ការដាក់ដំណើរការផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នាំឱ្យមានកំណើនទេសចរទៅខេត្តព្រះសីហនុ
ភ្នំពេញ៖ ការដាក់ដំណើរការសាកល្បងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ រយៈពេលជាងកន្លះខែមកនេះនាំឱ្យមានកំណើនទេសចរពីភ្នំពេញទៅកម្សាន្តខេត្តព្រះសីហនុ។ប្រជាពលរដ្ឋបានរាប់ម៉ឺននាក់បានធ្វើដំណើរនៅលេងសមុទ្រកាលពីចុងសប្ដាហ៍កន្លងទៅ។
ខេត្តព្រះសីហនុបានទទួលភ្ញៀវទេសចរយ៉ាងច្រើនកាលពីចុងសប្ដាហ៍ថ្មីៗនេះ។ រដ្ឋបាលខេត្តព្រះសីហនុឱ្យដឹងថា នៅថ្ងៃទី១៥ខែតុលា និងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ ភ្ញៀវទេសចរជាតិ និង អន្តរជាតិទៅលេងកម្សាន្ត នៅខេត្តព្រះសីហនុ នាចុងសប្ដាហ៍ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យនេះ មានចំនួន១២៥.០០០នាក់។
រដ្ឋបាលខេត្តព្រះសីហនុបន្ថែមថា៖ «កំណើនភ្ញៀវទេសចរនេះ ក្រោយមានការដាក់ឱ្យដំណើរការសាកល្បងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ រយៈពេលមួយខែ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែតុលាឆ្នាំ ២០២២ ដោយមិនមានការបង់ប្រាក់ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការការពារសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ បរិស្ថានបានយ៉ាងល្អប្រសើរ ដែលជាការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិចង់មកកំសាន្តក្នុងខេត្តព្រះសីហនុ»។
ក្រសួងសាធារណការ និងដឹកជញ្ជូន ប្រកាសថា តាមកំណត់ត្រាស្ថិតិយានយន្ត និងស្ថានភាពចរាចរណ៍ មានយានយន្តចំនួន ១៩០.៣៤៦គ្រឿង បានធ្វើចរាចរណ៍លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ។ ចំនួននេះរាប់ចាប់ពីថ្ងៃបើកឱ្យដំណើរការសាកល្បង នាថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២វេលាម៉ោង ៧:០០នាទីព្រឹកដល់ ថ្ងៃទី១៥ ខែតុលា ម៉ោង ២៤យប់។
ក្រសួងសាធារណការ និងដឹកជញ្ជូន បន្ថែមថា យានយន្ត បានចេញចូលតាមស្ថានីយទាំង ០៨ទីតាំង ។ ក្នុងនោះក៏មានករណីគ្រោះថ្នាក់ចរាចរណ៍ប្រមាណមាន ០,០០៤ភាគរយបើធៀបនឹងទំហំចរាចរណ៍ដែលបានកត់ត្រានេះ។
ក្រសួងសាធារណការ និងដឹកជញ្ជូន បញ្ជាក់៖«កំឡុងពេល ១៥ថ្ងៃនេះដែរ ថ្ងៃដែលមានលំហូរចរាចរណ៍មមាញឹកបំផុតគឺ ថ្ងៃទី១៥ ខែតុលា ដែលជាថ្ងៃប្រារព្ធព្រះរាជពិធីបុណ្យរំលឹកខួប១០ឆ្នាំ នៃការយាងសោយព្រះទិវង្គត របស់ព្រះបរមរតនកោដ្ឋ ហើយត្រូវនឹងថ្ងៃសៅរ៍ ចុងសប្តាហ៍ផងដែរ។ ក្នុងថ្ងៃនោះ មានយានយន្តសរុបចំនួន ២១.៧៩៨គ្រឿង បានធ្វើដំណើរលើផ្លូវល្បឿនលឿន»។
ក្នុងចំណោមយានយន្តចំនួនជាង ១៩ម៉ឺនគ្រឿង ដែលបានចរាចរក្នុងរយៈពេល១៥ថ្ងៃចុងក្រោយនេះ មានករណីត្រូវការ ការប្រឹក្សាយោបល់ សាកសួរព័ត៌មាន និងស្វែងរកជំនួយសង្គ្រោះ សរុបចំនួន ៥០៦ខ្សែដែលបានធ្វើការទាក់ទងទៅកាន់លេខរបស់ក្រុមសង្គ្រោះ ។ ក្រសួងសាធារណការនិងដឹកជញ្ជូន ប្រកាសឱ្យប្រជាពលរដ្ឋគ្រប់រូប ចូលរួមស្វែងយល់ និងអនុវត្តតាមសេចក្តីណែនាំឱ្យបានម៉ឺងម៉ាត់ចំពោះគ្រប់លក្ខខណ្ឌក្នុងការបើកបរលើផ្លូវល្បឿនលឿន និងគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ដើម្បីការធ្វើដំណើរប្រកបដោយភាពសប្បាយរីករាយ និងសុខសុវត្ថិភាព។
ផ្លូវល្បឿនលឿននឹងត្រូវដាក់ដំណើរការផ្លូវការ(គិតប្រាក់)នៅខែមករាដើមឆ្នាំ២០២៣ខាងមុខ។ ខេត្តព្រះសីហនុក៏ទទួលធ្វើម្ចាស់ផ្ទះបុណ្យសមុទ្រនៅចុងឆ្នាំទៀតផង៕
ដោយ៖វណ្ណ ស័ក្តិ