កម្ពុជា សង្គ្រោះជនរងគ្រោះជាង ៧០នាក់ ចេញពីកាស៊ីណូអូរស្មាច់ ខេត្ដឧត្ដរមានជ័យ សង្ស័យធ្វើការជួញដូរពីប្រទេសក្រៅ
សៀមរាប៖ មន្ដ្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានឱ្យដឹងថា កម្ពុជាបានធ្វើប្រតិបត្ដិការណ៍ជួយសង្គ្រោះជនបរទេសចំ.រុះជាតិសាសន៍ចំនួន៧៥នាក់ ចេញពីអូរស្មាច់ខេត្ដឧត្ដរមានជ័យ ដែលគេសង្ស័យថា ពួកគាត់ត្រូវបានធ្វើការជួញដូរមកពីក្រៅប្រទេស តាមការអូសទាញពីមេខ្សល់ និងទំនាក់ទំនងគ្នាតាមអនឡាញ ក្រោមរូបភាពតម្លៃការងារខ្ពស់នៅកម្ពុជា។
លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ដ្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើរជួញដូរមនុស្ស មានប្រសាស៍កាលពីល្ងាចថ្ងៃទី១៦ខែតុលានេះថា ពួកគាត់ត្រូវបានបត្ដិបត្ដិការណ៍រកឃើញនៅអូរស្មាច់កាលពីថ្ងៃទី១៥ខែតុលាឆ្នាំ២០២២ ដែលជនរងគ្រោះ ត្រូវបានគេសង្ស័យ ចាញ់បោកមេខ្សល់ ឬតាមអនឡាន ពីបណ្ដាប្រទេសវៀតណាម ប្រទេសចិន ឥណ្ឌ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ទៅធ្វើការងារនៅកាសស៊ីណូអូរស្មាច់ប្រទេសកម្ពុជា។
លោកជំទាវបានបន្ដថា ជនរងគ្រោះទាំងអស់ ត្រូវបានដឹកទៅឱ្យស្នាក់នៅបណ្ដោះអាសន្ននៅខេត្ដសៀមរាប ដើម្បីអនុវត្ដនិតិវិធី និងអ្នកជំនាញស៊ើបអង្កេតរកជនល្មើសដែលបាននាំជនរងគ្រោះពីក្រៅប្រទេសទៅធ្វើការជួញដូរនៅកម្ពុជា។លោកជំទាវបានបន្ដថា ប្រតិបត្ដិការណ៍នេះ ជនរងគ្រោះបានដាក់បណ្ដឹងនៅតាមផេកសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ទើបសមត្ថកិច្ចធ្វើប្រតិបត្ដិការរកឃើញជនរងគ្រោះចំនួន៧៥នាក់ នៅអូរស្មាច់។លោកជំទាវ បានបន្ថែមថា កម្ពុជាមិនមែនជាទីកន្លែងជួញដូរមនុស្សទេ ហើយបើសិនជារកឃើញថា មានការជួញដូរមនុស្សនៅកម្ពុជា កម្ពុជាមិនអត់ឱនឱ្យជាដាច់ខាត។
បើតាមលោកជំទាវ ជូ ប៊ុនអេង បានបញ្ជាក់ថា ជនរងគ្រោះចំនួន៧៥នាក់នោះ រួមមានជនជាតិវៀតណាម៥២នាក់ ឥណ្ឌា៦នាក់ ឥណ្ឌូណេស៊ី៦នាក់ ម៉ាឡេស៊ី៤នាក់ និងជនជាតិចិន៧នាក់ ៕ ដោយ ស៊ាន សុផាត

