នៅរសៀលថ្ងៃនេះ ឯកឧត្តម ឌិត ទីណា នឹងត្រូវប្រកាសចូលកាន់តំណែងជារដ្ឋមន្ត្រី ក្រសួងកសិកម្មជាផ្លូវការ

អត្ថបទដោយ៖
ជា សេឌី

(ភ្នំពេញ)៖ តាមការគ្រោងទុកពិធីប្រកាសចូលកាន់តំណែង ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្ត្រីថ្មី នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងត្រូវរៀបចំឡើងនៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២នេះ។

ពិធីនេះប្រកាសចូលកាន់តំណែងនេះ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពអគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធ មុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

សូមជម្រាបថា ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងមុខតំណែង ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំងឯកឧត្តមឌិត ទីណា ជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមសំណើសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

រដ្ឋសភាកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ បានបោះឆ្នោតគាំទ្រជាឯកច្ឆ័នលើបេក្ខភាពឯកឧត្តម ឌិត ទីណា ឱ្យធ្វើជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គរដ្ឋសភា ដែលធ្វើឡើងក្រោមអធិបតីភាព សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមានការចូលរួមពីសម្តេចតេជោ ហ៊ុន សែន និងសមាជិករដ្ឋសភាសរុប១១១រូប៕សេឌី+លីដា

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner