អង្គការមិនមែនរដ្ឋាភិបាល ៖ អឺរ៉ុបត្រូវតែមានគោនយោបាយគាំទ្ររថយន្ដអគ្គិសនីដើម្បីប្រកួតជាមួយចិន
អឺរ៉ុប៖សហភាពអឺរ៉ុបត្រូវលើកទឹកចិត្តផ្នែកច្បាប់បន្ថែមទៀតសម្រាប់ក្រុមហ៊ុនផលិតរថយន្តរបស់ខ្លួនក្នុង ការបង្កើនការផលិតរថយន្តអគ្គិសនីពេញលេញ(EV)។ នេះបើយោងតាមការសិក្សាមួយចេញផ្សាយដោយអង្គការបរិស្ថាន Transport & Environment ដោយបញ្ជាក់បន្ថែមថា សហភាពអឺរ៉ុបអាចប្រឈមនឹងហានិភ័យបាត់បង់ចំណែកទីផ្សារទៅគូប្រជែងរបស់ខ្លួនគឺចិន។
នៅក្នុងរបាយការណ៍ក្រោមចំណងជើងថា ‘តើការផ្លាស់ប្តូរក្នុងវិស័យរថយន្តអគ្គិសនីត្រូវជាប់គាំងទេ?‘ ដែលចេញផ្សាយនៅថ្ងៃច័ន្ទ ទី១៧ ខែតុលា T&E បាននិយាយថា កំណើននៃការលក់រថយន្ត EV នៅក្នុងតំបន់អឺរ៉ុបធ្លាក់ចុះ ពោលគឺរថយន្តអគ្គិសនីមានចំណែកត្រឹមតែ ១១ភាគរយនៃការលក់នៅក្នុងឆមាសទី១នៃឆ្នាំ២០២២នេះ។ ផ្ទុយពីទិន្នន័យ ដែលបង្ហាញពីនិន្នាការនៃការលក់រថយន្តអគ្គិសនី ដែលថាវាអាចឈានដល់ ១៣ភាគរយ។
ក្នុងពេលជាមួយគ្នានេះ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិន ដែលរួមមានក្រុមហ៊ុន BYD និងក្រុមហ៊ុន Great Wall Motor កំពុងសម្លឹងរកមើលចំណែកទីផ្សារបន្ថែម ដើម្បីឈរជើងនៅសហភាពអឺរ៉ុប ខណៈពេលថ្មីៗនេះ ក្រុមហ៊ុនរថយន្តអគ្គិសនីរបស់ចិនបានទទួលចំណាត់ថ្នាក់សុវត្ថិភាពកាន់តែខ្ពស់។
ក្រុមអ្នកបរិស្ថាន T&E បានប៉ាន់ស្មានថា រថយន្តដើរដោយថាមពលអគ្គិសនីរបស់ក្រុមហ៊ុនចិនមានចំណែកប្រមាណ ៥ភាគរយនៃប្រភេទរថយន្តអគ្គិសនីទាំងអស់ដែលបានលក់នៅក្នុងទីផ្សារអឺរ៉ុបសម្រាប់ឆមាសទី១ឆ្នាំ២០២២។ តួលេខនេះ អាចនឹងកើនឡើងដល់ ១៨ភាគរយសម្រាប់ឆ្នាំ២០២៥។
បច្ចុប្បន្ន សហភាពអឺរ៉ុបកំពុងពិភាក្សាលើសំណើគោលនយោបាយថ្មីមួយស្តីពីការប្រែប្រួលអាកាសធាតុ ដែលចំណុចនៅក្នុងសំណើនោះក៏មានលើកឡើង ពីការហាមឃាត់ការលក់រថយន្ត ដែលប្រើប្រេងឥន្ធនៈ ចាប់ពីឆ្នាំ២០៣៥ទៅ។
ក្រុមអ្នកបរិស្ថាន T&Eបានបញ្ជាក់បន្ថែមថា ដើម្បីជំរុញការផលិតរថយន្តអគ្គិសនី សហភាពអឺរ៉ុបគួរតែប្រកាន់ខ្ជាប់នូវគោលការណ៍ហាមឃាត់ ឬប្រឆាំងការប្រើឥន្ធនៈសំយោគនៅក្នុងរថយន្ត និងត្រូវប្រើប្រាស់មូលនិធិរបស់សហភាពអឺរ៉ុប និងគោលនយោបាយជាតិ ដើម្បីពន្លឿនការបង្កើនទំហំផលិតកម្ម EV។ របាយការណ៍ដដែលបញ្ជាក់ថា បរាជ័យរបស់សហភាពអឺរ៉ុបក្នុងការបង្កើនចំណែកទីផ្សារ និងការផ្គត់ផ្គង់អាចនឹងធ្វើឲ្យរថយន្ត ដែលផលិតដោយគូប្រជែងចាប់យកចំណែកទីផ្សារបានកាន់តែធំជាងមុន នៅអឺរ៉ុប។ “ប្រសិនបើសហភាពអឺរ៉ុបមិនអាចគ្រប់គ្រងទីផ្សាររបស់ខ្លួនប្រកបដោយប្រសិទ្ធភាពទេ នោះវាគ្រោះថ្នាក់ដែលអឺរ៉ុបនឹងប្រឈមចំពោះការបាត់បង់អធិបតេយ្យភាពសេដ្ឋកិច្ចរបស់ខ្លួននៅក្នុងឧស្សាហកម្មរថយន្ត“៕ ដោយ CPA/YAN AN