យុទ្ធសាស្ត្រសន្តិសុខជាតិថ្មី៖ លោក ចូ បៃដិន ផ្តោតលើប្រកួតយកឈ្នះចិន និងរាំងខ្ទប់រុស្ស៊ី ខណៈត្រូវពង្រឹងលទ្ធិប្រជាធិបតេយ្យផ្ទៃក្នុង
អាមេរិក៖ ជាទូទៅសហរដ្ឋអាមេរិកតម្រូវឱ្យប្រធានាធិបតីគ្រប់រូបរៀងរាល់មួយអាណត្តិម្ដង ត្រូវដាក់ចេញនូវឯកសារមួយដែលមានឈ្មោះថា “យុទ្ធសាស្ត្រសន្តិសុខជាតិ” (National Security Strategy) ឬហៅកាត់ថា NSS។ យុទ្ធសាស្ត្រសន្តិសុខជាតិនេះនឹងត្រូវបញ្ជូនពីប្រធានាធិបតីទៅកាន់សភា ដើម្បីធ្វើការបង្ហាញពីចក្ខុវិស័យសន្តិសុខជាតិរបស់ស្ថាប័នប្រតិបត្តិ ទៅកាន់ស្ថាប័ននីតិប្បញ្ញត្តិក្នុងសភាអាមេរិក។
ក្រោមរដ្ឋការរបស់លោក ចូ បៃដិន ប្រធានាធិតីរូបនេះបានគ្រោងនឹងចេញតាំងតែពីដើមឆ្នាំ២០២២ មកម៉្លេះ ប៉ុន្តែត្រូវបានអាក់ខានដោយសារតែកាលនោះជម្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែនកាន់តែមានភាពតានតឹងខ្លាំង និងបានឈានដល់ការឈ្លានពានពីសំណាក់ភាគីរុស្ស៊ីទៅលើទឹកដីអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។
ទីបំផុតនៅថ្ងៃពុធ ទី១២ខែតុលា ម្សិលមិញ យុទ្ធសាស្ត្រសន្តិសុខជាតិរបស់លោកប្រធានាធិតី បៃដិន ត្រូវបានប្រកាសចេញជាផ្លូវការដែលធ្វើឱ្យអ្នកវិភាគភូមិសាស្ត្រនយោបាយមានការចាប់អារម្មណ៍និងបាននាំគ្នាវិភាគអំពីទិសដៅគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកក្រោមរដ្ឋការរបស់លោក ចូ បៃដិន ដោយផ្អែកទៅលើអ្វីដែលលោកបានសរសេរនៅក្នុងយុទ្ធសាស្ត្រនោះ។
យោងតាមការចុះផ្សាយរបស់ The New York Times កាលពីថ្ងៃទី១២ ខែតុលាបានឱ្យដឹងថា លោក ចូ បៃដិន បានប្រកាសថា បញ្ហាប្រឈមរបស់សហរដ្ឋអាមេរិកនៅប៉ុន្មានឆ្នាំខាងមុខនេះគឺការ “ប្រកួតយកឈ្នះប្រទេសចិន និងរាំងខ្ទប់រុស្ស៊ី” ទន្ទឹមគ្នានេះ ក៏ត្រូវផ្ដោតលើការស្ដារលទ្ធិប្រជាធិបតេយ្យដែលបាននឹងកំពុងបន្តធ្លាក់ចុះនៅក្នុងសហរដ្ឋអាមេរិកផ្ទាល់។
នៅក្នុងសៀវភៅយុទ្ធសាស្ត្រសន្តិសុខជាតិកម្រាស់ ៤៨ ទំព័រនេះ លោក បៃដិន បានលើកឡើងយ៉ាងច្បាស់ថា ប៉ុន្មានឆ្នាំមកនេះ លោកមានការព្រួយបារម្ភថាប្រទេសចិនបានវិវត្តសំដៅទៅរក “អភិបាលកិច្ចបែបផ្ដាច់ការ និងមានគោលនយោបាយការបរទេសបែបកែប្រែនិយម (Revisionism)”។ សម្រាប់រុស្ស៊ីវិញ ជាងប្រាំមួយខែមកហើយ បន្ទាប់ពីការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន ហើយលោកសង្កេតឃើញថា យោធារបស់រុស្ស៊ីហាក់បីដូចជាមិនគួរឱ្យខ្លាចរអា ដូចទៅនឹងកាលពីលោកកំពុងនៅព្រាងឯកសារនៅក្នុងសេតវិមានកាលពីខែធ្នូ ឆ្នាំ២០២១នោះទេ។
លោកក៏បានសរសេរថា ប្រទេសរុស្ស៊ី និងសាធារណៈរដ្ឋប្រជាមានិតចិន បង្កជាបញ្ហាប្រឈមខុសៗគ្នា។ រុស្ស៊ីបាននឹងកំពុងបង្កការគំរាមកំហែងទៅលើប្រព័ន្ធអន្តរជាតិបើកចំហនិងសេរី ដោយបានរំលោភមូលដ្ឋានច្បាប់អន្តរជាតិ និងសណ្ដាប់ធ្នាប់ពិភពលោក តាមយៈការឈ្លានពានទឹកដីអ៊ុយក្រែនយ៉ាងគឃ្លើននិងព្រៃផ្សៃបំផុត។ ប្រធានាធិបតីរូបនេះបានសរសេរបន្តថា ចិនគឺជាប្រទេសតែមួយគត់ដែលមានចេតនាផ្លាស់ប្ដូរសណ្ដាប់ធ្នាប់ពិភពលោក តាមរយៈការប្រឹងប្រែងពង្រីក និងពង្រឹងនូវឥទ្ធិពលរបស់ខ្លួនគ្រប់វិស័យទាំងអស់ រួមមាន វិស័យសេដ្ឋកិច្ច ការទូត យោធា និងបច្ចេកវិទ្យា។
អ្នកវិភាគបានយល់ឃើញថា យុទ្ធសាស្ត្ររបស់លោក ចូ បៃដិន គឺការចង់លុបបំបាត់ភាពខុសគ្នារវាងគោលនយោបាយជាតិ និងគោលនយោបាយការបរទេសរបស់ខ្លួន ដើម្បីឱ្យពិភពលោកមើលឃើញអាមេរិកក្នុងរូបភាពដែលកំពុងចាត់ទុកបញ្ហាអន្តរជាតិសំខាន់ដូចទៅនឹងបញ្ហាក្នុងស្រុក។ ឯកសារនៃយុទ្ធសាស្ត្រនេះបានបញ្ជាក់ថា កម្លាំងរបស់សហរដ្ឋអាមេរិកនឹងបានមកពីការរួបរួមសាមគ្គីគ្នានៃវប្បធម៌ប្រជាធិបតេយ្យរបស់ពលរដ្ឋអាមេរិកផ្ទាល់។
ខណៈដែលចិនកំពុងរះឡើង និងមានឥទ្ធិពលខ្លាំងក្នុងវិស័យពាណិជ្ជកម្ម ការឃ្លាំមើលសកម្មភាពសាធារណៈជន និងឥទ្ធិពលទៅលើប្រទេសផ្សេងៗទៀតក្នុងតំបន់ និងសកល ប្រទេសរុស្ស៊ីឯណោះវិញ ក៏កំពុងខ្នះខ្នែងចង់ពង្រីកព្រំដែនរបស់ខ្លួន។ បញ្ហាប្រឈមទាំងអស់នេះ បានធ្វើឱ្យសម្ព័ន្ធមិត្តរបស់អាមេរិក និងគូបដិបក្ខរបស់អាមេរិករង់ចាំមើលថាតើទិសដៅនៃយុទ្ធសាស្ត្ររបស់លោក ចូ បៃដិន ក្នុងការងើបឈរប្រឆាំងនិងមហាអំណាចទាំងពីរខាងលើដោយរបៀបណា?។
ទោះជាយ៉ាងណា លោកប្រធានាធិបតីហាក់មានជំហរមិនច្បាស់លាស់ចំពោះមុខអ្នកគាំទ្រខ្លួន និងក្រុមការងារក្នុងគណបក្សប្រជាធិបតី។ ជាក់ស្ដែង លោកបានប្រកាសពីមហិច្ឆតាធ្វើទំនើបកម្មវិស័យយោធា ប៉ុន្តែមានមតិរិះគន់ថា កញ្ចប់ថវិការបស់លោកដែលបានបែងចែកទៅអភិវឌ្ឍវិស័យមួយនេះ មិនឆ្លុះបញ្ចាំងពីមហិច្ឆតាទំនើបកម្មយោធារបស់លោកនោះទេ។ មិនត្រឹមតែប៉ុណ្ណោះ លោកហាក់បីដូចជាមានគំនិតអវិជ្ជមានចំពោះសកលភាវូបនីយកម្ម ដោយលោកបានពន្យល់យ៉ាងក្បោះក្បាយថា ជំងឺរាតត្បាត និងព័ត៌មានក្លែងក្លាយ បានជះឥទ្ធិពលអាក្រក់ដល់សង្វាក់ផលិតកម្មពិភពលោកយ៉ាងធ្ងន់ធ្ងរ។
គួររម្លឹកផងដែរថា ការចេញផ្សាយឯកសារយុទ្ធសាស្ត្រសន្តិសុខជាតិអាមេរិកនេះ ជាការបង្ហាញនូវការប្រារព្ធនូវចំណងមិត្តភាពយ៉ាងស្អិតរមួត រវាងសម្ព័ន្ធមិត្តអង្គការណាតូ ហើយក៏ជាការព្រមានដល់ទីក្រុងមូស្គូ និងឆ្លុះបញ្ចាំងអំពីគោលនយោបាយរាំងខ្ទប់របស់សហរដ្ឋអាមេរិកក្នុងយុគសម័យថ្មីនេះ។
គួរដឹងដែរថា ប្រយោគដែលបានសរសេរនៅក្នុងយុទ្ធសាស្ត្រនេះ ធ្លាប់ត្រូវបានសហរដ្ឋអាមេរិកប្រើប្រាស់ក្នុងអំឡុងពេលសង្គ្រាមត្រជាក់ដើម្បីទប់ស្កាត់ឥទ្ធិពលរបស់សហភាពសូវៀត៕ ដោយ៖ធា សុខណា