ប្រទេសច្រើនលើសលប់ បោះឆ្នោតថ្កោលទោសរុស្ស៊ីចំពោះការកាត់ទឹកដីអ៊ុយក្រែនដោយខុសច្បាប់
អ.ស.ប៖ក្រឡេកមើលទៅបញ្ហាអ៊ុយក្រែន និងរុស្ស៊ីឯណោះវិញប្រទេសយ៉ាងច្រើនលើសលប់នៅមហាសន្និបាតអង្គការសហប្រជាជាតិ (អ.ស.ប)បានបោះឆ្នោតគាំទ្រការថ្កោលទោសប្រទេសរុស្ស៊ី ចំពោះការកាត់ទឹកដីអ៊ុយក្រែនដោយខុសច្បាប់លើតំបន់ធំៗចំនួនបួន ថាជារបស់ខ្លួនកាលពីចុងខែមុន។
លទ្ធផលនៃការបោះឆ្នោតដែលរៀបចំឡើងកាលពីថ្ងៃពុធទី ១២ ខែតុលាឆ្នាំ២០២២នេះ បានបង្ហាញថា ១៤៣ ប្រទេស ក្នុងចំណោមសមាជិកនៃមហាសន្និបាតទាំង១៩៣ ប្រទេស បានគាំទ្រលើសេចក្ដីសម្រេចចិត្តថ្កោលទោសរុស្ស៊ី ដែលបញ្ជាក់ជាថ្មីអំពីអធិបតេយ្យភាព ឯករាជ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន ដែលអន្តរជាតិទទួលស្គាល់។
លទ្ធផលបង្ហាញទៀតថា មានតែប្រទេសចំនួនប្រាំប៉ុណ្ណោះ ដែលបានបោះឆ្នោតប្រឆាំងនឹងសេចក្ដីសម្រេចចិត្តនេះ ដោយប្រទេសទាំងនោះ រួមមាន៖ទាំងរុស្ស៊ីខ្លួនឯងផ្ទាល់ ស៊ីរី នីការ៉ាហ្គា កូរ៉េខាងជើង និងបេឡារុស ដែលសុទ្ធសឹងតែជាសម្ព័ន្ធមិត្តប្ដូរផ្ដាច់របស់ក្រុងម៉ូស្គូ។ ជាមួយគ្នានេះដែរ ប្រទេសចំនួន ៣៥ ផ្សេងទៀត បានបោះឆ្នោតអនុប្បវាទលើសេចក្ដីសម្រេចចិត្ត ដែលក្នុងនោះរួមមានទាំងប្រទេសចិន អាហ្រ្វិកខាងត្បូង ប៉ាគីស្ថាន និងឥណ្ឌា ដែលជាសម្ព័ន្ធមិត្តសំខាន់របស់អាមេរិក។
ក្រៅពីការថ្កោលទោសសកម្មភាពខុសច្បាប់របស់រុស្ស៊ី សេចក្ដីសម្រេចដែលទទួលការគាំទ្រយ៉ាងច្រើនលើសលប់នេះ បានអំពាវនាវដល់ទីភ្នាក់ងារអង្គការសហប្រជាជាតិ និងទីភ្នាក់ងារអន្តរជាតិទាំងអស់ កុំឱ្យទទួលស្គាល់សកម្មភាពណាមួយ ដែលរុស្ស៊ីប្រកាសឡើងដើម្បីកាត់យកទឹកដីអ៊ុយក្រែន និងទាមទារឱ្យទីក្រុងម៉ូស្គូធ្វើការផ្លាស់ប្តូរជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ ចំពោះការសម្រេចចិត្តរបស់ខ្លួន។
សូមបញ្ជាក់ថា កាលពីចុងខែមុន រុស្ស៊ីបានកាត់យកទឹកដីរបស់អ៊ុយក្រែន ចំនួន ៤ តំបន់ធំៗនៅភាគខាងត្បូង និងខាងកើត រួមមានតំបន់ឃឺរសុន ,ហ្សាប៉ូរីចា, ដុនណិតស្ក៍ និងលូហានស្ក៍ បន្ទាប់ពីរៀបចំការធ្វើប្រជាមតិ ដែលរងការថ្កោលទោសជាអន្តរជាតិ។ អ៊ុយក្រែន និងសម្ព័ន្ធមិត្ត ជាពិសេសប្រទេសលោកខាងលិច បានបរិហារការធ្វើប្រជាមតិនោះថាខុសច្បាប់ និងបង្ខិតបង្ខំ។
លទ្ធផលនៃការបោះឆ្នោតថ្កោលទោសរុស្ស៊ីនាពេលនេះគឺជាការដាក់បន្ទុកលើរុស្ស៊ីដ៏ខ្លាំងបំផុតពីមហាសន្និបាតអ.ស.ប រាប់ចាប់តាំងពីរុស្ស៊ីបើកការឈ្លានពានអ៊ុយក្រែននៅចុងខែកុម្ភៈ។
ក្រោយការបោះឆ្នោត ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំអ.ស.ប លោក Sergiy Kyslytsya បានប្រាប់អ្នកសារព័ត៌មានថា លទ្ធផលនៃការបោះឆ្នោតនេះ ពិតជាប្រសើរអស្ចារ្យ ខណៈប្រធានាធិបតីអ៊ុយក្រែន លោក វ៉្លូឌីមៀរ ហ្សេលេនស្គី បានសរសេរនៅលើធ្វីតធ័រថា លោកពិតជាសប្បាយចិត្តនឹងប្រទេសទាំង ១៤៣ ដែលគាំទ្រការថ្កោលទោសរុស្ស៊ី ហើយបន្តថា៖ «ពិភពលោកមានអ្វីដែលត្រូវនិយាយ គឺថា ការប៉ុនប៉ង [របស់រុស្ស៊ី] ក្នុងការកាត់ទឹកដី[អ៊ុយក្រែន] គឺគ្មានតម្លៃ និងគ្មានថ្ងៃដែលប្រទេសសេរីទទួលស្គាល់នោះឡើយ»។
ចំណែកឯឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអ.ស.ប លោកស្រី Linda Thomas-Greenfield វិញ បានអះអាងថា លទ្ធផលនៃការបោះឆ្នោតបង្ហាញថា រុស្ស៊ីមិនអាចបំភិតបំភ័យពិភពលោកបានទេ។ លោកស្រីបន្តថា៖ «ថ្ងៃនេះ រុស្ស៊ីឈ្លានពានអ៊ុយក្រែន។ ប៉ុន្តែថ្ងៃស្អែក រុស្ស៊ីអាចនឹងឈ្លានពានប្រទេសផ្សេងទៀត ដែលអាចជាប្រទេសរបស់អ្នក។ តើអ្នករំពឹងអ្វីពីមហាសន្និបាតនេះ?»។
បន្ថែមពីលើនេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានអបអរសារទចំពោះលទ្ធផលចុងក្រោយដូចគ្នា ដោយថ្លែងថា ការបោះឆ្នោតបានផ្ញើសារយ៉ាងច្បាស់មួយទៅកាន់ក្រុងម៉ូស្គូ ថារុស្ស៊ីមិនអាចលុបរដ្ឋអធិបតេយ្យមួយចេញពីផែនទីពិភពលោកបានទេ។ លោកបន្តថា៖ «រុស្ស៊ីមិនអាចរំលោភលើព្រំដែនដោយប្រើកម្លាំងបានទេ។ រុស្ស៊ីមិនអាចដណ្តើមយកទឹកដីរបស់ប្រទេសមួយទៀត មកធ្វើជាកម្មសិទ្ធិរបស់ខ្លួនឡើយ»។
គួរគូសបញ្ជាក់ថា ការបោះឆ្នោតលើសេចក្ដីសម្រេចថ្កោលទោសរុស្ស៊ីលើកនេះ ទទួលបានការគាំទ្រច្រើនជាងការបោះឆ្នោតកាលពីលើកមុន ពោលគឺនៅដើមខែមីនា នៅពេលដែលមហាសន្និបាតអ.ស.បចេញសេចក្ដីសម្រេចថ្កោលទោសរុស្ស៊ីចំពោះឈ្លានពានអ៊ុយក្រែន ដែលជាប្រទេសមានអធិបតេយ្យភាពផ្ទាល់ខ្លួន។ កាលនោះ មានប្រទេសចំនួន ១៤១ បានបោះឆ្នោតគាំទ្រ,៥ប្រឆាំង និង ៣៥ អនុប្បវាទ។
ទន្ទឹមជាមួយគ្នានេះផងដែរ ការបោះឆ្នោតកាលពីថ្ងៃពុធ ក៏ជាអ្វីដែលធ្លាប់បានកើតឡើងម្ដងរួចមកហើយ នៅក្នុងឆ្នាំ ២០១៤ ពោលគឺបន្ទាប់ពីរុស្ស៊ីបានកាត់ឧបទ្វីបគ្រីមៀរបស់អ៊ុយក្រែនថាជារបស់ខ្លួន តាមរយៈការធ្វើប្រជាមតិដែលរងការថ្កោលទោសថាខុសច្បាប់ និងពោពេញដោយការបង្ខិតបង្ខំ។
ទោះបីជាយ៉ាងនេះក៏ដោយ រុស្ស៊ីបានបង្ហាញការបដិសេធចំពោះការបោះឆ្នោតចុងក្រោយ។ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអ.ស.ប លោក Vassily Nebenzia បានថ្លែងទៅកាន់មហាសន្និបាត មុនការបោះឆ្នោតថា សេចក្ដីសម្រេចចិត្តថ្កោលទោសរុស្ស៊ីគឺជារឿងនយោបាយ និងជាការបង្កហេតុដោយបើកចំហ។ លោក Nebenzia បន្ថែមថា វាអាចបំផ្លាញកិច្ចខិតខំប្រឹងប្រែងណាមួយ ដើម្បីគាំទ្រដំណោះស្រាយការទូតចំពោះជម្លោះ ដែលអូសបន្លាយតាំងពីចុងខែកុម្ភៈ។
ជុំវិញការលើកឡើងបែបនេះ ប្រហែលជាគេមិនសូវមានការភ្ញាក់ផ្អើលប៉ុន្មាននោះទេ ព្រោះកាលពីថ្ងៃចន្ទ មហាសន្និបាតអ.ស.ប បានច្រានចោលសំណើររបស់រុស្ស៊ីម្ដងរួចមកហើយ។ រុស្ស៊ីបានសុំឱ្យមានការបោះឆ្នោតជាសម្ងាត់ លើសេចក្ដីសម្រេចចិត្តថ្កោលទោសប្រទេសរបស់ខ្លួន ប៉ុន្តែត្រូវបរាជ័យ ដោយប្រទេសភាគច្រើនលើសលប់បានគាំទ្រការបោះឆ្នោតដោយបើកចំហ។
អ្វីដែលគួរឱ្យសម្គាល់ដ៏ធំមួយសម្រាប់ការបោះឆ្នោតនៅថ្ងៃពុធនេះគឺថា ប្រទេសចំនួនបី រួមមានបង់ក្លាដែស អ៊ីរ៉ាក់ និងសេនេហ្កាល់ ដែលបោះឆ្នោតអនុប្បវាទនៅដើមខែមីនា បានផ្លាស់ប្ដូរជំហររបស់ខ្លួន ដោយចូលរួមជាមួយប្រទេសចំនួន ១៤០ ផ្សេងទៀត ក្នុងការថ្កោលទោសរុស្ស៊ី។ អេរីទ្រា ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់រុស្ស៊ីក៏ផ្លាស់ប្ដូរជំហររបស់ខ្លួនដូចគ្នា ដោយប្រទេសនេះលែងប្រឆាំងនឹងសេចក្ដីសម្រេចចិត្ត ហើយងាកមកបោះឆ្នោតអនុប្បវាទវិញ។ ប៉ុន្តែ នីការ៉ាហ្គា ដែលបោះឆ្នោតអនុប្បវាទកាលពីខែមីនា បែរជាចូលរួមជាមួយសម្ព័ន្ធប្ដូរផ្ដាច់របស់រុស្ស៊ីផ្សេងទៀត ក្នុងការប្រឆាំងនឹងការថ្កោលទោស។
ឯកអគ្គរដ្ឋទូតស៊ីរីលោក Bassam Sabbagh ដែលប្រកាន់ជំហរដូចនីការ៉ាហ្គា បានចោទប្រកាន់មហាសន្និបាតថាត្រូវបានប្រទេសបស្ចិមលោកបង្ខិតបង្ខំយ៉ាងជាក់ស្តែង ដើម្បីផលប្រយោជន៍ភូមិសាស្ត្រនយោបាយផ្ទាល់ខ្លួនរបស់ពួកគេ។ បន្ថែមពីនេះ លោក Sabbagh ក៏បានជំរុញឱ្យប្រទេសនានាប្រឆាំងនឹងកិច្ចខិតខំប្រឹងប្រែងផ្ដាច់រុស្ស៊ីឱ្យនៅឯកោ និងការអនុវត្តស្ដង់ដារពីរ។
សម្រាប់ចិន ដែលបោះឆ្នោតអនុប្បវាទកាលពីថ្ងៃពុធ បានអះអាងថា ខ្លួនមិនជឿថា សេចក្ដីសម្រេចចិត្តចុងក្រោយនេះ នឹងមានប្រយោជន៍នោះទេ។ ឯកអគ្គរដ្ឋទូតរងចិនប្រចាំអ.ស.ប លោក Geng Shuang បានថ្លែងថា៖ «រាល់សកម្មភាពដែលធ្វើឡើងដោយមហាសន្និបាត គួរតែអំណោយផលដល់ការបន្ថយស្ថានការណ៍ ដើម្បីជាប្រយោជន៍ដល់ការចាប់ផ្តើមកិច្ចសន្ទនាឡើងវិញនៅដំណាក់កាលដំបូង ហើយគួរតែមានប្រយោជន៍ដល់ការលើកកម្ពស់ដំណោះស្រាយនយោបាយចំពោះវិបត្តិនេះ»។
ប៉ុន្តែសេចក្ដីសម្រេចចិត្តរបស់មហាសន្និបាត ដែលទាមទារឱ្យរុស្ស៊ីដកទ័ពចេញពីទឹកដីអ៊ុយក្រែន បានគូសបញ្ជាក់ថា សេចក្ដីសម្រេចគាំទ្រចំពោះការបន្ធូរបន្ថយភាពតានតឹងបច្ចុប្បន្ន និងការដោះស្រាយជម្លោះដោយសន្តិវិធី តាមរយៈការសន្ទនានយោបាយ ការចរចា ការសម្របសម្រួល និងមធ្យោបាយសន្តិភាពផ្សេងទៀត ដែលប្រកបទៅដោយការគោរពអធិបតេយ្យភាព បូរណភាពទឹកដី និងព្រំដែនទទួលស្គាល់ជាអន្តរជាតិរបស់អ៊ុយក្រែន។
គួររំឭកផងដែរថា មកទល់ពេលនេះ សង្រ្គាមឈ្លានពានអ៊ុយក្រែនរបស់រុស្ស៊ី បានអូសបន្លាយអស់រយៈពេលជិតប្រាំបីខែហើយ ប៉ុន្តែគ្មានសញ្ញាណាមួយ ដែលបញ្ជាក់ថានឹងបញ្ចប់នាពេលឆាប់ៗនេះទេ ជាពិសេសនៅពេលរុស្ស៊ី ធ្វើការបង្កើនភាពតានតឹងដោយកាត់ទឹកដីទាំង៤តំបន់របស់អ៊ុយក្រែន កេណ្ឌទ័ព បីសែននាក់បន្ថែមដើម្បីយកទៅច្បាំង និងគំរាមកំហែងប្រើប្រាស់អាវុធនុយក្លេអ៊ែរជាដើម។
អ៊ុយក្រែន ដែលទទួលបានការគាំទ្រពីបស្ចិមលោក បានអះអាងថា ខ្លួននឹងមិនចរចាជាមួយរុស្ស៊ីទេ ដរាបណាមេដឹកនាំលោក វ៉្លាឌីមៀរ ពូទីន បញ្ជាឱ្យដកទ័ពរបស់ខ្លួន ចេញពីទឹកដីអ៊ុយក្រែនទាំងអស់។ រុស្ស៊ី ដែលអះអាងថាខ្លួនចង់ចរចានោះ បានបង្កើនការបាញ់គ្រាប់មីស៊ីលគ្រូសរបស់ខ្លួនទៅកាន់ទីក្រុងនានារបស់អ៊ុយក្រែន ដោយសម្លាប់ជនស៊ីវិលជាច្រើននាក់នៅប៉ុន្មានថ្ងៃចុងក្រោយនេះ។
កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ រុស្ស៊ីបានបើកការវាយប្រហារដោយមីស៊ីលទ្រង់ទ្រាយធំទូទាំងប្រទេសអ៊ុយក្រែន ដោយលោក ពូទីន អះអាងថា ជាការឆ្លើយតបនឹងអ៊ុយក្រែន ដែលធ្វើសកម្មភាពភេរវកម្មបំផ្ទុះស្ពានឆ្លងពីរុស្ស៊ីទៅគ្រីមៀរបស់ខ្លួន។ ការវាយប្រហារនេះ បានធ្វើឱ្យខូចហេដ្ឋរចនាសម្ព័ន្ធស៊ីវិលជាច្រើនរបស់អ៊ុយក្រែន និងរងការថ្កោលទោសយ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ ដែលជំរុញឱ្យសម្ព័ន្ធមិត្តលោកខាងលិចពន្លឿនការផ្ដល់ប្រព័ន្ធការពារអាកាសទំនើបដល់ក្រុងកៀវ៕
ដោយ៖ហួន ឌីណា
ប្រភព៖1. UN condemns Russia’s move to annex parts of Ukraine
2. UN demands Russia reverse ‘illegal’ annexations in Ukraine
3.UN General Assembly condemns Russia ‘illegal annexation’ of Ukraine land