កូវីដ១៩៖ កន្លែងប្រមូលផ្តុំនៅទីក្រុងសៀងហៃត្រូវបិទទ្វារស្ងាច់ជ្រងំ មុនគណបក្សកុម្មុយនីស្តបើកសមាជ
ចិន៖នៅប្រទេសចិន ជាមួយវិធានការបិទខ្ទប់ដ៏តឹងតែងក្រោមយុទ្ធសាស្ត្រសូន្យកូវីដ អាជ្ញាធរចិនបានដាក់ចេញវិធានការបិទខ្ទប់តឹងតែង ពិសេសនៅក្នុងទីក្រុងសៀងហៃ ដែលបើតាមអាជ្ញាធរអះអាថាមានករណីឆ្លងថ្មីចំនួន៣៨នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ កន្លែងប្រមូលផ្តុំក្នុងទីក្រុងសៀងហៃ នៅសាលារៀននិងកន្លែងកម្សាន្ត កំពុងបន្តបិទទ្វារ ដោយសារការឆ្លងរាលដាលនៃជំងឺកូវីដ១៩ដ៏ខ្លាំងក្លា នៅមុនគណបក្សកុម្មុយនីស្តចិនបើកសមាជនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ខាងមុខ។
កន្លែងកម្សាន្ត រោងភាពយន្ត កន្លែងម៉ាស្សា ខារ៉ាអូខេ អាហារដ្ឋាន និងកន្លែងហាត់ប្រាណទាំងអស់ក្នុងសង្កាត់ចំនួនប្រាំ នៅទីក្រុងសៀងហៃ ត្រូវបិទទ្វារ ផ្អាកដំណើរការចាប់ពីថ្ងៃទី ១០-១៥ ខែតុលាដើម្បីទប់ស្កាត់រលកឆ្លងកូវីដ។ នេះបើតាមសេចក្តីប្រកាស់ដោយការរិយាល័យបង្កាកូវីដចិន និងដោយបញ្ជាក់ថា សង្កាត់ទាំងប្រាំនោះមាន សង្កាត់ Changning, Putuo, Jiading, Yangpu, និងសង្កាត់ Qingpu។
នៅប្រទេសចិន ទីក្រុងសៀងហៃដែលមានប្រជាជនរស់នៅសរុបប្រមាណ ២៥លាននាក់ ហាក់មិនសប្បាយចិត្ត ដោយមានប្រជាពលរដ្ឋប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហាញការធុញទ្រាន់និងត្អូញត្អែរចំពោះវិធានការតឹងតែង ក្រោមគោលនយោបាយសូន្យកូវីដរបស់អាជ្ញាធរចិននេះ។ អ្នកខ្លះ ថែមទាំងបារម្ភថា ពួកគេនឹងអាចត្រូវប្រឈមនឹងការបិទខ្ទប់បន្ថែមទៀត ក្រោយរងការបិទខ្ទប់អស់រយៈពេលពីរខែមកហើយ ដោយមានអ្នកខ្លះជួបបញ្ហាទទួលការថែទាំផ្នែកវេជ្ជសាស្ត្រ និងគ្មានលទ្ធភាពទទួលអាហារគ្រប់គ្រាន់ជាដើម។ បើតាមការចុះផ្សាយរបស់បណ្តាសារព័ត៌មាន ប្រជាពលរដ្ឋនៅទីក្រុងសៀងហៃនៅថ្ងៃទី១២ ខែតុលា កំពុងជួបបញ្ហាកង្វះទឹកស្អាតបរិភោគនិងប្រើប្រាស់ រហូតត្រូវសម្រុកទិញទឹកដបនៅតាមផ្សារទំនើប។
គួរជ្រាបថា ប្រឈមនឹងសន្ទុះរាលដាលឆ្លងកូវីដខ្លាំង ក្នុងរយៈពេលចុងក្រោយនេះ គេអាចដឹងបានថា រដ្ឋាភិបាលចិនច្បាស់ជាមិនងាយបោះបង់ចោលយុទ្ធសាស្ត្រសូន្យកូវីដរបស់ខ្លួនឡើយ។ នៅក្រោមវិធានការសូន្យកូវីដ អ្នកវិជ្ជមានកូវីដនិងអ្នកពាក់ព័ន្ធ ឬអ្នកដែលបានឆ្លងកាត់តំបន់មានហានិភ័យកូវីដ ត្រូវជាប់ហានិភ័យដាក់ឱ្យនៅដាច់ដោយឡែកពីគេទៀត ហើយតំបន់ឬស្រុកនោះត្រូវធ្វើតេស្តជាទូទៅ និងបិទខ្ទប់ហាមឃាត់ការធ្វើដំណើរឆ្លងកាត់។
ដើម្បីត្រៀមបើកទ្វារសមាជបក្សកុម្មុយនីស្តចិននៅថ្ងៃទី១៦ ខែតុលាខាងមុខ អាជ្ញាធរចិនថែមទាំងប្រកាសចេញវិធានការណ៍ថ្មី កំហិតការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ។
គួរជ្រាបថា សមាជបក្សកុម្មុយនីស្តនេះ គឺជាឱកាសកំណត់គោលនយោបាយ សេដ្ឋកិច្ចធំៗ របស់ប្រទេសសម្រាប់ប្រាំឆ្នាំខាងមុខ។
ជាមួយការអនុវត្តវិធានការសូន្យកូវីដនេះ សេដ្ឋកិច្ចសង្គមចិន និងប្រព័ន្ធសុខាភិបាលជារួម បានទទួលរងផលប៉ះពាល់យ៉ាងខ្លាំង តែមិនបានធ្វើឱ្យគណបក្សកុម្មុយនីស្តចិនក្រោមការដឹកនាំរបស់លោក ស៊ី ជីនពីង ប្តូរចិត្តទម្លាក់ចោលគោលនយោបាយនេះឡើយ។ ផ្ទុយទៅវិញ រដ្ឋាភិបាលចិនបានថែមទាំងឃោសនានិងបង្កើនការការពារគោលនយោបាយសូន្យកូវីដរបស់ខ្លួនថា ជាសញ្ញាផ្លាស់ប្តូរទៅរកការរស់នៅដោយគ្មានកូវីដក្នុងពេលដ៏ឆាប់ខាងមុខនេះ៕ ដោយ៖បណ្តូល ពេជ្រ / CPA