ប្រជាពលរដ្ឋងាយរងគ្រោះ និងខ្វះខាតជីវភាព ចំនួន ៥៨គ្រួសារ នៅស្រុកបាធាយ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម
ខេត្តកំពង់ចាម ៖ ដើម្បីជួយសម្រួលការលំបាក របស់ប្រជាពលរដ្ឋ នៅព្រឹកថ្ងៃចន្ទ ៧រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម បានអញ្ជើញចុះជួបសំណេះសំណាល និងនាំយកអំណោយ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនជនងាយរងគ្រោះ និងខ្វះខាតជីវភាព ចំនួន ៥៨គ្រួសារ មកពី ៣ឃុំ គឺ ឃុំទំនប់ ឃុំសណ្តែក និងឃុំត្រប់ ដែលវិធីនេះ បានរៀបចំនៅក្នុងបរិវេណ វត្តសំវរសីល ហៅ វត្តសណ្តែក ក្នុងស្រុកបាធាយ ។
មានប្រសាសន៍ នាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានពាំនាំនូវបណ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់លោកតា លោកយាយ បងប្អូន ទាំងអស់ ដោយក្តីនឹករលឹក និងអាណិតអាសូរជាទីបំផុត ដែលជានិច្ចកាល សម្ដេចតែងតែខ្វល់ខ្វាយគិតគូរ ចំពោះ សុខទុក្ខប្រជាពលរដ្ឋគ្រប់ៗរូប ពិសេសជន រងគ្រោះ និងជនងាយរងគ្រោះបំផុត ដោយមិនរើសអើង ប្រកាន់និន្នាការនយោបាយ ឬសាសនា អ្វីឡើយ ហើយតែងបានចាត់តំណាងរបស់ខ្លួន ឲ្យចុះអន្តរាគមន៍ដោះស្រាយ ផ្តល់ជំនួយសង្រ្គោះ ដើម្បី ជួយសម្រាលទុក្ខលំបាក បានទាន់ពេលវេលា ស្របតាមទិសស្លោក «កាកបាទក្រហម មាននៅគ្រប់ទីកន្លែង សម្រាប់យើងគ្រប់ៗគ្នា ដោយមិនទុកនរណាម្នាក់ចោល» ។
ឯកឧត្តមប្រធានគណ:កម្មាធិការសាខា បានសំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ពិសេស លោកតា លោកយាយចាស់ៗ សូមយកចិត្តទុកដាក់ ក្នុងការថែទាំសុខភាព និងសុវត្ថិភាពផ្ទាល់ខ្លួន ហើយកត្តាសំខាន់នោះ គឺត្រូវប្រកាន់ខ្ជាប់នូវអនាម័យ រស់នៅស្អាត ហូបស្អាត ផឹកស្អាត ពិសារអាហារ ដែលចម្អិនឆ្អិនល្អ និងត្រូវសម្រាន្តក្នុងមុង ហើយសូមជូនពរលោកតា លោកយាយ បងប្អូនទាំងអស់ មានសុខភាពល្អរឹងមាំ អាយុយឺនយូរ បន្តរស់នៅក្រោមម្លប់ នៃសុខសន្តិភាព និងការអភិវឌ្ឍន៍ ។
សូមបញ្ជាក់ដែរថា អំណោយមនុស្សធម៌ កាកបាទក្រហម ដែល ឯកឧត្ដម អ៊ុន ចាន់ដា និងក្រុមការងារ នាំទៅចែកជូន ប្រជាពលរដ្ឋទាំង ៥៨គ្រួសារ ក្នុង ១គ្រួសារៗ ទទួលបាន ៖ អង្ករ ២៥គ.ក្រ ទឹកត្រី ១យួរ មីជាតិ ១កេស ទឹកស៊ីអ៊ីវ ១យួរ ត្រីខ ១០កំប៉ុង សាប៊ូ ៤ដុំ ឃីត ១កញ្ចប់ អាវយឺត ៤ ម៉ាស់ ១០បន្ទះ និងថវិកា ចំនួន ៥ម៉ឺនរៀល ។
ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានអញ្ជើញប្រគេនព្រះចៅអធិការវត្ត សំវរសីល សណ្តែក នូវ អង្ករ ១០០គក្រ មី ៤កេស ត្រីខ ៤យួរ និងបច្ច័យមួយចំនួនផងដែរ ៕ លី ពៅ

