដ៏មហន្តរាយរបស់រុស្ស៊ីនៅអ៊ុយក្រែនកាន់តែលឿន ដោយលោកបានលើកឡើងពីតម្រូវការថវិការចំនួន ៣៨ពាន់លានដុល្លារ ដើម្បីបិទឱនភាពថវិកាប៉ាន់ស្មាននៅឆ្នាំក្រោយ។
នៅក្នុងសន្ទរកថា តាមប្រព័ន្ធវីដេអូអនឡាញទៅកាន់វេទិកាកម្រិតខ្ពស់មួយ ក្នុងអំឡុងកិច្ចប្រជុំប្រចាំឆ្នាំរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោក (WB) ក្នុងទីក្រុងវ៉ាស៊ីនតោន លោក ហ្សេលេនស្គី បានបញ្ជាក់ថា ជំនួយកាន់តែច្រើនដែលអ៊ុយក្រែនទទួលបាននៅពេលនេះ យើងនឹងបញ្ចប់សង្គ្រាមរុស្ស៊ីកាន់តែឆាប់ ហើយកាន់តែជឿជាក់ និងកាន់តែឆាប់… យើងនឹងធានាថាសង្រ្គាមដ៏ឃោរឃៅបែបនេះ នឹងមិនរីករាលដាលទៅកាន់ប្រទេសផ្សេងទៀតឡើយ។
រដ្ឋាភិបាលអ៊ុយក្រែនបានអះអាងនៅថ្ងៃពុធសប្ដាហ៍នេះថា កងកម្លាំងរបស់ខ្លួននៅតែបន្តភាពរីកចម្រើន ក្នុងប្រតិបត្តិការវាយលុកលើកងទ័ពរុស្ស៉ី នៅតំបន់ខឺសុន ស្ថិតនៅភាគខាងត្បូងនៃប្រទេស ដោយវាយដណ្ដើមបានមកវិញនូវភូមិចំនួន៥បន្ថែមទៀត ខណៈកំពុងវាយរុលទៅទិសនិរតីដោយសន្សឹមៗ។
ដោយឡែកកាលពីសប្ដាហ៍មុន អ៊ុយក្រែនក៏បានឱ្យដឹងដែរថា កងកម្លាំងរបស់ខ្លួនវាយរំដោះបានទឹកដីទំហំ ២,៤០០គីឡូម៉ែត្រក្រឡាពីកងទ័ពរុស្ស៉ីមកវិញនៅក្នុងតំបន់ខឺសុន ចាប់តាំងពីបើកប្រតិបត្តិការវាយបកកាលពីដើមខែកញ្ញាមក៕ ប្រភព៖ Reuters និង CNN ប្រែសម្រួល៖ ទីណា និងបុត្រា



