ក្រុមហ៊ុនជប៉ុន សូនី និង ហុងដា សហការគ្នាផលិតរថយន្តអគ្គិសនីលក់អនឡាញនា ឆ្នាំ២០២៦
ជប៉ុន៖ ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា ដែលបង្កើតឡើងដោយក្រុមហ៊ុន សូនី(Sony) និងក្រុមហ៊ុន ហុងដា(Honda Motor) មានបំណងផលិតរថយន្តអគ្គិសនីដំបូងរបស់ខ្លួននៅឆ្នាំ២០២៦ ហើយគ្រោងនឹងដាក់លក់តាមអនឡាញ ដោយចាប់ផ្តើមនៅសហរដ្ឋអាមេរិក និងជប៉ុន។
រថយន្តអគ្គិសនីថ្មីនឹងមានតម្លៃថ្លៃ ជាប្រភេទរថយន្តប្រណិត។ ក្រុមហ៊ុនបាននិយាយថារថយន្តនេះនឹងផ្តល់ជូននូវប្រព័ន្ធដំណើរការថ្មី ដែលបង្កើតឡើងដោយក្រុមហ៊ុន Sony ហើយអាចនឹងបើកផ្លូវសម្រាប់ក្រុមហ៊ុនរកប្រាក់ចំណូលឡើងវិញលើសេវាកម្សាន្ត និងសេវាកម្មផ្សេងទៀត ដែលត្រូវទូទាត់ដោយអ្នកប្រើជាប្រចាំខែ។ នេះគឺជាការវិវឌ្ឍថ្មីមួយទៀត បន្ទាប់ពីក្រុមហ៊ុនទាំងពីរប្រកាសវិនិយោគរួមគ្នា កាលពីខែមិថុនាក្រោមឈ្មោះថា Sony Honda Mobility ។
ព័ត៌មានលម្អិតសំខាន់ៗដូចជាតម្លៃ កម្រិតថ្ម និងបច្ចេកវិទ្យាសម្រាប់ដំណើរការយានជំនិះថ្មីនេះ មិនត្រូវបានបញ្ជាក់ឱ្យដឹងទេ ប៉ុន្តែតំណាងរបស់ក្រុមហ៊ុនថ្មីនេះ បានរៀបរាប់លម្អិតអំពីចក្ខុវិស័យសម្រាប់រថយន្តដែលនឹងដំណើរការស្ទើរតែដូច smartphone ។ ក្រុមហ៊ុន Sony នឹងផ្តល់ប្រព័ន្ធកម្មវិធីសម្រាប់រថយន្តថ្មីនេះ ដោយរាប់ចាប់ពីឧបករណ៍បញ្ជានៅលើយន្ត រហូតដល់សេវាកម្សាន្ត រួមនឹងប្រព័ន្ធនៃការទូទាត់ប្រាក់ផង។
វាក៏នឹងបំពាក់មកជាមួយ sensors និងបច្ចេកវិទ្យាផ្សេងទៀត ដើម្បីឱ្យរថយន្តអាចបើកបរដោយស្វ័យប្រវត្តិ ក្នុងកម្រិត៣(Level 3)។ ចំពោះមុខងារបើកបរដោយស្វ័យប្រវត្តិ Level 3 នឹងអនុញ្ញាតឱ្យអ្នកបើកបរអាចប្រើប្រាស់ឧបករណ៍កម្សាន្ត ដែលមាននៅក្នុងរថយន្តនេះ។
នៅក្នុងប្រព័ន្ធបើកបរស្វ័យប្រវត្តិកម្រិត៣ វាត្រូវបានគេស្គាល់ថាជាដំណើរការបើកបរដោយស្វ័យប្រវត្តិមានកម្រិត ដែលអនុញ្ញាតឲ្យអ្នកបើកបរអាចជិះដោយមិនមើលផ្លូវ ឬកាន់ចង្កូតរថយន្តនៅពេលបើកបរលើផ្លូវល្បឿនលឿន ប៉ុន្តែត្រូវត្រៀមខ្លួនដើម្បីគ្រប់គ្រងសម្រាប់បញ្ហាបន្ទាន់។
ក្រុមហ៊ុនផលិតរថយន្តធំៗដូចជា Tesla, General Motors, Ford Motor Co និង Mercedes Benz ជាដើមសុទ្ធតែបានបំពាក់មកជាមួយនូវបច្ចេកវិទ្យា ដែលអនុញ្ញាតឱ្យអ្នកបើកបរអាចដកដៃចេញពីចង្កូតរថយន្តក្នុងពេលបើករបាន។
លោក Izumi Kawanishi ប្រធានក្រុមហ៊ុនរថយន្តអគ្គិសនីថ្មី និងជានាយកប្រតិបត្តិប្រចាំក្រុមហ៊ុន Sony បានថ្លែងថា៖ «បច្ចេកវិទ្យាសម្រាប់ជំនួយឲ្យការបើកបរប្រកបដោយសុវត្ថិភាពនឹងបន្តវិវឌ្ឍទៅមុខ ហើយការផ្តោតអារម្មណ៍ចំពោះការបើករថយន្តនឹងត្រូវកាត់បន្ថយ ដូច្នេះយើងគួរតែពិចារណាពីវិធីថ្មីៗ ដើម្បីរីករាយ និងចំណាយពេលនៅក្នុងកាប៊ីនឡាន»។
ក្រុម Sony Honda Mobility ជឿងជាក់ថាឆ្នាំ២០២៥ នឹងក្លាយជាឆ្នាំដ៏សំខាន់ក្នុងការផ្លាស់ប្តូរឆ្ពោះទៅរករថយន្តអគ្គិសនី(EVs) នៅក្នុងទីផ្សារសហរដ្ឋអាមេរិក។ ក្រុមហ៊ុននេះបន្តថា រថយន្តប្រភេទ EVថ្មីនឹងដាក់លក់នៅទីផ្សារជប៉ុននៅឆមាសទីពីរនៃឆ្នាំ២០២៦ ហើយសម្រាប់ការបញ្ជាទិញនឹងចាប់ផ្តើមនៅឆ្នាំ២០២៥៕ ដោយ៖ យ៉ាន អាន/ CPA