បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់នៅស្រុកក្រឡាញ់ និងស្រុកស្រីស្នំចំនួន ៣,៤៥៤គ្រួសារ បានទទួលអំណោយពីរាជរដ្ឋាភិបាល
សៀមរាប៖ នៅព្រឹកថ្ងៃ១៧ ខែតុលា ឆ្នាំ២០២២នេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប ព្រមទាំងមន្ត្រីរាជាការពាក់ព័ន្ធជុំវិញខេត្ត បានអញ្ជើញក្នុងពិធីសំណេះសំណាលនិងសួរសុខទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋមកពីទូទាំង ១០ឃុំ ក្នុងស្រុកក្រឡាញ់ ស្មើនិងចំនួន ១,០០០គ្រួសារ ក្នុងស្រុកក្រឡាញ់ដែលរងគ្រោះទឹកជំនន់កន្លងមក និងបងប្អូនប្រជាពលរដ្ឋមកពីឃុំទាំង៦ ក្នុងស្រុកស្រីស្នំ ដែលមានប្រជាពលរដ្ឋចំនួន ១,៤៥៤គ្រួសារ ពួកគាត់បានទទួលយកពូជស្រូវសម្រាប់ធ្វើស្ដារឡើងវិញ និងបងប្អូនប្រជាពលរដ្ឋក្នុងឃុំត្រាំសសរ ចំនួន ១,០០០នាក់ទៀត បានទទួលស្បៀងអាហារផងដែរ។
ជាមួយនឹងផលប៉ះពាល់នេះដែរ ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប បានសម្តែងការសោកស្តាយ និងចាត់ទុកថានេះជាគ្រោះមហន្តរាយដោយធម្មជាតិ ដែលធ្វើអោយមានការខាតបង់ទ្រព្យសម្បត្តិខូចខាតនូវផលដំណាំ ផ្ទះសម្បែង ព្រមទាំងមានផលប៉ះពាល់ដល់សុខភាព អនាម័យបរិស្ថាននៅក្នុងសហគមន៍ផងដែរ។ សូមបងប្អូនប្រជាពលរដ្ឋត្រូវខិតខំប្រឹងប្រែងប្រកបមុខរបបន្តទៀត ដើម្បីដោះស្រាយជីវភាពរស់នៅ ជាពិសេសយកចិត្តទុកដាក់លើអនាម័យ ចំណីអាហារ និងប្រុងប្រយ័ត្នចំពោះជំងឺឆ្លងផ្សេងៗផងដែរ។
ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានណែនាំដល់អាជ្ញាធរមូលដ្ឋានត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ ដើម្បីជួយដោះស្រាយរាល់ទុក្ខធុរៈ និងបញ្ហានានាជូនបងប្អូនប្រជាពលរដ្ឋឲ្យបានល្អ ដែលកន្លែលមកពួកគាត់បានជឿជាក់លើរាជរដ្ឋាភិបាល។
ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បាននាំយកនូវសេចក្តីនឹករឭក និងការសាកសួរសុខទុក្ខពីសម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមានវត្តមាននៅទីនេះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត លោកតែងតែយកចិត្តទុកដាក់ និងនឹករលឹកជានិច្ចចំពោះបងប្អូនគ្រប់រូប គ្រប់ពេលវេលា បើទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។
ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ក៏បានរំលេចផងដែរ អំពីគុណតម្លៃនៃសុខសន្តិភាព ដែលកំពុងគ្របដណ្តប់លើដែនដីកម្ពុជានាពេលបច្ចុប្បន្ន អ្វីៗដែលបងប្អូនទទួលបានដូចសព្វថ្ងៃនេះ គឺដោយសារកម្ពុជា មានសន្តិភាព ហេតុនេះត្រូវរួមគ្នាថែរក្សាចំពោះសុខសន្តិភាព និងត្រូវដឹងគុណចំពោះសម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិកនៃសុខសន្តិភាព។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋរងគ្រោះទឹកជំនន់សរុបចំនួន ១,០០០គ្រួសារ ដែលមកពីឃុំទាំង១០ នៃស្រុកក្រឡាញ់ ដែលត្រូវទទួលស្បៀងសង្គ្រោះបន្ទាន់របស់រាជរដ្ឋាភិបាលក្នុង ១គ្រួសារ អង្ករ ២៤គ.ក មីថៃ ១កែស ទឹកត្រី ១យួរ ទឹកស៊ីអីវ ១យួរ ត្រីខ ១យួរ និងទឹកសុទ្ធវីតាល់ ១កែស។ នៅក្នុងកម្មវិធីនេះដែរ ក៏មានការចែកស្រូវពូជចំនួន ៥០គ្រួសារ មកពីឃុំកំពង់ថ្កូវ សម្រាប់ពួកគាត់យកទៅដាំស្រូវស្តារឡើងវិញក្នុងអំឡុងពេលទឹកកំពុងស្រកជាបណ្តើរៗ និងចប់ពីកម្មវិធីនេះក៏មានចែកស្រូវពូជដល់ប្រជាពលរដ្ឋក្នុងឃុំតាអានចំនួន ១០១គ្រួសារ និងឃុំក្រឡាញ់ចំនួន ២៣២គ្រួសារ ហើយយើងនិងបន្តចែកចំនួន ០៤ឃុំបន្តទៀតនូវស្រូវពូជបានដឹកមកដល់។
រីឯបងប្អូនប្រជាពលរដ្ឋរងគ្រោះនៅស្រុកស្រីស្នំចំនួនសរុប ៥,៥៣៦ គ្រួសារ ក្នុងនោះទទួលបានស្បៀងសរុបចំនួន ២,៦៦០គ្រួសារ។ ស្បៀងដែលទទួលបានចំនួន ២,៦៦០គ្រួសារនេះ គឺសម្រាប់ចែកជូនគ្រួសារក្រីក្រ ដាច់ស្បៀង ក្នុងអំឡុងពេលគ្រោះទឹកជំនន់នេះ។ នៅសល់ ២,៨៧៦គ្រួសារ ពួកគាត់បានទទួលយកពូជស្រូវសម្រាប់ស្ដារឡើងវិញ ចំនួន ១,៤៥៤ គ្រួសារ ។ ហើយបន្តចែកស្បៀង ជូនប្រជាពលរដ្ឋក្នុងឃុំត្រាំសសរ ចំនួន ១,០០០គ្រួសារផងដែរ ៕ ដោយ ស៊ាន សុផាត


